មហាសេដ្ឋីលើពិភពលោក

កំពូលមហាសេដ្ឋី១៤៨រូប រកប្រាក់ចំណូលបានជិត២ទ្រីលានដុល្លារក្នុងរយៈពេលមួយឆ្នាំ


អង្គការអុកស្វាម (Oxfam) បានអះអាងថា ក្នុងរយៈពេល១២ខែ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ មហាសេដ្ឋីពិភពលោកសរុបចំនួន១៤៨រូប រកប្រាក់ចំណូលសរុបបានរហូតដល់ទៅជិត១,៨ទ្រីលានដុល្លារ។ ក្នុងនោះមុខរបរដែលរកប្រាក់បានច្រើនជាងគេ គឺផ្នែកថាមពលដែលមានប្រេង និងឧស្ម័ន ក្រុមហ៊ុនឱសថព្រមទាំងក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុ ហើយនៅក្នុងចំណោមកំពូលមហាសេដ្ឋីទាំងនោះ មានកំពូលមហាសេដ្ឋី៥រូបដែលទ្រព្យសម្បត្តិរបស់ពួកគេបានកើនឡើង១១៤%។
មហាសេដ្ឋីលើពិភពលោក
ដោយ

ចាប់តាំងពីឆ្នាំ២០២០មក ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋី៥រូប បានកើនឡើង១១៤%ឈានដល់៨៦៩ពាន់លានដុល្លារ ហើយបើនិយាយអំពីប្រាក់ចំណូលរបស់កំពូលមហាសេដ្ឋីទាំង១៤៨រូបវិញ គឺទទួលបានជិត១,៨ទ្រីលានដុល្លារ ឯណោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNN ។

ពាក់ព័ន្ធនឹងកម្រិតប្រាក់ចំណូល និងបញ្ជីទ្រព្យសម្បត្តិដ៏មហាសាលនេះ ប្រភពដដែលបានដកស្រង់របាយការណ៍របស់អង្គការ Oxfam ថា ទ្រព្យសម្បត្តិរបស់ពួកគេបានកើនឡើងយ៉ាងខ្លាំងក្នុងគ្រាដែលប្រជាជនជិត៥ពាន់លាននាក់នៅទូទាំងពិភពលោក កំពុងតែស្ថិតក្នុងស្ថានភាពកាន់តែក្រីក្រ ដោយសារពួកគេប្រឈមនឹងបញ្ហាអតិផរណា សង្គ្រាម និងវិបត្តិអាកាសធាតុ។

អង្គការនេះបានអះអាងថា ដើម្បីលុបបំបាត់ភាពក្រីក្របាន គឺនឹងត្រូវប្រើពេលរហូតដល់ទៅជិត២៣០ឆ្នាំ បើផ្អែកតាមស្ថិតិ និងស្ថានភាពបច្ចុប្បន្ន។

របាយការណ៍ដែលទាញយកទិន្នន័យចងក្រងដោយទស្សនាវដ្តី Forbes នេះត្រូវបានចេញផ្សាយស្របពេលជាមួយនឹងការចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង ដាវូស (Davos) ប្រទេសស្វីស ខណៈដែលមេដឹកនាំពិភពលោក និងពណិជ្ជករធំៗជួបជុំគ្នានៅទីនោះ។

លោក ណាប៊ីល អាមេដ ( Nabil Ahmed ) នាយកផ្នែកយុត្តិធម៌សេដ្ឋកិច្ច និងជាតិសាសន៍នៃអង្គការអុកស្វាមអាមេរិក (Oxfam America) និយាយថា ទោះបីជាវិសមភាពកំពុងកើនឡើងក្ដី ក៏រដ្ឋាភិបាលនៃប្រទេសមួយចំនួនបានឈរនៅខាងពលរដ្ឋក្រីក្រ ដោយជំរុញឱ្យដាក់ចេញគោលនយោបាយនានាក្នុងគោលដៅពង្រឹងសិទ្ធិរបស់កម្មករនិយោជិត។

ងាកមកនិយាយពីទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីមានជាងគេបំផុតទាំង៥វិញ គឺមានដូចខាងក្រោម៖ ទី១៖ ទ្រព្យសម្បត្តិរបស់លោក អ៊ីឡុន ម៉ាស់ (Elon Musk) ដែលគ្រប់គ្រងក្រុមហ៊ុនជាច្រើនរួមទាំង Tesla និង SpaceX បានកើនឡើង៧៣៧%ឈានដល់ជាង២៤៥ពាន់លានដុល្លារ, ទី២៖ ទ្រព្យសម្បត្តិរបស់លោក ប៊ែរណាត អាណុល (Bernard Arnault) ប្រធានក្រុមហ៊ុនទំនិញប្រណីតរបស់បារាំង LVMH និងគ្រួសាររបស់លោកបានកើនឡើង១១១%ឈានដល់១៩១ពាន់លានដុល្លារ, ទី៣៖ ទ្រព្យសម្បត្តិរបស់លោក ជេហ្វ បេហ្សូស (Jeff Bezos ) ស្ថាបនិកក្រុមហ៊ុន Amazon បានកើនឡើង២៤%ឈានដល់ជាង១៦៧ពាន់លានដុល្លារ ទី៤៖ ទ្រព្យសម្បត្តិរបស់លោក ឡារី អេលីសុន (Larry Ellison) ស្ថាបនិកក្រុមហ៊ុន Oracle បានកើនឡើង១០៧%ឈានដល់ជាង១៤៥ពាន់លានដុល្លារ និងទី៥៖ ទ្រព្យសម្បត្តិរបស់ស្ដេចភាគហ៊ុន វ៉ារ៉េន ប៊ូហ្វេត (Warren Buffett) នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway បានកើនឡើង៤៨%ឈានដល់ជាង១១៩ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្ទង់មតិបង្ហាញថា អាម៉េរិកទទួលបានការជឿទុកចិត្តពីសាធារណជនតិចជាងគេ លើការគ្រប់គ្រងបច្ចេកវិទ្យាថ្មីៗ

ព័ត៌មាន
នៅមុនកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលចាប់ផ្ដើមក្នុងសប្តាហ៍នេះចាប់ពីថ្ងៃទី១៥ មករា ដល់ថ្ងៃទី១៩ មករា ការស្ទង់មតិមួ…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារទស្សនទានស្តីពីក្របខណ្ឌផែនការយុទ្ធសាស្រ្ត សម្រាប់ការងាររាជកិច្ច និងបណ្ណសារឆ្នាំ២០២៤-២០២៨

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ