បញ្ហាអគារជាប់គាំងជាង១ពាន់អគារនៅខេត្តព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុសហការជាមួយក្រសួងសេដ្ឋកិច្ច ដោះស្រាយបញ្ហាអគារជាប់គាំងជាង១ពាន់អគារ


មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដើម្បីដោះស្រាយសំណង់អគារជាង១ពាន់កន្លែង ដែលកំពុងជាប់គាំងការសាងសង់នៅខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុសហការជាមួយក្រសួងសេដ្ឋកិច្ច ដោះស្រាយបញ្ហាអគារជាប់គាំងជាង១ពាន់អគារ
ដោយ

មន្ត្រីជាន់ខ្ពស់ដដែលរូបនេះអះអាងថា ប្រសិនបើពុំមានការដោះស្រាយ ឬការដោះស្រាយមានការពន្យារពេលយូរ វាអាចជះឥទ្ធិពលអវិជ្ជមាន​ដល់ការទាក់ទាញ​ការវិនិយោគ និងសេដ្ឋកិច្ចរបស់ខេត្តជាប់មាត់សមុទ្រមួយនេះ​។ ជាពិសេស វាអាចធ្វើឲ្យប៉ះពាល់ដល់ផែនការ​របស់រាជរដ្ឋាភិបាល ដែលចង់អភិវឌ្ឍ​ព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងផងដែរ។ កន្លងមករដ្ឋបាលខេត្ត​នេះបានជួយជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ដី និងក្រុមអ្នកអភិវឌ្ឍន៍អគារទាំងនោះ​មួយចំនួនរួចមកហើយដែរ ដើម្បីស្វែងរកធាតុចូលក្នុងការដោះស្រាយបញ្ហានេះ។

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់ខេមបូណូមីសថា បច្ចុប្បន្នខេត្តព្រះសីហនុមានសំណង់អគារចំនួន ១,១៥០អគារ ដែលកំពុងជាប់គាំងការសាងសង់ ហើយវាបាននិងកំពុងក្លាយជារូបភាពអវិជ្ជមានក្នុងការជំរុញ​កំណើនសេដ្ឋកិច្ច​របស់ខេត្តដែលជាច្រកសេដ្ឋកិច្ចពាណិជ្ជកម្ម ដ៏សំខាន់មួយនេះ។ ទោះយ៉ាងណា ឯកឧត្តម អះអាងថា រដ្ឋបាលខេត្ត​កំពុងខិតខំធ្វើការយ៉ាងសស្រាក់សស្រាំជាមួយ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធនានា ដើម្បីដោះស្រាយបញ្ហាអគារ​ជាប់គាំងទាំងនេះ ខណៈការដោះស្រាយកំពុងស្ថិតក្នុងដំណើរការ។

មន្ត្រីជាន់ខ្ពស់រូបនេះសង្កត់ធ្ងន់ថា ប្រសិនបើបញ្ហានេះ​បន្តជាប់គាំង ឬការដោះស្រាយមានការអូសបន្លាយពេលយូរ វាអាចធ្វើឲ្យប៉ះពាល់ដល់​ការទាក់ទាញ​ការវិនិយោគ ការអភិវឌ្ឍសេដ្ឋកិច្ច និងផែនការមេរបស់​រាជរដ្ឋាភិបាល ដែលចង់អភិវឌ្ឍន៍ខេត្តជាប់មាត់សមុទ្រនេះ​ឲ្យក្លាយជាតំបន់សេដ្ឋកិច្ច​ពិសេសពហុបំណង។ បន្ថែមលើនេះ វាក៏អាចធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជនផងដែរ ក្នុងករណីមាន​ឧបទ្ទវហេតុណាមួយ​កើតឡើងដោយ​សារអគារជាប់គាំងទាំងនេះ។

ពាក់ព័ន្ធបញ្ហា​អគារជាប់គាំងនៅខេត្ត​ព្រះសីហនុនេះដែរ ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថបានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងធ្វើការងារលើ​បញ្ហានេះ តាមរយៈការចាត់ឲ្យក្រុមជំនាញ​ចម្រុះ​រវាងក្រសួងសេដ្ឋកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យ និងវាយតម្លៃពីស្ថានភាពនៃអគារជាប់គាំងទាំងនោះ។ ឯកឧត្តម ជឿជាក់ថា បញ្ហាអគារជាប់គាំងនៅខេត្តព្រះសីនុ នឹងត្រូវដោះស្រាយរួច​រាល់ មុនការដាក់ចេញនូវផែនការមេអភិវឌ្ឍន៍​ខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ច​ពិសេសពហុបំណង។ កត្តានេះ ធ្វើឲ្យឯកឧត្តមមានជំនឿចិត្តថា បញ្ហាអគារជាប់គាំងនេះនឹងមិនអាចជះឥទ្ធិពលធ្ងន់ធ្ងរដល់ការប្រែក្លាយខេត្តជាប់មាត់សមុទ្រនេះឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនោះទេ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឡុង ឌីម៉ង់ កន្លងមកក្រុមការងារជំនាញរបស់រដ្ឋបាលខេត្តព្រះសីហនុបានជួបពិភាក្សាជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ដីនិងក្រុមហ៊ុនអភិវឌ្ឍន៍អគារមួយចំនួនរួមទាំងអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ដើម្បីស្វែងរកធាតុចូលក្នុងការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុនេះ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានដាក់សំណើរមកក្រសួងសេដ្ឋកិច្ច ដើម្បីគោលការណ៍លើកទឹកចិត្ត និងយន្តការជាក់លាក់ណាមួយក្នុងការដោះស្រាយបញ្ហានេះផងដែរ។

គួរបញ្ជាក់ផងដែរថា អគារជាង១ពាន់កន្លែងនៅខេត្តព្រះសីហនុ ត្រូវបានជាប់គាំងការសាងសង់មកទល់បច្ចុប្បន្ន នេះ គឺដោយសារអ្នកជួលដែលភាគច្រើនជា​ជនជាតិចិន បោះបង់ការអភិវឌ្ឍ ក្រោយរាជរដ្ឋាភិបាលរឹតបន្តឹងនិងបិទមិនឲ្យមានហ្គេមអនឡាញ គួបផ្សំវិបត្តិកូវីដ-១៩ ជិត៣ឆ្នាំកន្លងមក។ អគារជាប់គាំងទាំងនោះ ភាគច្រើនមានម្ចាស់ទីតាំងដីជាជនជាតិខ្មែរ ខណៈអ្នកជួល និងអភិវឌ្ឍន៍ភាគច្រើនជាជនជាតិចិន៕




អត្ថបទបន្ទាប់


វិស័យឧស្សាហកម្មកម្ពុជាសម្រេចកំណើនខ្ពស់មុនគោលដៅ៨ឆ្នាំ សម្រាប់ការរួមចំណែកក្នុង GDP

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានអះអាងថា វិស័យឧស្សាហកម្ម មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ និងបានសម្រេចគោលដៅកំណើនបាន មុនផែនការកំណត់ទុកទៅទ…

ថៃបើកទ្វារឲ្យអតីតប្រធានាធិបតីស្រីលង្កា លោករ៉ាចាប៉ាក់សា ស្នាក់នៅបណ្ដោះអាសន្ន

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធ ទី១០ ខែសីហាថា ប្រទេសថៃអនុញ្ញាតឲ្យអតីតប្រធានាធិបតីស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ