ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩

ក្រុមហ៊ុនចិន ចង់បានរូបមន្ដផលិតថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ពីអាមេរិក ដើម្បីផលិតចែកចាយទៅដល់ប្រទេសក្រីក្រ


ក្រោមកម្មវិធីជាសកល ក្រុមហ៊ុនផលិតឱសថរបស់ចិនមួយចំនួន បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការនាំយកការផលិតថ្នាំគ្រាប់ប្រឆាំងមេរោគកូវីដ១៩ពីក្រុមហ៊ុន Merck របស់អាមេរិក ដើម្បីផលិតថ្នាំគ្រាប់ប្រឆាំងកូវីដ សម្រាប់ចែកចាយទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ខណៈដែលបច្ចុប្បន្ន ក៏មានក្រុមហ៊ុនឱសថពីប្រទេសជាច្រើនទៀត ក៏កំពុងតាមចែចូវនាំយករូបមន្ដផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ពីអាមេរិក ផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានចិន South China Morning Post។
ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ ពីក្រុមហ៊ុនផលិតឱសថអាមេរិក Merck

ស្ថាប័ន​ប៉ាតង់​ឱសថ MPP របស់​អង្គការសហប្រជាជាតិ ថ្មី​ៗ​នេះ​បាន​សម្រេច​កិច្ចព្រមព្រៀង​មួយ ជាមួយនឹង​ក្រុមហ៊ុន​ផលិត​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩ របស់​ក្រុមហ៊ុន​អា​មេ​រិ​ក គឺ​ក្រុមហ៊ុន Merck ដើម្បី​ផ្ដល់​ជូន​នូវ​អាជ្ញា​បណ្ណ​បន្ត សម្រាប់​ក្រុមហ៊ុន​ផលិត​ឱសថ​ផ្សេង​ៗ​ទៀត អាច​យក​រូបមន្ដ​ផលិត​ថ្នាំ​គ្រាប់​នេះ សម្រាប់​ផលិត​បន្ដ និង​ផ្គត់​ផ្គត់​ទៅ​ឲ្យ​ប្រទេស​ចំណូល​ទាប និង​មធ្យម​ជាង​១០០​ប្រទេស​នៅ​ទូ​ទាំង​សក​លោក​។ ក្នុង​នោះ​ដែរ ក៏​មាន​ក្រុមហ៊ុន​ចិន មួយ​ចំនួន បាន​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​បន្ដ សម្រាប់​ការ​ផលិត​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩ ពី​ក្រុមហ៊ុន​អា​មេ​រិ​ក Merck នេះ​ផង​ដែរ​។

បើ​ទោះបីជា ក្នុង​ករណី​ក្រុមហ៊ុន​ចិន​អាច​នឹង​ទទួល​បាន​អាជ្ញា​បណ្ណ​បន្ដ សម្រាប់​ការ​ផលិត​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩​ក៏​ដោយ ប៉ុន្ដែ ដោយសារ​តែ​ចិន មិន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​មាន​ក្នុង​កិច្ចព្រមព្រៀង​របស់​ស្ថាប័ន​ប៉ាតង់ MPP ដូច្នេះ ក្រុមហ៊ុន​ចិន​ទាំងនោះ នឹង​មិន​អាច​លក់​ថ្នាំ​ដែល​ផលិត​បាន នៅ​ក្នុង​ប្រទេស​ចិន​បាន​ឡើយ​។ មាន​ន័យ​ថា ប្រទេស ដែល​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​កំណត់​ដោយ​ស្ថាប័ន​ប៉ាតង់​ឱសថ MPP នោះ​ទេ គឺ​ត្រូវ​តែ​ទិញ​ថ្នាំ​នេះ ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន Merck​។

លោក ឆាល ហ្គ័​រ (Charles នាយក​ប្រតិបត្តិ​ស្ថាប័ន​ប៉ាតង់​ឱសថ MPP ដែល​ស្ថិត​ក្រោម​អង្គការសហប្រជាជាតិ អះអាង​ថា​មាន​ក្រុមហ៊ុន​ជា​ច្រើន បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​ស្នើ​សុំ​អាជ្ញា​បណ្ណ​បន្ដ សម្រាប់​ការ​ផលិត​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩ រួម​មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ជាដើម​។​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សារព័ត៌មាន South China Morning Post​។

យ៉ាងណាមិញ ក្រុមហ៊ុន Merck កាលពី​ចុងខែ​តុលា​កន្លង​ទៅ​នេះ ក៏​បាន​ប្រកាស​ដែរ​ថា ខ្លួន​បាន​សម្រេច​នូវ​កិច្ចព្រមព្រៀង​មួយ ជាមួយនឹង​ស្ថាប័ន​ប៉ាតង់​ឱសថ MPP ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ​ទៀត អាច​ផលិត​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​នេះ ដើម្បី​ឲ្យ​ពិភពលោក​អាច​ទទួល​បាន​ថ្នាំ​នេះ​យក​ទៅ​ប្រើប្រាស់​ក្នុង​តម្លៃ​សមរម្យ​។ ដំណើរការ​ដាក់​ពាក្យ ដើម្បី​ទទួល​បាន​អាជ្ញា​បណ្ណ​ផលិត​បន្ដ​សម្រាប់​ថ្នាំ​គ្រាប់​នេះ គឺ​នឹង​ត្រូវ​បើក​ទទួល​ពាក្យ​សម្រាប់​តែ​រយៈពេល​២​ស​ប្ដា​ហ៍​ប៉ុណ្ណោះ​។ ទោះ​យ៉ាងណា មិនមែន គ្រប់​ក្រុមហ៊ុន​ដែល​បាន​ដាក់​ពាក្យ​មក សុទ្ធតែ​ត្រូវ​ទទួល​បានការ​ផ្ដល់​អាជ្ញា​បណ្ណ​ទាំង​អស់នោះ​ទេ ពោល​គឺ​វា​ត្រូវ​ឆ្លងកាត់​ការ​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​ពី​ស្ថាប័ន​ប៉ាតង់​ឱសថ MPP របស់​អង្គការសហប្រជាជាតិ​។ ការ​វាយតម្លៃ​នេះ គឺ​ផ្អែក​ទៅ​លើ​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នោះ​, ការ​តាំងចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផលិត និង​ការ​ចែកចាយ​ថ្នាំ​, បទ​ពិសោធន៍ និង​ការ​គ្រប់គ្រង​គុណភាព​របស់​ក្រុមហ៊ុន​នោះ​ជាដើម​។

ទោះ​យ៉ាងណា ថ្នាំ​គ្រាប់​ប្រឆាំង​កូ​វី​ដ របស់​ក្រុមហ៊ុន Merck នេះ គឺ​កំពុង​រង់ចាំ​ការ​អនុម័ត​យល់ព្រម ឬ​មិន​យល់ព្រម សម្រាប់​ការ​ប្រើប្រាស់ ពី​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​របស់​សហរដ្ឋអាមេរិក​នៅឡើយ​ទេ​។ ប៉ុន្ដែ បើ​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន ដែល​បាន​ធ្វើការ​សាកល្បង​លើ​ថ្នាំ​នេះ នា​ពេល​កន្លង​មក បង្ហាញ​ថា វា​មាន​ប្រសិទ្ធភាព​ជួយ​ការពារ​អ្នកជំងឺ​កូ​វី​ដ​១៩ មិន​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ និង​ស្លាប់​បាន​រហូត​ដល់​ទៅ ៥០%​ឯណោះ​។ ដូច្នេះ ប្រសិនបើ​វា​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ពី​សំណាក់​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​របស់​អា​មេ​រិ​ក​មែន​នោះ ថ្នាំ​គ្រាប់​មួយ​ប្រភេទ​នេះ នឹង​ក្លាយជា​ថ្នាំ​គ្រាប់​ដំបូង​គេ សម្រាប់​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​។

ស្ថាប័ន​ប៉ាតង់​ឱសថ MPP សង្ឃឹមថា ការ​បង្កើន​ការ​ផ្គត់​ផ្គង តាម​រយៈ​ការ​ផ្ដល់​អាជ្ញា​បណ្ណ​ផលិត​បន្ដ​សម្រាប់​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩​នេះ អាច​នឹង​ជួយ​ឲ្យ​តម្លៃ​ថ្នាំ​នឹង​មាន​កាន់តែ​ទាប សម្រាប់​លក់​ជូន​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ទូ​ទាំង​ពិភពលោក ពោល​គឺ​អាច​នឹង​មាន​តម្លៃ​ត្រឹមតែ ១០​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ថ្នាំ​មួយ​កញ្ចប់​ដែល​អាច​ប្រើប្រាស់​បាន​រយៈពេល​៥​ថ្ងៃ ខណៈ​ដែល​កន្លង​ទៅ​នេះ រដ្ឋាភិបាល​អា​មេ​រិ​ក បាន​ហ៊ាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ថ្នាំ​នេះ ដោយ​អា​មេ​រិ​ក​ទិញ​ក្នុង​មួយ​កញ្ចប់​តម្លៃ​ដល់​ទៅ ៧០០​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។ សូម​បញ្ជាក់​ថា គិត​មក​ត្រឹម​ដើមខែ​វិច្ឆិកា​នេះ ករណី​ឆ្លង​កូ​វី​ដ​១៩​សរុប​នៅ​ទូ​ទាំង​ពិភពលោក បាន​កើន​ដល់​ទៅ​ជាង ២៤៧​លាន​នាក់​ហើយ ក្នុង​នោះ អ្នក​ស្លាប់​បាត់បង់​ជីវិត​មាន​ជាង​៥​លាន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមគ្រោងសង់ផ្ទះតម្លៃសមរម្យ សម្រាប់កម្មករ និងអ្នកមានជីវភាពមិនសូវធូរធារ

ព័ត៌មាន
ក្រសួងសំណង់វៀតណាម ត្រូវការប្រាក់កម្ចីជិត៣ពាន់លានដុល្លារអាមេរិកដើម្បីគាំទ្រដល់អ្នកអភិវឌ្ឍលំនៅឋានសង្គមកិច្ច សម្រាប់គម្រោងលំនៅឋានសម្រាប់កម្មករ…

ជប៉ុនបន្ធូរបន្ថយវិធានការធ្វើដំណើរចូលសម្រាប់អ្នកជំនួញ និងសិស្សនិស្សិតបរទេស

ព័ត៌មាន
ប្រទេសជប៉ុនគ្រោងបន្ធូរបន្ថយវិធានការធ្វើដំណើរចេញចូលប្រទេសវិញជាបណ្ដើរៗហើយ សម្រាប់អ្នកដំណើរបរទេសដែលជា អ្នកជំនួញ សិស្សនិស្សិត និងអ្នករៀនថ្នាក់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ