បើតាមតួលេខដែលផ្តល់ដោយឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤មានអ្នកដំណើររហូតដល់ជាង៩ពាន់៦រយនាក់បានធ្វើដំណើរចូលមកពីកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងចំណោមអ្នកដំណើរទាំង៨១សញ្ជាតិនេះ អ្នកដំណើរចិនបានឈរលំដាប់កំពូលមានរហូតដល់ជាង៣ពាន់១រយនាក់ ខ្មែរជិត៣ពាន់នាក់, ចិនតៃវ៉ាន់៣៣៤នាក់, ម៉ាឡេស៊ី ៣១៣នាក់, កូរ៉េខាងត្បូង២៨៦នាក់ និងថៃ២៤២នាក់។ អ្នកដំណើរចូលមកកម្ពុជាតាមព្រលានយន្តហោះនេះមានចំនួនច្រើនយ៉ាងដូច្នេះ គឺដោយសារការវិលត្រឡប់របស់អ្នកដំណើរដែលចេញទៅកម្សាន្តក្រៅប្រទេសក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ គួបផ្សំវិស័យទេសចរណ៍កម្ពុជាមានភាពល្អប្រសើរឡើងវិញ ក៏ដូចជាមមានជើងហោះហើរមួយចំនួនត្រូវបានពន្យារពេលមកហោះហើរថ្ងៃនេះ។
ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាកត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្តនៅកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិនានាមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ។ ជាក់ស្តែងគ្រាន់តែរយៈពេល៦ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១-៦ ខែតុលា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរឆ្លងកាត់ជាង១ម៉ឺន៣ពាន់៧រយនាក់ មានការកើនឡើងប្រមាណ២៤%។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះ មិនទាន់អាចវាយតម្លៃបានទេថា វិស័យទេសចរណ៍របស់កម្ពុជានៅក្នុងត្រីមាសទី៤ឆ្នាំ២០២៤ មានភាពប្រសើរឡើងវិញកម្រិតណានោះទេ ដ្បិតថា វិស័យនេះនៅតែទទួលរងសម្ពាធពីបញ្ហាសកលមួយចំនួន ពិសេសបញ្ហាភូមិសាស្រ្តនយោបាយនៅមជ្ឈិមបូព៌ាតែម្តង។
សូមជម្រាបថា តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសប្រមាណជាង ១លាន៥សែននាក់ មានការកើនឡើងជាង២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរប្រមាណជិត ៤០ម៉ឺននាក់ កើនឡើងប្រមាណ៣០%៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ