
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា អាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ទំនិញរបស់ឥណ្ឌូនេស៊ី អាចនឹងរងពន្ធត្រឹមតែ១៩% ប៉ុណ្ណោះ ពេលនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ខណៈទំនិញអាម៉េរិក អាចនាំចូលមកកាន់ប្រទេសនេះដោយរួចពន្ធ។ នេះជាដំណឹងដ៏វិជ្ជមានមួយសម្រាប់ឥណ្ឌូនេស៊ី ដែលកាលពីមុនរងសម្ពាធពន្ធរហូតដល់៣២%។
បើតាមការអះអាងរបស់លោក ដូណាល់ ត្រាំ ក្រៅពីមិនយកពន្ធលើទំនិញនាំចូលអាម៉េរិក ហើយនោះ ឥណ្ឌូនេស៊ី ក៏បានយល់ព្រមទិញផលិតផលថាមពលពីអាម៉េរិក មានទំហំរហូតដល់១៥ពាន់លានដុល្លារ ផលិតផលកសិកម្មមានទំហំ៤,៥ពាន់លានដុល្លារ និងយន្តហោះចំនួន៥0គ្រឿងផងដែរ។
នៅពេលនេះប្រទេសនានា កំពុងរូតរះចរចារពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ជាថ្មីបន្តទៀត ដោយរួមទាំងវៀតណាម ដែលកាលពីថ្មីៗទទួលបានការបញ្ចុះពន្ធមកនៅត្រឹម២០% សម្រាប់ទំនិញផលិតនៅវៀតណាម និងពន្ធ៤០% លើទំនិញដែលនាំចេញឆ្លងកាត់ប្រទេសខ្លួន។ ពាក់ព័ន្ធការចរចាពាណិជ្ជកម្មថ្មីមុនពេលពន្ធនេះចូលជាធរមាននៅថ្ងៃទី១ ខែសីហា លោកត្រាំ បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយវៀតណាម ជិតបញ្ចប់ដែរហើយ។ តែយ៉ាងណាលោកមិនបានបញ្ជាក់ពីអត្រាពន្ធថ្មីរបស់វៀតណាមនោះទេ គ្រាន់តែអះអាងថា វាជារឿងមិនចាំបាច់៕
ដោយៈ សរ សុជាតិ