បើទោះបីជាអ្នកដំណើរពីក្រៅប្រទេសចូលមកប្រទេសឥណ្ឌា មិនតម្រូវឱ្យធ្វើចត្តាឡីស័ក ប៉ុន្ដែពួកគេត្រូវតែបង្ហោះលទ្ធផលធ្វើតេស្តអវិជ្ជមានកូវីដក្នុងរយៈពេល ៧២ ម៉ោងមុនពេលហោះហើរចូលមកប្រទេសឥណ្ឌា។ ទន្ទឹមនេះ សម្រាប់ភ្ញៀវទេសចរដែលមកពីប្រទេសមួយចំនួនដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ នេប៉ាល់ ហ្វីលីពីន និងអូស្ត្រាលី ដែលឥណ្ឌាមានកិច្ចព្រមព្រៀងសម្រាប់ការទទួលស្គាល់ប័ណ្ណវ៉ាក់សាំងចំពោះគ្នាទៅវិញទៅមក នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីអាកាសយានដ្ឋានដោយមិនចាំបាច់ធ្វើតេស្តឡើយ ខណៈអ្នកដំណើរផ្សេងទៀតនឹងត្រូវឆ្លងកាត់ការធ្វើតេស្ត ក្រោយការមកដល់ប្រទេសឥណ្ឌាជាកំហិត។ នេះបើយោងតាមចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ទោះបីជាមិនបានឲ្យធ្វើចត្តាឡីស័ក ប៉ុន្ដែ រដ្ឋាភិបាលឥណ្ឌា ក៏បានតម្រូវឲ្យភ្ញៀវទេសចរ ត្រូវតែតាមដានសុខភាពរបស់ខ្លួនឯងរយៈពេល ១៤ថ្ងៃបន្ទាប់ពីការមកដល់ផងដែរ។ ក្រៅតែពីការបើកទទួលភ្ញៀវទេសចរអន្តរជាតិ គេក៏ឃើញមានពលរដ្ឋឥណ្ឌាជាច្រើនបាននិងកំពុងសម្រុកទៅកាន់តំបន់ទេសចរណ៍ក្នុងស្រុកឡើងវិញផងដែរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
សូមជម្រាបថា ការបើកព្រំដែនឡើងវិញនេះ ត្រូវបានគេរំពឹងថា នឹងជំរុញដល់ឧស្សាហកម្មបដិសណ្ឋារកិច្ចក្នុងប្រទេសនេះ ក្រោយរងគ្រោះដោយជំងឺកូវីដ១៩។
សូមរំឮកថា កាលពីឆ្នាំ ២០១៩ ឥណ្ឌាទទួលបានភ្ញៀវទេសចរបរទេសចំនួនជិត ១១លាននាក់ ហើយទេសចរទាំងនោះ បានចំណាយជាង ៣០ ពាន់លានដុល្លារសម្រាប់ការកម្សាន្តក្នុងប្រទេសនេះ។
យ៉ាងណាមិញ គួរបញ្ជាក់ដែរ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌាបច្ចុប្បន្ននេះ ហាក់មានភាពប្រសើរឡើងច្រើនឡើងវិញហើយ ដោយមានករណីឆ្លងថ្មីប្រចាំថ្ងៃនៅសល់ក្រោម ២ម៉ឺននាក់ក្នុងមួយថ្ងៃក្នុងរយៈពេលជាងមួយខែមកនេះ ខណៈដែលពីខែឧសភាកន្លងទៅមានករណីឆ្លងចំនួន ៤០ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលជាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត។ ទន្ទឹមនេះ ក្រៅតែពីអត្រាឆ្លងថ្មីមានការធ្លាក់ចុះហើយ ចំនួនមនុស្សពេញវ័យដែលបានចាក់វ៉ាក់សាំង ១ ដូសនៅឥណ្ឌា ក៏មានប្រមាណ ៧៩% នៃចំនួនប្រជាជនសរុបផងដែរ ខណៈដែលអ្នកបានចាក់គ្រប់ ២ ដូសវិញមានចំនួន ៣៨%៕
អត្ថបទ៖ ស៊ើង និមល់