គម្រោងថាមពលធ្យូងថ្ម

ចិនសន្យាឈប់បង្កើតគម្រោងថាមពលធ្យូងថ្មថ្មីៗនៅក្រៅប្រទេស


បញ្ហាបម្រែបម្រួលអាកាសធាតុ កំពុងត្រូវបានពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេស ពាក់ព័ន្ធនឹងការឡើងកម្ដៅផែនដី គ្រោះទឹកជំនន់ និងខ្យល់ព្យុះជាដើម។ ប៉ុន្ដែ ទន្ទឹមនឹងនេះ ប្រទេសទាំងអស់ ហាក់ដូចជាពិបាកខ្លាំងមែនទែន ក្នុងការស្វែងរកការស្រុះស្រួលគ្នា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការកើនឡើងកំដៅផែនដីនេះ។ ជាក់ស្តែង បញ្ហាអាកាសធាតុ បានក្លាយជាប្រធានបទអាទិភាពមួយ ក្នុងចំណោមប្រធានបទផ្សេងទៀត ដែលបាននិងកំពុងលើកយកមកពិភាក្សាដោយប្រទេសសមាជិក ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦។
ក្រុមហ៊ុនធ្យូងថ្មនៅក្នុងប្រទេសចិនដែលជាការវិនិយោគជាមួយអូស្រ្តាលី

ក្នុង​សុន្ទរកថា​ថ្ងៃ​ដំបូង កាលពី​ថ្ងៃ​អង្គារ​ទី​២១​ខែកញ្ញា មហាអំណាច​ធំ​ៗ​ទាំង​ពីរ​គឺ​ចិន និង​សហរដ្ឋអាមេរិក បាន​ថ្លែង​អះអាង​រៀង​ៗ​ខ្លួន ពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​តាំងចិត្ត​ក្នុង​ការ​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ដែល​កំពុង​កើត​មាន​ក្នុង​ពេល​បច្ចុប្បន្ន​។

ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ង​ពីង បាន​ថ្លែង​ទៅ​កាន់​អង្គ​មហាសន្និបាត​ថា ចិន​នឹង​មិន​ផ្តល់​មូ​និ​ធិ​សម្រាប់​បង្កើត​គម្រោង​ថាមពល​ធ្យូង​ថ្មី​នៅ​ក្រៅប្រទេស​បន្ត​ទៀត​នោះ​ទេ​។ នេះ​ជា​ការ​សន្យា​ថ្មី​មួយទៀត​របស់​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង ដើម្បី​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​។

ទោះ​លោក​ស៊ី មិន​បាន​ពន្យល់​លម្អិត ប៉ុន្តែ​បើ​យោង​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ខាងលើ ការ​មិន​បន្ត​ផ្តល់​មូលនិធិ​សម្រាប់​គម្រោង​ថាមពល​ធ្យូ​ថ្ម នឹង​ឈាន​ទៅ​កំណត់​ចំនួន​រោងចក្រ​ធ្យូងថ្ម​របស់​ចិន​នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍ ឲ្យ​ស្ថិត​ក្នុង​ចំនួន​កំណត់​មួយ​ជាក់លាក់​។

ត្រូវ​បាន​ស្រង់​សំដី​ដើម​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ លោក​ស៊ី ជី​ង​ពីង បាន​និយាយ​ថា​៖ ប្រទេស​ចិន​នឹង​បង្កើន​ការ​គាំទ្រ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ក្នុង​ការ​ប្រើប្រាស់​ថាមពលបៃតង​ឲ្យ​បាន​ច្រើន និង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ឲ្យ​មក​នៅ​ទាប តាម​រយៈ​ការ​មិន​បង្កើត​គម្រោង​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ថ្មី​ៗ​នៅ​បរទេស​ទៀត​ឡើយ​។

គួរ​ជម្រាប​ថា នេះ​ជា​ការ​សន្យា​ម្តងទៀត របស់​ក្រុង​ប៉េ​កាំ​ង​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្រេច​ឲ្យ​បាន​នូវ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូ​និក​ឲ្យ​បាន​មុន​ឆ្នាំ​២០៣០ និង​សម្រេច​ឲ្យ​បាន កម្មវត្ថុ អព្យាក្រឹត​កាបូន ឬ កាត់​បន្ថយ ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ឲ្យ​ដល់​កម្រិត សូន្យ​នៅ​ឆ្នាំ ២០៦០​។

គួរ​បញ្ជាក់​ថា ថាមពល​ធ្យូងថ្ម​ជា​អ្នក​បង្កើត​ឲ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់ ប្រមាណ​៤០​ភាគរយ​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សរុប​លើ​ផែនដី​។ បើ​តាម​អង្គការ​តាមដាន​ឧស្ម័ន​កាបូ​និក ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​អង់គ្លេស ៨០%​នៃ​រោងចក្រ​ប្រើ​ធ្យូងថ្ម​នៅ​បរទេស​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ហើយ​ចិន ចិន​ក៏​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូ​និក​ច្រើន​ជាងគេ​ក្នុង​ពិភពលោក​ផង​ដែរ ពោល​គឺ ២៩%​នៃ​ឧស្ម័ន​កាបូ​និក​សរុប​ដែល​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស​ផែនដី​។ 

ទន្ទឹម​នឹង​ចិន​ប្រកាស​ឈប់​បង្កើត​គម្រោង​វិនិយោគ​ធ្យូងថ្ម​នៅ​ក្រៅប្រទេស​នេះ​ដែរ អា​មេ​រិ​ក​ឯណោះ​វិញ ក៏​សន្យា​បង្កើន​មូលនិធិ​ទ្វេ​ដង ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទប់ទល់​នឹង​វិបត្តិ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ​។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ បៃ​ឌិន​បាន​ថ្លែង​ទៅ​កាន់​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា លោក​នឹង​ធ្វើការ​ជាមួយ​ព្រឺ​ទ្ធ​សភា​អា​មេ​រិ​ក ដើម្បី​បង្កើន​មូលនិធិ​ទ្វេ​ដង​ក្នុង​ចំនួន​ប្រមាណ​១១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឲ្យ​បាន​មុន​ឆ្នាំ​២០២៤ ដើម្បី​ជួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​សម្រាប់​ដោះស្រាយ​បញ្ហា​អាកាសធាតុ​។

យ៉ាងណាមិញ ការ​ប្រកាស​របស់​សហរដ្ឋអាមេរិក​មិន​ត្រូវ​បាន​ក្រុម​អ្នកធ្វើការ​ផ្នែក​ធាតុអាកាស និង​សកម្មជន​បរិស្ថាន​សាទរ​នោះ​ទេ​។ មិន​សារ​ទរ​ក៏​ដោយសារ​តែ​ពួក​គេ​យល់​ថា ការ​តាំងចិត្ត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អា​មេ​រិ​ក មាន​ទំហំ​តិចតួច​បើ​ធៀប​ទៅ​នឹង​ទំហំ នៃ​ការ​បំផ្លាញ​បរិស្ថាន​របស់​អា​មេ​រិ​ក​។

សូម​បញ្ជាក់​ថា មិនមែន​តែ​ប្រទេស​ចិន​នោះ​ទេ​ដែល​ជា​អ្នក​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ដ៏​ច្រើន​សម្បើម​ទៅ​ក្នុង​បរិយាកាស សហរដ្ឋអាមេរិក​ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ក្រុម​ប្រទេស​អ្នកមាន ដែល​បញ្ចេញ CO2 ច្រើន​ជាងគេ​ផង​ដែរ​បន្ទាប់​ពី​ប្រទេស​ចិន​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រាប់ឲ្យក្រុមហ៊ុនអាកាសចរណ៍ត្រៀមខ្លួនបើកជើងហោះហើរទទួលទេសចរបរទេសឡើងវិញ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ថ្មីៗនេះ បានណែនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ត្រៀមលក្ខណៈសម្រាប់ការបើកការហោះហើរដឹកជញ្ជូនភ្ញៀវទេ…

អាមេរិកសច្ចាបន្តប្រកួតប្រជែងជាមួយចិន ប៉ុន្ដែនឹងមិនបង្កឲ្យមានសង្គ្រាមត្រជាក់ថ្មីនោះទេ

ព័ត៌មាន
មហាអំណាចសេដ្ឋកិច្ចលេខ១ពិភពលោក សហរដ្ឋអាមេរិក បានសច្ចាថា នឹងបន្តប្រកួតប្រជែងជាមួយមហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោក គឺប្រទេសចិន ដើម្បីប្រយោជន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ