ចិនរកឃើញកូវីដ១៩លើផ្លែឈើនាំចូល

ចិនបើកការត្រួតពិនិត្យបន្ទាន់លើចំណអាហារ និងផ្លែឈើនាំចូលពីថៃ និងវៀតណាមក្រោយរកឃើញមានផ្ទុកកូវីដ១៩


ទីក្រុង និងតំបន់មួយចំនួនរបស់ចិន បានចាប់ផ្តើមត្រួតពិនិត្យជាបន្ទាន់ដើម្បីស្វែងរកមេរោគកូវីដ១៩ លើអាហារ និងផ្លែឈើដែលបានបញ្ជានិងនាំចូលពីប្រទេសតំបន់អាស៊ានមួយចំនួន ដូចជាប្រទេសថៃ និងវៀតណាម បន្ទាប់ពីបានរកឃើញថា ផលិតផលថ្មីៗ ដែលទើបនាំមកពីប្រទេសទាំងនេះ បានតេស្តឃើញវិជ្ជមានកូវីដ១៩។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
កសិករវៀតណាមម្នាក់កំពុងប្រមូលផលដំនាំប្រការនាគ

ដោយឡែក ពលរដ្ឋចិនដែលបានទិញផ្លែឈើទាំងនេះរួចហើយ ត្រូវបានអាជ្ញាធរចិន បញ្ជាដាក់ឱ្យនៅដាច់ដោយឡែកសិន ដើម្បីសុវត្ថិភាព។

មែនទែនទៅ មានភស្តុតាង និងទិន្នន័យតិចតួចប៉ុណ្ណោះ ដែលមនុស្សអាចឆ្លងកូវីដ១៩ពីចំណីអាហារ។ យ៉ាងណាក៏ដោយ ក្រោមគោលនយោបាយដ៏តឹងរ៉ឹងរបស់រដ្ឋអំណាចក្រុងប៉េកាំង បញ្ហានេះមិនអាចឲ្យប៉េកាំងមើលស្រាលបានឡើយ។ ជាក់ស្តែងពេលនេះ មានយ៉ាងហោចណាស់ទីក្រុងចំនួន៩ នៃខេត្តជឺជាំង (Zhejiang) និងខេត្តជាំងស៊ី (Jiangxi) ដែលអាជ្ញាធរកំពុងបង្កើនការយកចិត្តទុកដាក់លើការត្រួតពិនិត្យ ក្រោយគេបានរកឃើញមេរោគកូវីដ១៩នៅផ្លែស្រកានាគ ដែលនាំចូលពីប្រទេសវៀតណាម និងរកឃើញលើផ្លែគូលេន ដែលនាំចូលពីប្រទេសថៃផង។

បើតាមការឲ្យដឹងពីអាជ្ញាធរខេត្តទាំងពីររបស់ចិន ផ្លែឈើទាំងពីរប្រភេទនេះ បាននាំចូលមកដល់ប្រទេសចិន ចាប់តាំងពីខែធ្នូឆ្នាំមុនម្ល៉េះ។ ប្រការនេះបាននាំឱ្យមានការបិទផ្សារទំនើបជាបណ្តោះអាសន្ន និងការត្រួតពិនិត្យកាន់តែតឹងរ៉ឹងនៅទីផ្សារលក់ផ្លែស្រកានាគ ជាពិសេសស្រកានាគពីប្រទេសវៀតណាម។ 

ប្រទេសចិនកំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ១៩ ខណៈដែលប្រទេសផ្សេងទៀត កំពុងដោះស្រាយជាមួយនឹងការកើនឡើងនៃកូវីដ១៩បំប្លែងខ្លួនអូមីក្រុង ដែលមានកម្រិតឆ្លងខ្លាំង ហើយដែលអាចគំរាមកំហែងដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនៅខែក្រោយនេះផងដែរ។

យោងតាមរបាយការណ៍របស់អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ១ពាន់នាក់នៃទីក្រុង សោស៊ីង(Shaoxing) ក្នុងខេត្ត ជឺជាំង (Zhejiang) ដែលមានប៉ះពាល់ជាមួយផ្លែស្រកានាគរបស់វៀតណាមត្រូវបានអាជ្ញាធរបញ្ជាឱ្យនៅដាច់ដោយឡែកពីគេ។ អ្នករស់នៅទីក្រុងផ្សេងទៀត ដែលបានទៅហាងលក់ផ្លែឈើ ដែលសង្ស័យថាលក់ផលិតផលដែលមានមេរោគ ឬបានទិញផ្លែស្រកានាគ ក៏ត្រូវបានគេប្រាប់ឲ្យធ្វើតេស្តរកមេរោគកូវីដ១៩ផងដែរ។

ទោះបីជាយ៉ាងនេះក្តី បើយោងតាមអង្គការសុខភាពពិភពលោក មនុស្សទំនងជាមិនអាចមានភាគរយខ្ពស់ក្នុងការចម្លងកូវីដ១៩ ពីអាហារស្រស់ ឬអាហារវេចខ្ចប់ឡើយ ហើយមកទល់នឹងពេលនេះ ក៏មិនមានភស្តុតាង ឬករណីឆ្លងណាមួយ ដែលចម្លងចេញពីការប៉ះពាល់អាហារដែលមានកូវីដ១៩នោះដែរ។

សូមជម្រាបថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសចិនគឺជាអ្នកនាំចូលផ្លែឈើលំដាប់កំពូលរបស់វៀតណាម។ ក្នុងនោះគ្រាន់តែនៅ៤ខែដំបូងឆ្នាំ២០២១ ជាង៦៥%នៃការនាំចេញផ្លែឈើសរុបរបស់វៀតណាម គឺនាំទៅប្រទេសចិន។ ប្រទេសចិនក៏ជាទីផ្សារលេខ១ សម្រាប់ផ្លែស្រកានាគរបស់វៀតណាមផងដែរ ដែលវាស្មើនឹង៨០%នៃការនាំចេញសរុបរបស់វៀតណាម។ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន និងអូស្ត្រាលីចុះកិច្ចព្រមព្រៀងលើវិស័យការពារជាតិ ប្រឆាំងការកើនឡើងនៃកម្លាំងយោធាចិន

ព័ត៌មាន
ជប៉ុន និងអូស្ត្រាលីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រឆាំងការកើនឡើងនៃកម្លាំងយោធាចិន។ និងរឿងសំខាន់មួយទៀតពាក់ព័ន្ធនឹងជ…

ជប៉ុនស្នើឥណ្ឌូនេស៊ីលុបចោលការហាមឃាត់ការនាំចេញធ្យូងថ្មវិញ

ព័ត៌មាន
ឥណ្ឌូនេស៊ី ជាជម្រុកនៃផលិតកម្មធ្យូងថ្មដ៏សំខាន់មួយសម្រាប់តំបន់អាស៊ី ប៉ុន្តែការប្រកាសផ្អាកការនាំចេញធ្យូងថ្មរបស់ក្រុងហ្សាកាតា សម្រាប់ខែមករា បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ