ជំរឿនប្រជាជនចិន និងឥណ្ឌា

ចំនួនប្រជាជនឥណ្ឌា និងចិនកំពុងមាន ប្រដំប្រសងគ្នាហើយក្នុងរង្វង់ ១,៤ពាន់លាននាក់


ចិន ត្រូវបានគេស្គាល់ថាជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេបំផុតក្នុងលោក បន្ទាប់គឺប្រទេសឥណ្ឌា។ ប៉ុន្ដែ នៅឆ្នាំ២០២០ ចំនួនប្រជាជនចិន និងឥណ្ឌា ត្រូវបានគេប៉ាន់ស្មានថា គឺមានប្រហាក់ប្រហែលគ្នាហើយក្នុងរង្វង់ប្រមាណ ១,៤ពាន់លាននាក់។ កំណើនប្រជាជនឥណ្ឌាឡើងកៀកនឹងចំនួនប្រជាជនចិន ក៏ដោយសារតែកំណើនប្រជាជនចិននៅឆ្នាំ២០២០ មានការកើនតិចតួចប៉ុណ្ណោះ ណៈ ដែលអត្រាកំណើតថ្មីក៏បង្ហាញពីការធ្លាក់ចុះ ៤ឆ្នាំៗជាប់គ្នាផងដែរ។ នេះបើយោងតាមលទ្ធផលជំរឿនប្រជាជនចិន ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១១ឧសភា ហើយត្រូវបានព័ត៌មាន South China Morning Post។
ចំនួនប្រជាជនឥណ្ឌា និងចិនកំពុងមាន ប្រដំប្រសងគ្នាហើយក្នុងរង្វង់ ១,៤ពាន់លាននាក់ (រូបភាព៖Wikimedia Commons)
ដោយ

ជំរឿនប្រជាជនចិន ដែលធ្វើឡើងកាល​ពីចុងឆ្នាំមុនដោយ ការិយាល័យជាតិ​ស្ថិតិចិន បង្ហាញលទ្ធផលឲ្យឃើញថា ចំនួនពលរដ្ឋចិន​បានកើនឡើង​តិចតួច​បំផុតពី ១,៤ពាន់លាននាក់​នៅឆ្នាំ២០១៩ កើនមកដល់ ១.៤១២ លាននាក់នៅឆ្នាំ២០២០ ចំនួននេះ​មានការកើនឡើង គិតជាភាគរយ​មានប្រមាណ ០,៥%ប៉ុណ្ណោះ។

ដោយឡែក អត្រាកំណើតថ្មី បានបន្តធ្លាក់ចុះ​សម្រាប់ឆ្នាំទី៤ហើយ ក្នុងនោះស្រ្តីជនជាតិចិន បានផ្តល់កំណើតឲ្យ​ទារកចំនួន ១២លាននាក់​កាលពីឆ្នាំមុន​ធ្លាក់ចុះ ១៨%បើធៀប​រយៈពេលដូចគ្នា​កាលពីឆ្នាំ២០១៩ ក្នុងចំនួនជិត​១៥លាននាក់។

លទ្ធផលជំរឿន​​បង្ហាញទៀតថា អត្រានៃការមាន​កូន​នៅក្នុងប្រទេសចិ​នក្នុងឆ្នាំ២០២០ គឺស្រ្តីម្នាក់ជាមធ្យម​​មានកូនតែម្នាក់​ប៉ុណ្ណោះ ខណៈដែរឆ្នាំ២០១៩ ស្រ្តីម្នាក់គិត​ជាមធ្យមអាចមាន​កូនដល់ទៅ២នាក់។

គួររំឭកថា កាលពីចុងខែមេសា ទស្សនាវដ្តីដ៏ល្បីឈ្មោះមួយ គឺ Financial Time បានបញ្ចេញរបាយការណ៍ផ្ទុយគ្នា​ពីលទ្ធផលជំរឿនរបស់ចិនថា ពលរដ្ឋចិននៅឆ្នាំ២០២០​មានការធ្លាក់ខ្លាំង ដែលទំនងជាបណ្តាលមកពី​ស្ថានភាពហិរញ្ញវត្ថុ​របស់ប្រជាជន​ក្នុងប្រទេស​មហា​យក្សសេដ្ឋកិច្ចលំដាប់ទី​២មួយនេះមានការរង្គោះរង្គើរ។ 

យ៉ាងណាមិញ ការិយាល័យ​ស្ថិតិជាតិ​របស់ចិនបានច្រានចោល​របាយការណ៍នេះ ហើយអះអាងថា វាជារបាយការណ៍ ដែលមិនមានការគណនា​ត្រឹមត្រូវ និង​មានបំណងចង់បន្ទុចបង្អាក់​ការអភិវឌ្ឍក្នុងប្រទេសចិន។

យ៉ាងណាមិញ អាជ្ញាធរចិន ទទួលស្គាល់ថា ប្រជាជនខ្លួន​ទោះមានការកើនឡើងមែន តែវា​អាចស្ថិតក្នុងចំនួន​តិចតួចប៉ុណ្ណោះ ដោយសារតែ​ទិន្នន័យ​ប្រជាជនកាលពី១០ឆ្នាំមុន ពោលគឺប្រជាជនចិនមានជាង១ពាន់៣រយលាននាក់ក្នុងឆ្នាំ២០១០ គ្រាដែល១០ឆ្នាំក្រោយមក​នៅឆ្នាំ២០២០ មានប្រជាជនចិនមានជាង១ពាន់៤រយលាន់នាក់ ចំនួននេះមានការកើនឡើងជាង៥%ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ពេលនេះពលរដ្ឋចិន និងពលរដ្ឋឥណ្ឌា ហាក់មានតួលេខប្រដំប្រសងគ្នា​ហើយ ពោលគឺមាន​ប្រមាណ ១ពាន់៤រយលាននាក់ដូចគ្នា ប៉ុន្តែសម្រាប់ឥណ្ឌាតួលេខនេះ ជាតួលេខចាស់​នៅឡើយ ដោយឥណ្ឌា​មិនទាន់បាន​ធ្វើជំរឿនថ្មី​នោះទេ។ កន្លងមក ចិនជាប្រទេសមាន​ប្រជាជនច្រើនជាងគេក្នុងលោក ខណៈឥណ្ឌាឈរនៅលេខ២ ឯសហរដ្ឋអាមេរិកនៅលំដាប់ទី៣៕ 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃនៅសល់ថវិកា១០ ពាន់លានដុល្លារទៀត ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ រហូតដល់ដំណាច់ខែកញ្ញា

ព័ត៌មាន
រាជរដ្ឋាភិបាលថៃនៅសល់ថវិកាប្រមាណជិត១០ពាន់លានដុល្លារទៀតប៉ុណ្ណោះ ដើម្បីទុកប្រើប្រាស់ទប់ទល់នឹងវិបត្តិកូវីដ-១៩ រហូតដល់ដំណាច់ខែកញ្ញាខាងមុ...

ក្រុមហ៊ុនចិនកំពុងកាក់កបលក់បរិក្ខារពេទ្យ និងអុកស៊ីហ្សែនទៅឲ្យឥណ្ឌា

ព័ត៌មាន
ក្រុមហ៊ុនឯកជនក្នុងប្រទេសចិន ដែលផលិត និងចែកចាយសម្ភារបរិក្ខារពេទ្យ ជាពិសេស គឺអុកស៊ីហ្សែនតែម្តង កំពុងត្រូវប៉ាន់ខ្លាំងមែនទែន ក្រោយពីមានតម្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ