នាពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ស្ថានភាពបច្ចប្បន្នកម្ពុជាពុំទាន់មានភាពចាំបាច់ក្នុងការអភិវឌ្ឍឱ្យមានផ្លូវដែកល្បឿនលឿននោះទេ ដ្បិតថា វាត្រូវការចំណាយថវិកាច្រើន។ ទន្ទឹមនឹងនេះសម្តេចធិបតីបានចាត់ទុកការធ្វើទំនើបកម្មផ្លូវដែកដែលមានស្រាប់គឺជារឿងចាំបាច់ដែលត្រូវយកចិត្តដាក់ និងខិតខំអភិវឌ្ឍន៍ ពោលគឺត្រូវធ្វើយ៉ាងណាឱ្យផ្លូវដែកទាំងពីរខ្សែររបស់កម្ពុជាដែលមានស្រាប់នេះអាចរត់បានលឿនជាងមុន ដើម្បីធានាដល់កាដឹកជញ្ជូនអ្នកដំណើរ និងទំនិញរបស់កម្ពុជាតាមផ្លូវដែកឱ្យកាន់តែប្រសើរ។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រំពឹងថា តាមរយៈការនាំចូលនូវក្បាលរថភ្លើងពីប្រទេសជប៉ុនដែលអាចរត់ក្នុងល្បឿនរហូតដល់១១០គីឡូម៉ែត្រក្នុងមួយម៉ោង ចំនួន១១គ្រឿងរបស់ក្រុមហ៊ុន Royal Railway Cambodia នាពេលថ្មីនេះ វានឹងអាចជំរុញឱ្យការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរបន្ថែមទៀត។ បើតាម សម្តេចធិបតី បច្ចុប្បន្នការដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែកនៅមានទំហំតិចតួចនៅឡើយ ពោលគឺមានតែប្រមាណ៧%ប៉ុណ្ណោះ នៃទំនិញសរុបដែលដឹកជញ្ជូននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សូមជម្រាបថា ពាក់ព័ន្ធនឹងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវពិនិត្យមើលទៅលើបញ្ហាសុវត្ថិភាពឱ្យបានហ្មត់ចត់ផងដែរ។ ទន្ទឹមនេះ សម្តេច ក៏បានស្នើឱ្យប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងផ្ដល់អាទិភាពឱ្យរថភ្លើងឆ្លងកាត់មុន និងកុំបើកបរប្រញាប់រហូតមិនគោរពរនាំងហាមឃាត់នៅពេលមានរថភ្លើងឆ្លងកាត់៕