ប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកយល់ព្រមបង្កើនទំនាក់ទំនងខ្សែចង្វាក់ផ្គត់ផ្គង់ឱ្យកាន់តែប្រសើរ


បណ្ដាប្រទេសក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) នឹងព្រមព្រៀងបង្កើនការចែករំលែកព័ត៌មាន និងប្រព័ន្ធមួយដែលបង្កើតប្រភពខ្សែចង្វាក់វាក់ផ្គត់ផ្គង់ជំនួសជាច្រើនក្នុងករណីមានការរំខានណាមួយកើតឡើងនៅតាមប្រទេសមជ្ឈមណ្ឌលផលិតមួយចំនួន។ នេះបើតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមមួយដែលគេរំពឹងថា នឹងចេញផ្សាយនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយដែលគ្រោងធ្វើនៅថ្ងៃទី ៨ និងទី៩ ខែកញ្ញានេះ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
ប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកយល់ព្រមបង្កើនទំនាក់ទំនងខ្សែចង្វាក់ផ្គត់ផ្គង់ឱ្យកាន់តែប្រសើរ

ប្រទេសចំនួន ១៤ ដែលចូលរួមក្នុងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិនដែលកំពុងតែកើនឡើងឥតឈប់ឈរនោះ មានបំណងត្រៀមខ្លួនសម្រាប់បញ្ហាកង្វះខាត និងការបិទការផ្គត់ផ្គង់បន្ទះឈីប និងសម្ភារៈសំខាន់ៗផ្សេងទៀត។

ប្រទេសដែលបានចូលរួមក្នុងក្របខណ្ឌ IPEF នេះរួមមានសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា ឥណ្ឌូនេស៊ី និងសិង្ហបុរី ហើយកិច្ចប្រជុំនេះគ្រោងនឹងធ្វើនៅទីក្រុង Los Angeles សហរដ្ឋអាមេរិកនៅថ្ងៃទី៨-៩ខែកញ្ញា ហើយវាជាកិច្ចប្រជុំដោយផ្ទាល់ជាលើកដំបូងដែលគេរំពឹងថា លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មរបស់អាមេរិក លោកស្រី Gina Raimondo រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក និងលោក Yasutoshi Nishimura រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនក៏គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

កិច្ចពិភាក្សាមួយចំនួននឹងត្រូវធ្វើឡើងដោយផ្អែកលើសសរស្តម្ភទាំងបួនរបស់ក្របខណ្ឌ IPEF នេះគឺ ភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ ថាមពលស្អាតនិងការបញ្ចេញកាបូន ពន្ធនិងការប្រឆាំងអំពើពុករលួយ និងវិស័យពាណិជ្ជកម្ម។ ប្រទេសមួយចំនួនកំពុងត្រៀមចេញផ្សាយសេចក្ដីថ្លែងការណ៍រួមមួយស្តីពីសសរស្តម្ភណាមួយ ដែលពួកគេបានសម្រេចជ្រើសយកដើម្បីចូលរួមក្នុងក្របខណ្ឌនេះ។ ចំណែកឯ សហរដ្ឋអាមេរិក និងជប៉ុនត្រូវគេរំពឹងថានឹងចូលរួមក្នុងសសរស្ដម្ភទាំងបួននេះ។

យោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ប្រជាជាតិមួយចំនួននឹងសហការគ្នាដើម្បីស្តារឡើងវិញនូវខ្សែចង្វាក់ផ្គត់ផ្គង់ដែលបានផ្អាកភ្លាមៗដោយសារជម្លោះ ឬក៏ការរីករាលដាលនៃជំងឺកូវីដ១៩។ ចំណែកប្រជាជាតិមួយចំនួនទៀត ក៏នឹងមានបំណងពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់តាមរយៈការធ្វើពិពិធកម្មទីតាំងផលិតកម្ម និងការអនុញ្ញាតឱ្យមានការស្តុកទុកកាន់តែច្រើនតាមរយៈការផ្លាស់ប្តូរព័ត៌មានកាន់តែប្រសើរឡើងក្នុងចំណោមប្រទេសទាំងនេះផងដែរ។

នៅពេលចាប់ផ្តើមនៃជំងឺការរាតត្បាតកូវីដ១៩ បណ្តាប្រទេសនៅជុំវិញពិភពលោកបានប្រញាប់ប្រញាល់ក្នុងការទទួលបានម៉ាស និងវ៉ាក់សាំង ហើយជួនកាលថែមទាំងមានការប្រកួតប្រជែងគ្នាសម្រាប់ការផ្គត់ផ្គង់ថែមទៀតផង។ ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់មានសភាពកាន់តែអាក្រក់ទៅៗបន្ទាប់ពីរុស្ស៊ីបានលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈធ្វើឱ្យតម្លៃឧស្ម័នធម្មជាតិ និងគ្រាប់ធញ្ញជាតិឡើងថ្លៃកាន់តែខ្លាំង។

ថ្មីៗនេះ ភាពតានតឹងជុំវិញកោះតៃវ៉ាន់បានបង្កើនហានិភ័យនៃខ្សែច្រវាក់ផ្គត់ផ្គង់មួយថែមទៀត ដោយបង្កើនតម្រូវការសម្រាប់ប្រទេសសម្ព័ន្ធមិត្តក្នុងការរៀបចំក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមទៀត៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


រុស្ស៊ីផ្អាកបង្ហូរឧស្ម័នឱ្យអឺរ៉ុបដោយគ្មានពេលកំណត់ ក្រោយG7សម្រេចជាផ្លូវការវិធានការកំណត់តម្លៃប្រេងរុស្ស៊ី

ព័ត៌មាន
កាលពីដើមសប្តាហ៍មុន គ្រាដែលរុស្ស៊ីប្រកាសផ្អាកបង្ហូរឧស្ម័នបណ្តោះអាសន្នរយៈពេល៣ថ្ងៃទៅឱ្យអឺរ៉ុបនោះ មេដឹកនាំអឺរ៉ុបបារម្ភថាម៉ូស្គូនឹងប្រើឱកាសនេះ …

ម្ចាស់តំណែងនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនឹងបើកបង្ហាញល្ងាចនេះ

ព័ត៌មាន
ចក្រភពអង់គ្លេសនឹងដឹងច្បាស់នៅថ្ងៃចន្ទ ទី០៥ ខែកញ្ញានេះថា តើអ្នកណានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួនដោយលោកស្រី Liz Truss ទទួលបានការគាំទ្រច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ