
កំពូលមហាសេដ្ឋីបច្ចេកវិទ្យា លោក បៀល ហ្គេត បានវាយតម្លៃថា នៅក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ភាពជឿនលឿននៃបញ្ញាសិប្បនិម្មិត នឹងធ្វើឱ្យមនុស្សជាច្រើនបាត់បង់ការងាររួមទាំងវេជ្ជបណ្ឌិត និង សាស្រ្តាចារ្យជំនាញៗផងដែរ។ អតីតកំពូលអ្នកមានបំផុតរូបនេះបានអះអាងថា នៅ១០ឆ្នាំខាងមុខនេះការងារមួយចំនួនដូចជាការប្រឹក្សាខាងវេជ្ជសាស្រ្ត និងអប់រំមូលដ្ឋានសមញ្ញៗ AI អាចនឹងចូលមកជំនួស ហើយអ្វីដែលពិភពលោកត្រូវការមានតែវេជ្ជបណ្ឌិត និងសាស្រ្តចារ្យឯកទេសមានជំនាញពិតប្រាកដប៉ុណ្ណោះ។
សម្រាប់សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ ភាពរីកចម្រើននៃ AI ជារឿងមួយគួរឱ្យស្ងើចសរសើរ ហើយវាក៏គួរឲ្យភ័យខ្លាចផងដែរ ដោយសារវាមានសន្ទុះរីកចម្រើនលឿនសឹងតែមិនមានព្រំដែនកំណត់។ ហើយភាពជឿនលឿនយ៉ាងឆាប់រហ័សរបស់ AI នេះកំពុងជះឥទ្ធិពលស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតរបស់មនុស្សជាតិ រាប់ចាប់តាំងពីការកំណត់រោគវិនិច្ឆ័យជំងឺ និងចេញវេជ្ជបញ្ជាខាងឱសថព្យាបាលជំងឺ រហូតដល់ការបង្រៀនទ្រឹស្តី។
ជាមួយគ្នានេះ លោក មូស្តាហ្វា ស៊ូឡេមេន (Mustafa Suleyman) នាយកប្រតិបត្តិក្រុមហ៊ុន Microsoft AI បានលើកឡើងថា AI នឹងជួយមនុស្សឱ្យធ្វើការកាន់តែមានប្រសិទ្ធភាព និងជួយជំរុញកំណើនសេដ្ឋកិច្ចដែលនាំទៅរកការងារកាន់តែច្រើន និងកាន់តែប្រសើរ ប៉ុន្តែក្រោយមកមនុស្សនឹងអាចដឹងពីផលប៉ះពាល់ ប្រសិនបើមនុស្សមិនអភិវឌ្ឈន៍ខ្លួនទេនោះ។
អ្វីដែលលើកឡើងខាងលើវាជាការព្រួយបារម្ភ ប៉ុន្តែលោក បៀល ហ្គេត មានសុទិដ្ឋិនិយមថា មនុស្សនៅតែអាចមានភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ហើយលោកបានលើកទឹកចិត្តយុវជនសម័យថ្មីខិតខំអភិវឌ្ឈន៍ខ្លួនឱ្យលើសពីការបន្ស៊ាំខ្លួននឹង AI៕
ដោយៈ សរ សុជាតិ