ចំពោះកម្ពុជា វិបត្តិនេះមិនត្រឹមតែធ្វើឱ្យទំនិញឡើងថ្លៃប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងគំរាមកំហែងដល់ភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចជាតិ។ ក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់នេះ អ្នកជំនាញសេដ្ឋកិច្ចយល់ថា រដ្ឋាភិបាលគួររៀបចំយន្តការប្រមូលទិញស្តុកប្រេងទុក ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីការពារសរសៃឈាមសេដ្ឋកិច្ច និងរក្សាលំនឹងផលិតកម្មក្នុងស្រុក។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងតម្លៃប្រេងឥន្ធនៈក្នុងការធ្វើឱ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងរបស់កម្ពុជា។ លោកបានគូសបញ្ជាក់ថា ប្រសិនបើការធ្វើពាណិជ្ជកម្មរបស់កម្ពុជាមានការពាក់ព័ន្ធនឹងច្រកសមុទ្រហ័រមូស ដែលអ៊ីរ៉ង់ទើបប្រកាសបិទ នោះវានឹងធ្វើឱ្យប៉ះពាល់ការនាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌ ការដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។ ស្ថិតក្នុងស្ថានភាពនៃការគំរាមកំហែងពីជម្លោះនៅមជ្ឈិមបូព៌ានេះ លោកយល់ថា កម្ពុជាគួរបង្កើនទិញប្រេងយកមកស្កុកទុកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីរក្សាភាពប្រកួតប្រជែងក្នុងវិស័យនានារបស់កម្ពុជា។
ជាមួយគ្នានេះលោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ចជឿជាក់ថា ការនាំចេញផលិតផលក្នុងវិស័យកាត់ដេររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប និងអាម៉េរិកអាចនឹងរងការរំខានដោយផ្ទាល់ពីកើនឡើងថ្លៃដើមផលិតកម្ម ដែលបង្កឡើងដោយតម្លៃប្រេងហក់ឡើងខ្ពស់។ ក្រៅពីនាំចូលប្រេងពីបរទេស អ្នកជំនាញរូបនេះមើលឃើញថា ទីតាំងភូមិសាស្ត្ររបស់កម្ពុជាអាចមានសក្តានុពលសម្រាប់ការផលិតប្រេង តែយ៉ាងណាទាមទាររដ្ឋាភិបាលកម្ពុជាគួរដាក់ចេញនូវគោលនយោបាយទាក់ទាញវិនិយោគិនឱ្យមកបង្កើតរោងចក្រចម្រាញ់ប្រេងនៅកម្ពុជា ដើម្បីធានាឯករាជ្យភាពថាមពលនៅថ្ងៃអនាគត។
ជាមួយគ្នានេះលោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមយល់ឃើញថា ស្របពេលកំពុងផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ការបង្កើនការទិញប្រេងសម្រាប់ស្តុកទុកវាជារឿងចំបាច់ដែលរដ្ឋាភិបាលកម្ពុជាត្រូវធ្វើ ដើម្បីរក្សាភាពប្រកួតប្រជែងក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា។ ជាមួយគ្នានេះ លោក ឱ្យកម្ពុជាមើលប្រទេសជិតខាងដូចជាប្រទេសថៃធ្វើជាគំរូ ដោយសារប្រទេសនេះមានស្តុកទុកប្រេងបម្រុងសម្រាប់ប្រើប្រាស់ក្នុងស្រុករហូតដល់៦០ថ្ងៃ។ បើតាមអ្នកជំនាញរូបនេះ កាលណាតម្លៃប្រេងសាំងឡើងថ្លៃ នោះតម្លៃសម្ភារៈប្រើប្រាស់ និងទំនិញប្រើប្រាស់ផ្សេងៗ ក៏ឡើងថ្លៃទៅតាននឹងដែរ។
យ៉ាងណាមិញក្រុមអ្នកជំនាញយល់ថា កម្ពុជាគួរតែផលិត និងកែច្នៃប្រេងឆៅដោយខ្លួនឯង បើទោះបីជាត្រូវឆ្លងកាត់ភាពលំបាកយ៉ាងណាក្ដី ដោយសារកម្ពុជាមានអំណោយផលនូវធនធានរ៉ែសំខាន់ៗជាច្រើន។ ការមានរោងចក្រកែច្នៃប្រេង និងការស្តុកទុកបានត្រឹមត្រូវ នឹងក្លាយជារបត់ប្រវត្តិសាស្ត្រ ដែលកែប្រែកម្ពុជាពីប្រទេសដែលធ្លាប់តែពឹងផ្អែកលើដង្ហើមគេដកទៅជាប្រទេស ដែលមានឯករាជ្យភាពខាងថាមពល និងមានភាពធន់មាំចំពោះវិបត្តិសកលលោកយ៉ាងពិតប្រាកដ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា