ការផ្ដល់ជំនួយបច្ចេកទេសអភិវឌ្ឍវិស័យមូលបត្រ

ស្ថាប័នមួយនៃអង្គការសហប្រជាជាតិ ចូលរួមផ្ដល់ជំនួយបច្ចេកទេសអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា


និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ មូលនិធិអភិវឌ្ឍន៍មូលធននៃអង្គការសហប្រជាជាតិ(UNCDF) ស្ដីពីការផ្ដល់ជំនួយបច្ចេកទេសក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថ្នាក់ដឹកនាំនិយ័តករមូលបត្រកម្ពុជាក៏ដូចជាផ្សារមូលបត្រកម្ពុជាសុទ្ធតែបានអះអាងថា ការអនុស្សរណៈនេះ គឺជាការចូលរួមជំរុញដ៏សំខាន់ ក្នុងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាឲ្យឆ្ពោះទៅរកការរីកចម្រើនកាន់តែប្រសើរថែមទៀត។
ស្ថាប័នមួយនៃអង្គការសហប្រជាជាតិ ចូលរួមផ្ដល់ជំនួយបច្ចេកទេសអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា

និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ មូលនិធិអភិវឌ្ឍន៍មូលធននៃអង្គការសហប្រជាជាតិ(UNCDF) ស្ដីពីការផ្ដល់ជំនួយបច្ចេកទេសក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា។ ថ្លែងនាឱកាសនោះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ឯកឧត្តមក៏បានស្នើដល់ UNCDF ពិចារណាលើការគាំទ្រនូវកម្មវិធីប្រកួតប្រជែងសហគ្រិនឆ្នើម ដែលបានរៀបចំដោយក្រសួងសេដ្ឋកិច្ច នាពេលកន្លងមក។

ជាមួយគ្នានោះ ឯកឧត្តម ស៊ូ សុជាតិ ក៏បានគូសបញ្ជាក់ទៀតថា កម្ពុជាកំពុងធ្វើការលើការអភិវឌ្ឍន៍ និងផ្សព្វផ្សាយផលិតផលហិរញ្ញវត្ថុថ្មីផ្សេងទៀត រួមទាំងផលិតផលគ្រប់គ្រងមូលនិធិ និងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

បើតាមការកត់សម្គាល់របស់ឯកឧត្តម ស៊ូ សុជាតិ សកម្មភាពជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា ត្រូវបានកើនឡើងជាលំដាប់ ដែលបង្ហាញថា ទីផ្សារមូលធនកម្ពុជា ក៏កាន់តែមានភាពទាក់ទាញ ពិសេសការយល់ដឹងពីសាធារណៈជនក៏កាន់តែទូលំទូលាយផងដែរ។ ជាក់ស្ដែង បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១៦ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ជាមួយមូលនិធិសរុប ២៨១លានដុល្លារ។ ដោយឡែក ទំហំជួញដូរប្រចាំថ្ងៃជាមធ្យម ក្នុងត្រីមាសទី ២ ឆ្នាំ២០២២ បានកើនឡើងជិត៣០០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ខណៈមានអ្នកវិនិយោគប្រមាណជាង ៣ម៉ឺននាក់ បានវិនិយោគក្នុងវិស័យនេះ។

ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបង្ហាញក្ដីរំពឹងថា តាមរយៈការចុះអនុស្សរណៈនេះ នឹងកាន់តែធ្វើឲ្យវិស័យមូលបត្រកម្ពុជា រីកចម្រើនថែម និងមានភាពលេចធ្លោរថែមមួយកម្រិតទៀត ពិសេសក្រុមវិនិយោគិនបរទេសដែលកំពុងសម្លឹងមើលពីឱកាសវិនិយោគលើវិស័យនេះ នៅកម្ពុជា។ បើតាមឯកឧត្តម ហុង សុហួរ នាពេលកន្លងមក ផ្សារមូលបត្រកម្ពុជា មានកិច្ចសហការ នៅក្នុងកម្រិតតំបន់ប៉ុណ្ណោះ ហាក់មិនសូវមានភាពទំលំទូលាយនោះទេ ដូច្នេះ តាមរយៈការចុះអនុស្សរណៈជាមួយស្ថាប័ននៃអង្គការសហប្រជាជាតិ នឹងកាន់តែធ្វើឲ្យផ្សារមូលបត្រកម្ពុជា បង្ហាញសក្កានុពលរបស់ខ្លួនទៅកាន់ក្រុមវិនិយោគបរទេស។

សូមបញ្ជាក់ថា ការចុះអនុស្សរណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា និងផ្ដល់ការគាំទ្រដល់និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា រួមមាន៖ ទី១.គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។ ទី២.គាំទ្រដល់ការរៀបចំនូវបទបញ្ញាត្តិថ្មីពាក់ព័ន្ធនឹងផលិតផលមូលបត្រឆ្លងដែន។ ទី៣.សម្រួលដល់ការផ្លាស់ប្ដូរធនធាន បច្ចេកវិទ្យា និងចំណេះដឹងរវាងប្រទេសកំពុងអភិវឌ្ឍ និងការរៀនសូត្រពីដៃគូរវាងនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ជាមួយនឹងស្ថាប័ននិយ័តកររបស់ប្រទេសសមាជិកអាស៊ានបូក៣។ និងទី៤. ផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍ ផ្សព្វផ្សាយ និងអនុវត្តច្បាប់ ព្រមទាំងបទបញ្ញាត្តិ ពាក់ព័ន្ធនឹងមូលបត្ររដ្ឋ និងមូលបត្រមហាជន៕




អត្ថបទបន្ទាប់


ធនាគារ HSBC ព្យាករថា សិង្ហបុរីនឹងមានមហាសេដ្ឋីច្រើនជាងសហរដ្ឋអាមេរិក និងចិនក្នុងឆ្នាំ ២០៣០

ព័ត៌មាន
ធនាគារ HSBC បានអះអាងនៅក្នុងរបាយការណ៍មួយថា ក្នុងរយៈពេលប្រាំបីឆ្នាំខាងមុខ ចំនួនមហាសេដ្ឋីនៅក្នុងប្រទេសសិង្ហបុរីធៀបនឹងចំនួនប្រជាជនសរុប នឹ…

ប្អូនស្រីបុរសខ្លាំងលោក គីម ជុងអ៊ុន ប្រាប់ឲ្យប្រធានាធិបតីកូរ៉េខាងត្បូង «បិទមាត់» ក្រោយនិយាយថាចង់ផ្តល់ជំនួយឲ្យកូរ៉េខាងជើង

ព័ត៌មាន
ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនគឺ លោកស្រីគីម យ៉ូ ជុង (Kim Yo Jong) បាននិយាយកាលពីថ្ងៃសុក្រ ទី១៩ សីហានេះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ