ជាការឆ្លើយតបទៅនឹងការស្នើសុំរបស់ក្រុមហ៊ុន Tesla ឲ្យមានការបន្ធូរបន្ថយពន្ធនាំចូលរថយន្ដអគ្គិសនី ឃើញថានៅថ្ងៃទី ០៩ ខែសីហា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌាពីររូបបានប្រាប់រ៉យទ័រថា ឥណ្ឌាកំពុងពិចារណាកាត់បន្ថយពន្ធនាំចូលរថយន្តអគ្កិសនីដែលមានតម្លៃតិចជាង ៤ ម៉ឺនដុល្លាររួមទាំង ថ្លៃរថយន្ត ការធានារ៉ាប់រង និងការដឹកទំនិញ ដោយកំពុងពិភាក្សាកាត់បន្ថយអត្រាពន្ធពី ៦០%ដែលមាននាពេលបច្ចុប្បន្ន មកនៅត្រឹម ៤០%។ ចំណែកឯ រថយន្តអគ្គិសនីដែលមានតម្លៃលើស ៤ ម៉ឺនដុល្លារក៏កំពុងស្ថិតនៅក្នុងការពិចារណាកាត់បន្ថយពន្ធពី ១០០%មកនៅត្រឹម ៦០%ផងដែរ។
ប្រភពព័ត៌មានដែលបានបញ្ជាក់នៅក្នុងសារព័ត៌មាន Reuters បានឲ្យដឹងទៀតថា រដ្ឋាភិបាលឥណ្ឌាពេញចិត្តក្នុងការកាត់បន្ថយ ប្រសិនបើគេអាចមើលឃើញថាក្រុមហ៊ុន Tesla ផ្តល់អត្ថប្រយោជន៍មួយចំនួនដល់សេដ្ឋកិច្ចក្នុងស្រុក។ មន្ត្រីជាន់ខ្ពស់ឥណ្ឌារូបនេះ បានបន្តទៀតថា ការកាត់បន្ថយពន្ធនាំចូលមិនមែនជាបញ្ហាទេ ដោយសារការនាំរថយន្តអគ្គិសនីចូលក្នុងប្រទេសឥណ្ឌាមិនមានច្រើននោះទេ។ដូច្នេះការដែលក្រុមហ៊ុន Tesla ចូលមកក្នុងទីផ្សារឥណ្ឌា អាចនឹងការប្រកួតប្រជែងកាន់តែឡើងកម្ដៅខ្លាំងឡើង ខណៈដែលឥណ្ឌាជាទីផ្សាររថយន្តធំជាងគេទី ៥ របស់ពិភពលោក ពោលគឺឥណ្ឌាលក់រថយន្តប្រហែល ៣ លានគ្រឿងជារៀងរាល់ឆ្នាំ ប៉ុន្តែរថយន្តភាគច្រើនមានតម្លៃក្រោម២ម៉ឺន។
គេនៅចាំថា កាលពីប៉ុន្មាឆ្នាំមុន ក្រុមហ៊ុនរថយន្ដប្រណីតដូចជា Mercedes-Benz និង Audi ក៏បានបញ្ចុះបញ្ចូលរដ្ឋាភិបាលឥណ្ឌាឲ្យមានការទម្លាក់ពន្ធទាបជាងមុនសម្រាប់ការនាំចូលរថយន្ដប្រណីតផងដែរ ប៉ុន្ដែ ទីផ្សាររថយន្ដប្រណីតនៅតែមានការប្រណាំងប្រជែងខ្លាំងជាមួយនឹងក្រុមហ៊ុនក្នុងស្រុក ហើយជាលទ្ធផលទីផ្សាររថយន្ដប្រណីតនៅតែមានតូចនៅឡើយ ដោយមានការលក់ប្រហែល ៣ម៉ឺន៥ពាន់គ្រឿងក្នុងមួយឆ្នាំ៕
អត្ថបទ៖ ស៊ើង និមល់