អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រំពឹងសម្រេចការសាងសង់បាន៧០% នៅត្រឹមដំណាច់ឆ្នាំនេះ


រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពកំណត់យកឈ្មោះ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ»ជាឈ្មោះផ្លូវការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលកំពុងសម្រុកការសាងសង់យ៉ាងសស្រាក់សស្រាំ។ បើតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២ អាកាសយានដ្ឋានអន្តរជាតិនេះសម្រេចការសាងសង់បានជិត៥០% ជាមួយក្តីរំពឹងនឹងសម្រេចបាន៧០%នៅត្រឹមដំណាច់ឆ្នាំនេះ។
គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

បើទោះបីក្នុងអំឡុងពេលសាងសង់បានជួបបញ្ហាប្រឈមមួយចំនួន ដែលបង្កឡើងដោយមេរោគរាតត្បាតកូវីដ-១៩ ក៏ដោយ តែក្រុមហ៊ុនអភិវឌ្ឍន៍បានប្តេជ្ញាចិត្តខ្ពស់ក្នុងការបញ្ចប់ការសាងសង់ឲ្យបានរួចរាល់តាមការគ្រោងទុក។

រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាគោលការណ៍កំណត់ឈ្មោះអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីដែលស្ថិតនៅស្រុកសូទ្រនិគមនិងស្រុកជីក្រែង ខេត្តសៀមរាបជាផ្លូវការថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ នេះបើយោងតាម ស.ជ.ណ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការសាសង់អាកាសយានដ្ឋានថ្មីនេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានលើកឡើងថា គិតត្រឹមខែតុលាកន្លងទៅ ​ការសាងសង់សម្រេចបានជិត៥០% ក្រោយចំណាយពេលសាងសង់ជាង២ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះក្រុមហ៊ុនអភិវឌ្ឍន៍រំពឹងថា ការសាងសង់ព្រលានយន្តហោះនេះនឹងអាចសម្រេចបានក្នុងរង្វង់៧០% នៅត្រឹមដំណាច់ឆ្នាំ២០២២នេះ។ ក្រុមហ៊ុនប្តេជ្ញាថា ពួកគេនឹងខិតខំពន្លឿន​ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ​ឲ្យបានរួចរាល់តាមការគ្រោងទុក បើទោះ​បីការសាងសង់រងការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ខណៈតាមគម្រោងព្រលានយន្តហោះនេះគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៤ ខាងមុខ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន AIAI លើផ្ទៃដីប្រមាណ៧០០ហិកតាស្ថិតស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដោយគ្រោងចំណាយពេលសាងសង់៣ឆ្នាំ ជាមួយទុនវិនិយោគប្រមាណ៨៨០លានដុល្លារក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល៥៥ឆ្នាំ។

ក្រៅតែពីអាកាសយានដ្ឋានអន្តរជាតិមួយនេះ កម្ពុជា​ក៏កំពុង​សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីមួយទៀត ដែលមកទល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ៤២% ខណៈការបញ្ចប់ការសាងសង់ត្រូវបានក្រុមហ៊ុនសុំពន្យារពេលដល់ចុងឆ្នាំ២០២៤ និងគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៥ ដោយសារវិបត្តិជំងឺកូវីដ-១៩ បានបង្អាក់ដល់ដំណើរការសាងសង់។ នេះបើតាម​ការអះអាង​របស់​ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ សាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ ព្រលានយន្តហោះដែលមានតម្លៃ១ពាន់៥រយលានដុល្លារអាមេរិកនេះ ជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus និង Boeing អាចចុះចតបាន៕




អត្ថបទបន្ទាប់


តើវិស័យសំណង់កម្ពុជារំពឹងកំណើនលូតលាស់ ឬដាំក្បាលចុះកម្រិតណានៅឆ្នាំ២០២២?

ព័ត៌មាន
របាយការណ៍ពីក្រសួងសេដ្ឋកិច្ចបង្ហាញធា វិស័យសំណង់ត្រូវបានរំពឹងថា នឹងងើបឡើងវិញក្នុងរង្វង់ ៣% នៅក្នុងឆ្នាំ២០២២នេះ ដោយសារការផ្តល់ឥណទានដល់វិស…

កម្ពុជាចាត់ទុកការឈ្នះក្តីលើគណៈកម្មការអឺរ៉ុប ឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា

ព័ត៌មាន
កម្ពុជាបានឈ្នះលើបណ្តឹងតវ៉ាចំពោះការសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធសម្រាប់ការនាំចូលអង្ករគ្រាប់វែងពីកម្ពុជាទៅកាន់ទីផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ