វិស័យថាមពលចិន - ធ្យូងថ្ម

ចិនអាចជួបកង្វះខាតថាមពលម្តងទៀតដែរទេ ក្រោយឥណ្ឌូនេស៊ីផ្អាកការនាំចេញធ្យូងថ្មបណ្តោះអាសន្ន?


អ្នកជំនាញលើវិស័យថាមពលបានអះអាងថា ចិនទំនងជានឹងជួបផលប៉ះពាល់រយៈពេលខ្លី ក្នុងការផ្គត់ផ្គង់ថាមពលក្នុងស្រុក ក្រោយប្រទេសឥណ្ឌូនេស៊ី បានប្រកាសផ្អាកការនាំចេញ ធ្យូងថ្មរបស់ខ្លួនជាបណ្តោះអាសន្នទៅឲ្យចិន។ យ៉ាងណាមិញ បើមានផលប៉ះពាល់រយៈពេលវែងណាមួយនោះ គេជឿថា ក្រុងប៉េកាំងនៅតែអាចគ្រប់គ្រងទិន្នផលធ្យូងថ្មបាន ដោយសារតែ ថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីប្រពៃណីចិននឹងចូលមកដល់ក្នុងពេលឆាប់ៗ ជាពេលវេលាដែលរោងចក្រសហគ្រាសឈប់សម្រាក ផ្អាកការងារផលិតកម្ម។វានឹងមិនមានតម្រូវការប្រើប្រាស់ថាមពលច្រើននោះទេរយៈពេលខ្លី។ នេះបើតាមសារព័ត៌មានSCMP។
រូបតំណាង៖ ការផលិតធ្យូងថ្មក្នុងប្រទេសចិន
ដោយ

ថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសនាំចេញធ្យូងថ្មដ៏ធំសម្រាប់ផលិតជាថាមពលអគ្គិសនីនោះ បានប្រកាសផ្អាកការនាំចេញធ្យូងថ្មសម្រាប់ខែមករាឆ្នាំ២០២២នេះ ដើម្បីធានាឲ្យបានការផ្គត់ផ្គង់នៅក្នុងស្រុក និងបញ្ចៀសការកាត់ផ្តាច់ចរន្ដអគ្គិសនី។

ដោយសារតែភាពជាប់គាំងនយោបាយ និងពាណិជ្ជកម្មរវាងប្រទេសចិន និងអូស្រ្តាលី ក្រុងប៉េកាំងបានបង្កើនការពឹងផ្អែកកាន់តែខ្លាំងលើការនាំចូលធ្យូងថ្មពីប្រទេសឥណ្ឌូនេស៊ី ដើម្បីបំពេញតម្រូវការនៅក្នុងស្រុក។ ជាក់ស្តែង នៅ១១ខែដំបូងឆ្នាំ២០២១ ចិននាំចូលធ្យូងថ្ម ពីឥណ្ឌូនេស៊ីចំនួនជិត ១៨០លានតោន ដែលចំនួននេះបានកើនឡើងជាង ៥៤% ឯណោះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ លើសពីនេះ ការនាំចូលធ្យូងថ្មពីឥណ្ឌូនេស៊ី តំណាងឲ្យជិត ៧៥% នៃការនាំចូលសរុបរបស់ប្រទេសចិន។ នេះបើតាមរបាយការណ៍ពីអាជ្ញាធរគយរបស់ចិន។

ដូចដែលខ្ញុំបានជម្រាបជូនខាងលើអញ្ចឹង ដោយសារភាពជាប់គាំងពាណិជ្ជកម្ម និងជម្លោះជាមួយអូស្រ្តាលី ការនាំចូលធ្យូងថ្មរបស់ចិន ពីអូស្ត្រាលីបានដាំក្បាលចុះជិត ៩០% នៅ១១ខែឆ្នាំ២០២១។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្អាកជាបណ្តោះអាសន្ននូវការនាំចេញធ្យូងថ្មរបស់ឥណ្ឌូនេស៊ី ត្រូវបានអ្នកជំនាញជឿជាក់ថា ទីក្រុងប៉េកាំងអាចគ្រប់គ្រងស្ថានការណ៍នេះបាន។ ហេតុអីបានថាគ្រប់គ្រងបាន នោះក៏ដោយសារតែ តម្រូវការប្រើប្រាស់ថាមពល ពិសេសនៅតាមរោងចក្រ សហគ្រាស នឹងមិនមានច្រើនឡើយអំឡុងថ្ងៃសម្រាករយៈពេលវែងនៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលចូលមកដល់នៅចុងខែមករាខាងមុខនេះ។ នេះបើតាមការអះអាងពី លោកឌូ រ៉ុយ អ្នកជំនាញផ្នែកធ្យូងថ្មក្នុងប្រទេសចិន។

លោកបានបន្ថែមថា តម្រូវការប្រើប្រាស់ថាមពលក្នុងខែកុម្ភៈជាខែឈប់សម្រាក គឺមានតិចតួចជាងខែណាៗទាំងអស់នៅរៀងរាល់ឆ្នាំ។ ជាក់ស្តែង តម្រូវការថាមពលសម្រាប់រោងចក្រ ស្មើនឹងជាង៦០%ទៅហើយនៃតម្រូវការសរុប។ ដូចនេះបុណ្យចូលឆ្នាំចិន នឹងជួយបន្ថយសម្ពាធកង្វះខាតធ្យូងថ្មរបស់ចិន ស្របពេលដែល ទីក្រុងហ្សាកាតា ផ្អាកនាំចេញតែសម្រាប់ខែមករាប៉ុណ្ណោះ។ អ្នកជំនាញ ជឿជាក់ថា វិបត្តិថាមពលក្នុងប្រទេសចិនដូចឆ្នាំទៅមិញនឹងមិនអាចកើតឡើងទៀតឡើយ។

គួរជម្រាបថា កន្លងមកចិនធ្លាប់តែពឹងផ្អែកខ្លាំងលើធ្យូងថ្មរបស់អូស្រ្តាលី ប៉ុន្តែដោយសារជម្លោះរវាងភាគីទាំងពីរ ធ្វើឲ្យចិនកាលពីឆ្នាំមុន បង្ខំចិត្តឈប់បញ្ជាទិញធ្យូងថ្ម ហើយដែលបណ្តាលឲ្យប៉េកាំងខ្លួនឯងជួបប្រទះវិបត្តិខ្វះខាតថាមពល និងរុញច្រានឲ្យតំបន់សំខាន់ៗជាច្រើននៅទូទាំងប្រទេស មិនមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់៕ 

None



អត្ថបទបន្ទាប់


បើកទំព័រឆ្នាំថ្មី! បុរី ប៉េង ហួត បញ្ចេញ​វីឡា​ភ្លោះ​ម៉ូដ​ថ្មី តម្លៃ​កាន់​តែ​ពិសេស​និង​រំលស់​១០០%​ជាមួយ​ធនាគារ​ដៃគូ​សហការ

ជាមួយប្រូម៉ូសិនប្រចាំខែមករា ស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២២ ពីបុរី ប៉េង ហួត អតិថិជននឹងទទួលបានការផ្ដល់ជូនកាន់តែអស្ចារ្យ និងអាចក្លាយជាម្ចាស់ផ្…

ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ ចេញសេចក្តីថ្លែងការណ៍រួមដ៏កម្រ ប្តេជ្ញាជៀសវាងសង្គ្រាមអាវុធនុយក្លេអ៊ែរ

ក្រុមប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ រួមមាន ចិន រុស្សី អង់គ្លេស សហរដ្ឋអាមេរិក និងបារាំង បានព្រមព្រៀងគ្នាកាលពីថ្ងៃច័ន្ទទី០៣ មករាដើមឆ្នាំ២០…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ