វិស័យ SME

តើកម្ពុជា អាចចាយពេលប៉ុន្មានឆ្នាំទើបអាចផលិតផលិតផល ឱ្យឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក?


ចលនានៃការគាំទ្រផលិតផលខ្មែរមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលជាង៣ខែមកនេះ ក្រោយពលរដ្ឋក្រោមស្មារតីជាតិនិយមបាននាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ។ តែយ៉ាងណាអ្នកជំនាញសង្កេតឃើញថា ការផ្គត់ផ្គង់ផលិតផលខ្មែរនៅលើទីផ្សារហាក់នៅមានការខ្វះខាតនៅឡើយ ដែលទាមទារឱ្យក្រុមហ៊ុនផលិតក្នុងស្រុក ត្រូវបង្កើនខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីប្រកួតប្រជែង និងចាប់យកឱកាសទីផ្សារក្នុងកាលៈទេសៈនេះ។
វិស័យ SME
ដោយ

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច កត់សម្គាល់ឃើញថា បច្ចុប្បន្នទំនិញ ដែលផលិតដោយផលិតករក្នុងស្រុកបានដាក់លក់យ៉ាងច្រើននៅតាមផ្សារទំនើប និងផ្សារនានាជាច្រើន​។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ទំនិញផលិតក្នុងស្រុកហាក់ដូចជាមិនសម្បូរបែបនៅឡើយនៅតាមផ្សារនានា នៅជនបទ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅតែបន្តប្រើប្រាស់ផលិតផលរបស់បរទេស ជាពិសេសថៃ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីឱ្យផលិតផលខ្មែរអាចជំនួស និងប្រកួតប្រជែងជាមួយផលិតផលបរទេសបាន ទាមទារឱ្យក្រុមហ៊ុនផលិតក្នុងស្រុកបង្កើនខ្សែច្រវាក់ផលិតរបស់ខ្លួនឱ្យបាន២ទៅ៣ដង និងទាមទារឱ្យភាគីពាក់ព័ន្ធបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តាមភូមិ ឃុំ និងស្រុកជាដើម ក៏ដូចជាបណ្ដុះបណ្ដាល និងបង្កើតយុទ្ធនាការប្រើប្រាស់ និងលើកកម្ពស់ផលិតផលក្នុងស្រុក។

​ជាមួយគ្នានេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចាត់ទុកការធ្វើបិទព្រំដែនដោយឯកតោភាគីរបស់ថៃ និងការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ របស់ពលរដ្ឋខ្មែរ វាបានផ្តល់ឱកាសដល់អ្នកផលិតក្នុងស្រុកក្នុងការពង្រីកខ្សែច្រវាក់ផលិតកម្ម និងទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋបានកាន់តែច្រើន។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីឱ្យផលិតផលខ្មែរអាចជំនួសផលិតផលថៃ បាន គឺទាមទារឱ្យផលិតករបង្កើនសមត្ថភាពផលិតពី៥ ទៅ១០ដងបន្ថែមទៀត ទើបអាចប្រកួតប្រជែងបាន។ ហើយដើម្បីជួយផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក លោកឧកញ៉ា តែ តាំងប៉ មានគម្រោងរៀបចំពិព័រណ៍ផលិតផលខ្មែរទូទាំង២៥រាជធានី និងខេត្តតែម្ដង។

​ដោយឡែក លោកជំទាវ កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី បានចាត់ទុកការគាំទ្រពីប្រជាពលរដ្ឋជាចលករមួយដ៏សំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍន៍សិប្បកម្ម និងឧស្សាហកម្មក្នុងស្រុក។ ជាក់ស្ដែងនៅមួយរយៈពេលនេះ ចលនាគាំទ្រផលិតផលខ្មែរបានកើនឡើងយ៉ាងគំហុក ដែលជំរុញឱ្យក្រុមហ៊ុនផលិតនំស្រួយលីលី បង្កើនការផលិតទ្វេដង តែនៅតែមិនអាចផ្គត់ផ្គង់ទាន់តម្រូវការក្នុងស្រុក។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រុមហ៊ុនរូបនេះ ដើម្បីអាចជំនួសផលិតផលថៃបាន ការពង្រីកខ្សែច្រវាក់ផលិតកម្ម គឺចាំបាច់បំផុត ហើយការពង្រីកនេះទំនងជាអាចចំណាយពេលប្រមាណជាង១ឆ្នាំ។

​បើតាមការអះអាងរបស់ម្ចាស់សហគ្រាសមួយចំនួន ការពង្រីកផលិតភាពផលិតរបស់ពួកគេទទួលបានការគាំទ្រ និងជួយសម្របសម្រួលយ៉ាងខ្លាំងពីក្រសួងពាក់ព័ន្ធមួយចំនួន ប៉ុន្តែពួកគេ ក៏បានជួបបញ្ហាមួយចំនួនផងដែរពាក់ព័ន្ធនឹងដើមទុន និងនីតិវិធីច្បាប់ ដែលហាក់នៅមានភាពស្មុគស្មាញ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ធនាគារ មេយប៊ែង ប្រារព្ធទិវាទំនួលខុសត្រូវសង្គមជាសកលលើកទី១៣ ដែលជួយដល់ប្រជាជនជាង២ម៉ឺននាក់ទូទាំងពិភពលោក

និយោជិតធនាគារ មេយប៊ែងជាង១៨០០០នាក់ នៅទូទាំងពិភពលោកបានមករួមគ្នាប្រារព្ធកម្មវិធីលើកទី១៣ នៃទិវាទំនួលខុសត្រូវសង្គមជាសកលរបស់សម្ព័ព្ធធនាគារ…

អ្នកឧកញ៉ា សៀ ឬទ្ធី ចាត់ទុកការធ្វើពហិការមិនប្រើប្រាស់ផលិតថៃ ជាការផ្តល់ឱកាសដល់ផលិតករក្នុងស្រុក

សម្ទុះគាំទ្រផលិតផលក្នុងស្រុកពីសំណាក់ប្រជាពលរដ្ឋខ្មែរមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ក្រោយពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការឈប់ប្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ