ក្រុមអ្នកចរចាមកពីឥណ្ឌា និងអាស៊ាន កំពុងជួបជជែកគ្នានៅក្នុងរដ្ឋធានីញូវដេលី សម្រាប់ជុំទី៤ នៃការពិនិត្យផ្ទៀងផ្ទាត់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឡើងវិញ ដែលគ្រោងនឹងបន្តរហូតដល់ថ្ងៃសុក្រ សប្ដាហ៍ នេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA) ត្រូវបានចុះហត្ថលេខា នៅខែសីហា ឆ្នាំ២០០៩ ហើយបានចូលជាធរមាននៅខែមករា ឆ្នាំ២០១០។
ដំណើរការពិនិត្យផ្ទៀងផ្ទាត់កិច្ចព្រមព្រៀងពាណិជ្ជកម្មឡើងវិញនេះត្រូវបានផ្តួចផ្តើមឡើងនៅខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងជួយសម្រួលពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើងដើម្បីជាប្រយោជន៍ដល់ភាគីទាំងពីរដោយស្មើភាពគ្នា។ ភាគីទាំងពីរសង្ឃឹមថា នឹងអាចបិទបញ្ចប់ការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនេះនៅឆ្នាំ២០២៥ ខាងមុខ។
តំបន់អាស៊ាន ដែលមានសមាជិកដូចជាព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ឥណ្ឌា ដែលមានចំណែកគ្របដណ្ដប់រហូតដល់ទៅប្រមាណ១១% នៃពាណិជ្ជកម្មរបស់ខ្លួននៅទូទាំងពិភពលោក។
ទោះជាយ៉ាងណា ភាគីឥណ្ឌា បានអះអាងថា ពាណិជ្ជកម្មមានភាពលម្អៀងខ្លាំងទៅខាងតំបន់អាស៊ាន ដោយការនាំចេញរបស់ឥណ្ឌាទៅកាន់អាស៊ាន មានទំហំត្រឹមតែជាង៤១ពាន់លានដុល្លារអាម៉េរិក ខណៈដែលការនាំចូលមានទំហំដល់ទៅ៨០ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំសារពើពន្ធ២០២៣ ដែលបានបញ្ចប់អំឡុងខែមីនា ដើមឆ្នាំ២០២៤។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា លោក ស៊ូនីល បាតវ៉ាល់ (Sunil Barthwal) បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា ឥណ្ឌាកំពុងព្យាយាមបង្កើនទំហំពាណិជ្ជកម្មរបស់ខ្លួនជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន ហើយចង់ឃើញពាណិជ្ជកម្មមានតុល្យភាពជាងនេះ។
ដោយ: តែម សុខុម