ពេលនេះគ្រប់ក្រសែភ្នែកនឹងសម្លឹងមើលលោក ដារិនដ្រា ម៉ូឌី និងរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្ស BJP របស់លោកថា តើពួកលោកអាចរក្សាសន្ទុះកំណើនសេដ្ឋកិច្ច និងបន្តធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពលរដ្ឋបានដែរ ឬទេ នៅក្នុងអាណត្តិទី៣ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ជាការពិតណាស់ ទំនុកចិត្តលើគណបក្សកាន់អំណាច BJP បានធ្លាក់ចុះ។ គណបក្សកាន់អំណាចរបស់លោក ណារិនដ្រា ម៉ូឌី មិនទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងសភាជាន់ទាបជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៤ ហើយពេលនេះត្រូវបង្ខំចិត្តពឹងផ្អែកលើសម្ព័ន្ធភាពរបស់ខ្លួននៅក្នុងរដ្ឋាភិបាលចម្រុះ។
ក្រុមអ្នកវិភាគព្យាករថា រដ្ឋាភិបាលចម្រុះដែលដឹកនាំដោយលោក ណារិនដ្រា ម៉ូឌី ទំនងជាមិនធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសឥណ្ឌានោះទេ។ ទោះជាយ៉ាងណា ពួកគេបានចង្អុលបង្ហាញថា រដ្ឋាភិបាលថ្មីនេះនឹងត្រូវស្តារទំនុកចិត្តរបស់ពលរដ្ឋឡើងវិញ និងធានារក្សាគោលជំហររបស់ឥណ្ឌា នៅក្នុងសកលលោកខាងត្បូង ឬ Global South ឱ្យនៅដដែល។
រដ្ឋាភិបាលថ្មីនេះនៅមិនទាន់បញ្ជាក់ពីគោលនយោបាយអាទិភាពសំខាន់ៗរបស់ខ្លួននៅឡើយទេ។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបានព្យាករថា មានវិស័យដ៏សំខាន់ចំនួន៤ ដែលនឹងស្ថិតក្នុងរបៀបវារៈកំពូលរបស់រដ្ឋាភិបាលថ្មីនេះ។
ទី១ គឺការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកន្លងមកប្រទេសឥណ្ឌា បានជំរុញការអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បើមតាមរយៈការតភ្ជាប់ និងធ្វើទំនើបកម្មផ្លូវហាយវេ ផ្លូវដែក និងអាកាសយានដ្ឋានរបស់ខ្លួន ហើយនឹងត្រូវផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀត។
ទី២ គឺការជំរុញផលិតកម្មក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ លោក ណារិនដ្រា ម៉ូឌី បានជំរុញយ៉ាងខ្លាំងក្លាឱ្យប្រទេសឥណ្ឌា ពឹងផ្អែកលើខ្លួនឯង ហើយបានវ៉ាដាច់ប្រទេសចិន ក្លាយជាមហាអំណាចផលិតកម្មដ៏ធំបំផុតនៅអាស៊ី ជាពិសេសនៅក្នុងការផលិតបន្ទះឈីប ហើយត្រូវតែបន្តជំរុញគោលនយោបាយនេះ។
ទី៣ គឺប្រយុទ្ធប្រឆាំងនឹងភាពគ្មានការងារធ្វើខ្ពស់ លោកស្រី ស៊ូមេដហា ហ្គុបតា (Sumedha Gupta) អ្នកវិភាគជាន់ខ្ពស់នៅអង្គភាពស្រាវជ្រាវ និងវិភាគ The Economist Intelligence Unit (EIU) បានលើកឡើងថា បច្ចុប្បន្នភាពគ្មានការងារធ្វើគឺជាបញ្ហាធំបំផុតមួយរបស់ប្រទេសឥណ្ឌា ហើយភាពមិនស៊ីគ្នានៃជំនាញកំពុងធ្វើឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរថែមទៀតដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។
ទី៤ គឺការបង្កើនការវិនិយោគបរទេស ជាការពិតណាស់ ឥណ្ឌាចាំបាច់ត្រូវជំរុញការវិនិយោគបរទេសបន្ថែមទៀត ដើម្បីសម្រេចគោលដៅខាងលើនេះ។ យោងតាមទិន្នន័យពីសហព័ន្ធទីផ្សារប្តូរប្រាក់ពិភពលោក (World Federation of Exchanges)បានបង្ហាញថា ផ្សារមូលបត្រឥណ្ឌាមានមូលធនទីផ្សារសរុប៤,៩ទ្រីលានដុល្លារ ដែលធំបំផុតទី៣នៅអាស៊ី-ប៉ាស៊ីហ្វិក ហើយមូលធនទីផ្សាររបស់ឥណ្ឌា ត្រូវបានព្យាករថានឹងកើនឡើងដល់៤០ទ្រីលានដុល្លារក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ៕
ដោយ: តែម សុខុម