ដោយមានចំណែកប្រហែល ២,៤% នៃផ្ទៃដីសរុបរបស់ពិភពលោក ប្រទេសឥណ្ឌាបច្ចុប្បន្នជាជម្រកសម្រាប់មនុស្សក្នុងចំនួនជិតស្មើនឹង ១ ភាគ ៥ នៃមនុស្សលោកទាំងអស់។ បើនិយាយឱ្យចំ ប្រជាជនឥណ្ឌាមានចំនួនលើសពី ១ ពាន់ ៤ រយលាននាក់ គឺច្រើនជាងចំនួនប្រជាជនសរុបនៅក្នុងទ្វីបអាមេរិក ឬទ្វីបអាហ្វ្រិក ឬទ្វីបអឺរ៉ុបផង។
ប្រជាជននៅប្រទេសចិន ដែលមានទំហំផ្ទៃដីធំជាងប្រទេសឥណ្ឌាប្រហែល ៣ ដង ក៏មានចំនួនច្រើនប្រហាក់ប្រហែលគ្នាដែរ ប៉ុន្តែអ្វីដែលប្លែកគ្នា គឺប្រជាជនឥណ្ឌាមានវ័យក្មេងនិងកំពុងលូតលាស់ រីឯប្រជាជនចិនវិញមានវ័យចំណាស់ ហើយចំនួនកាន់តែថយចុះ។
តាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ នៅត្រឹមពាក់កណ្តាលឆ្នាំ ២០២៣ នេះ ប្រជាជនឥណ្ឌាទំនងជាកើនលើសពីចំនួន ១ ពាន់ ៤ រយលាននាក់ គឺច្រើនជាងចំនួនប្រជាជនចិនប្រហែល ២៩ នាក់។ ដោយមើលតាមអត្រាកំណើត ការប៉ាន់ប្រមាណនោះចង្អុលបង្ហាញថា នៅក្នុងឆ្នាំ ២០២២ ប្រទេសឥណ្ឌាប្រហែលជាបង្កើតបានទារក ២៣ លាននាក់។ នៅក្នុងឆ្នាំដដែល ប្រទេសចិនបានកត់ត្រាឃើញមានកូនង៉ែតតែប្រហែលជិត ១០ លាននាក់ប៉ុណ្ណោះ។ ចំពោះប្រទេសចិន នេះជាចំនួនកំណើតតិចបំផុត បើគិតចាប់តាំងពីឆ្នាំ ១៩៥០ មក។
ការផ្លាស់ប្តូរផ្នែកប្រជាសាស្ត្របែបនេះ បង្កបញ្ហាប្រឈមចម្បងៗជាច្រើន ទាំងក្នុងផ្នែកសេដ្ឋកិច្ច ទាំងក្នុងផ្នែកសង្គម សម្រាប់យក្សអាស៊ីទាំងពីរខាងលើ ខណៈដែលប្រទេសឥណ្ឌា ក៏ដូចជាប្រទេសចិន ខំប្រឹងសម្របខ្លួនទៅតាមស្ថានភាពថ្មី។
តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ ដែលកើតចេញពីកំណើនចំនួនប្រជាជន ចំពោះប្រទេសឥណ្ឌា?
ទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា ឥណ្ឌាមិនត្រឹមតែមានប្រជាជនកាន់តែច្រើនឡើងប៉ុណ្ណោះទេ ប៉ុន្តែប្រទេសនេះថែមទាំងមានប្រជាជនវ័យក្មេងច្រើនផងដែរ ក្នុងនោះប្រជាជនឥណ្ឌាលើសពីពាក់កណ្ដាលមានអាយុក្រោម ៣០ ឆ្នាំ និងមានអាយុជាមធ្យម ២៨ ឆ្នាំ។
គុណសម្បតិ្តដែលមានយុវជនច្រើនបែបនេះ អាចជួយជំរុញកំណើនសេដ្ឋកិច្ច។ ដោយមានប្រជាជនលើសពី ២ ភាគ ៣ ស្ថិតក្នុងវ័យធ្វើការងារ ពោលគឺមានអាយុចន្លោះពី ១៥ ឆ្នាំ ទៅ ៦៤ ឆ្នាំ ប្រទេសឥណ្ឌានឹងអាចផលិត ព្រមទាំងប្រើប្រាស់ទំនិញនិងសេវាកម្មកាន់តែច្រើន, ប្រទេសឥណ្ឌានឹងអាចជំរុញការច្នៃប្រឌិត និងដើរទាន់ការផ្លាស់ប្តូរឥតឈប់ឈរក្នុងផ្នែកបច្ចេកវិទ្យា។ រឿងនេះអាចនឹងកើតឡើង ប្រសិនបើប្រទេសឥណ្ឌាអាចផ្ដល់ការងារក្នុងចំនួនដ៏ធំធេង ទៅតាមសេចក្ដីត្រូវការរបស់ខ្លួន នៅពេលដែលប្រទេសនេះបោះជំហានក្លាយជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្ម ហើយប្រជាជនចាកចេញពីការងារកសិកម្ម។
ស្ថានភាពថ្មីរបស់ប្រទេសឥណ្ឌា ដែលមិនត្រឹមតែជាប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រទេសមានប្រជាជនច្រើនជាងគេផងនោះ អាចផ្ដល់កម្លាំងបន្ថែមឱ្យឥណ្ឌា ក្នុងការទាមទារធ្វើជាសមាជិកអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បច្ចុប្បន្ន មានតែប្រទេសចំនួនប្រាំប៉ុណ្ណោះ ដែលមានឋានៈនេះ គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង រុស្ស៊ី និងចិន។
ប្រទេសឥណ្ឌាកំពុងប្រើប្រាស់អំណាចទីផ្សាររបស់ខ្លួន ដែលកំពុងកើនឡើង ដើម្បីពង្រឹងជំហររបស់ខ្លួនជាតួអង្គដ៏សំខាន់មួយនៅក្នុងវិស័យភូមិសាស្ត្រនយោបាយ ដោយបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី នៅក្នុងក្រុមប្រទេសចតុភាគី (Quad) ប៉ុន្តែមិនមែនសុទ្ធតែធ្វើតាមការចង់បានរបស់សម្ព័ន្ធមិត្តបស្ចឹមលោកទេ ត្បិតអីឥណ្ឌា ដើម្បីទិញប្រេងរុស្ស៊ីក្នុងតម្លៃទាប មិនបានចូលរួមដាក់ទណ្ឌកម្មប្រទេសរុស្ស៊ីដែលឈ្លានពានប្រទេសអ៊ុយក្រែនឡើយ។
រឿងប្រជាជនច្រើននេះ ទន្ទឹមនឹងមានគុណសម្បត្តិ ប្រទេសឥណ្ឌាក៏ប្រឈមមុខនឹងគុណវិបត្តិមួយចំនួនដែរ។ ឥណ្ឌាត្រូវតែដោះស្រាយបញ្ហាស្នូលនានាឱ្យមានប្រសិទ្ធភាព ជាពិសេសភាពក្រីក្រ គ្រោះទុរ្ភិក្ស និងកង្វះអាហារូបត្ថម្ភ, ត្រូវផ្តល់សេវាសុខភាពនិងសេវាអប់រំឱ្យបានកាន់តែប្រសើរឡើង, ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ, និងត្រូវធ្វើឱ្យភូមិនិងក្រុងទាំងឡាយអាចរស់នៅបានស្រួលជាងមុន៕