លោក ណាភិនថន ស្រ៊ីសានប៉ាង (Naphinthorn Srisanpang) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បាននិយាយកាលពីថ្ងៃអង្គារថា គ្រោះរាំងស្ងួតបានប៉ះពាល់ដល់តំបន់ដាំដុះ ស្រូវរបស់ប្រទេសឥណ្ឌូនេស៊ី ជាពិសេសនៅកោះជ្វា និងផ្នែកខ្លះនៃកោះស៊ូម៉ាត្រាខាងត្បូង។
លោកបន្ថែមថា កសិករនៅតំបន់ខ្ពង់រាបត្រូវបង្ខំចិត្តដាំដំណាំ ដែលប្រើប្រាស់ទឹកតិចដូចជាពោតជំនួសវិញ ដែលនេះហើយជាហេតុនាំឲ្យឥណ្ឌូនេស៊ីសម្រុកទិញអង្ករពីប្រទេសនានា។
លោក ណាភិនថន បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់ទី ២០ ក្នុងបញ្ជីអ្នកទិញ អង្កររបស់ប្រទេសថៃ កាលពីឆ្នាំមុន ដោយបានបញ្ជាទិញអង្ករចំនួន ត្រឹមតែប្រមាណជា ចំនួន ៩២ ពាន់តោន ដែលមានតម្លៃជាង ៤២ លានដុល្លារអាម៉េរិកប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេលត្រឹម ១០ ខែដំបូងនៃឆ្នាំនេះ បរិមាណអង្ករ ដែលឥណ្ឌូនេស៊ីបានទិញពីថៃ បានកើនឡើងយ៉ាងខ្លាំងដល់ ជាង ១ លានតោន ដែលមានតម្លៃ រហូតដល់ ជិត ៥២៣ លានដុល្លារ។
លោកបានបញ្ជាក់ថា “ឥណ្ឌូណេស៊ីឥឡូវជាទីផ្សារអង្ករលេខ ១ របស់ថៃ ហើយ អង្ករភាគច្រើនដែលនាំចូលទៅប្រទេសឥណ្ឌូនេស៊ី គឺជាអង្ករស” ។
ការនាំចេញអង្កររបស់ប្រទេសថៃ ចាប់ពីខែមករា ដល់ខែតុលាកន្លងទៅថ្មីៗនេះ មានចំនួនសរុបជិត ៧ លាន តោន ដែលមានតម្លៃ ជិត ៤ ពាន់លានដុល្លារកើនឡើង ១១,៤ ភាគរយធៀបនឹងរយៈពេលដដែលកាលពីឆ្នាំទៅ ។
មកដល់ពេលនេះគេដឹងថា ប្រទេសដែលទិញអង្ករពីថៃច្រើនជាងគេទាំង៥ គឺ មានប្រទេសឥណ្ឌូណេស៊ី អាម៉េរិក អាហ្វ្រិកខាងត្បូង អ៊ីរ៉ាក់ និងចិន។
លោក ណាភិនថន បានថ្លែងថា តម្រូវការអង្ករទំនងជាកើនឡើងថែមទៀត ដោយសារគ្រោះរាំងស្ងួត និងផលប៉ះពាល់របស់ បាតុភូតអែលនីណូ លើផលិតកម្មស្រូវ ហើយនឹងអាចបណ្តាលមកពីកង្វល់អំពីសន្តិសុខស្បៀង។
តាមការព្យាកររបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ នេះ ថៃរំពឹងថា នឹងនាំចេញអង្ករប្រមាណជា ៨ លានតោន៕
ដោយៈ សរ សុជាតិ