សហរដ្ឋអាមេរិក-សម្ព័ន្ធមិត្តណាតូ

ចូ បៃឌិនហោះទៅជួបសម្ព័ន្ធមិត្តអង្គការ NATO ពិភាក្សាវិធីទប់ទល់ចិន និងរុស្សី ក្រោយចប់កិច្ចប្រជុំ G7


លោក ចូ បៃឌិន ហោះទៅជួបសម្ព័ន្ធមិត្តអង្គការ NATO ដើម្បីពិភាក្សារកវិធីទប់ទល់ចិន និង រុស្សី។ ក្រោយបិទបញ្ចប់ជំនួបកំពូលក្រុមប្រទេសឧស្សាហកម្មជឿនលឿន ឬហៅកាត់ថា G7 នៅចក្រភពអង់គ្លេស រួចមក។ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការ ដំបូងបំផុតរបស់លោកក្នុងនាមជាប្រធានាធិបតីអាមេរិកទៅកាន់ទីក្រុង ប្រ៊ុចសេល ប្រទេសប៊ែលហ្សិច ជាទីកន្លែងដែលលោកបានជួបជាមួយសម្ព័ន្ធមិត្ត នៃ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ហៅកាត់ណាតូ (NATO)។
ថ្នាក់ដឹកនាំនៃក្រុមប្រទេសសមាជិក NATO ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននា ទីក្រុងប្រ៊ូស្សែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃច័ន្ទទី ១៤ ខែមិថុនា ឆ្នាំ២០២១ - Xinhua

កិច្ចប្រជុំពិភាក្សា​អំពី​ប្រធានបទ​ជា​ច្រើន ដោយ​ក្នុង​នោះ មាន​ទាំង​ប្រធានបទ​ទាក់ទង​នឹង​គូប្រជែង​ចិន និង រុ​ស្សី​ផង​ដែរ​។ អង្គការ​ណា​តូ គឺជា​បក្សសម្ព័ន្ធ​យោធា​មួយ ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ដែល​បាន​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​១៩៤៩ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប្រ៊ូ​ស្សែ​ល ប្រទេស​បែ​ល​ហ្ស៊ិ​ក​។ 

នៅ​ក្នុង​ជំនួប​កាលពីដើម​ស​ប្តា​ហ៍​នេះ ក្រុម​មេដឹកនាំ​នៃ​សមាជិក NATO បាន​ព្រមាន​ក្តែ​ង​ៗ​ថា​វត្តមាន​បច្ចុប្បន្ន​របស់​ប្រទេស​ចិន​កំពុង​ក្លាយជា «​បញ្ហា​ប្រឈម​ជា​ប្រព័ន្ធ​»​។ ការ​ព្រមាន​ដូច្នេះ បាន​បង្ហាញ​ពី​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​របស់​អង្គការ NATO មក​កាន់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង និង ហាក់បីដូចជា​ការ​បន្ថែម​សាំង​ទៅ​ក្នុង​ភ្លើង​ជម្លោះ​ដែល​កំពុង​ឆេះ​ងំ រវាង​ចិន និង អា​មេ​រិ​ក​ក្រោម​អាណត្តិ​លោក​ចូ​បៃ​ឌិន ក៏​ដូច​ជា​ជម្លោះ​រវាង​ចិន និង អឹ​រ៉ុ​ប រួម​ទាំង​អូស្ត្រាលី​ជាដើម​។

បន្ថែម​ពីលើ​នេះ​ទៅ​ទៀត លោក ចូ បៃ​ឌិន ថែម​ទាំង​បាន​ជំរុញ​ឲ្យ​ក្រុម​ប្រទេស​សមាជិក​អង្គការ NATO ទាំងអស់​ក្រោកឈរ​ប្រឆាំង​តទល់​នឹង​របប​ផ្តាច់​ការ​របស់​ប្រទេស​ចិន និង ការ​បង្កើន​ឥទ្ធិពល​យោធា​របស់​មហា​យក្ស​សេដ្ឋកិច្ច​លើ​លោក​មួយ​នេះ​។

យ៉ាងណាមិញ ក្រុម​មេដឹកនាំ​នៃ​សមាជិក​អង្គការ NATO ជា​ច្រើន​រូប​បាន​លើក​ឡើង​ឆ្លើយ​តប​មក​លោក ចូ បៃ​ឌិន វិញ​ថា ការ​ប្រឈម​មុខ​នឹង​ប្រទេស​រុ​ស្សី​នៅ​តែ​ជា​អាទិភាព​ទី​១ សម្រាប់​សម្ព័ន្ធមិត្ត អង្គការ NATO មិនមែន​តែ​ជា​ប្រទេស​ចិន​នោះ​ទេ​។ NATO ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​របស់​សហភាព​សូ​វៀត​នៅ​ឆ្នាំ ១៩៤៩ ពោល​គឺ​បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី ២ បិទ​បញ្ចប់​។

ជាក់ស្តែង បើ​តាម​ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​ថា ក្រុម​សម្ព័ន្ធមិត្ត NATO នឹង​រិះរក​វិធី​ពង្រឹង​ការ​ការពារ​ជា​រួម​មួយ ជាមួយនឹង​សមាជិក​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​នឹង​សកម្មភាព​យោធា​ដែល​កំពុង​មាន​វត្តមាន​យ៉ាង​សន្ធឹកសន្ធាប់ កាន់តែ​ច្រើន​ឡើង របស់​រុ​ស្សី​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ពិសេស​នៅ​តាម​តំបន់​ព្រំដែន​ប្រទេស អ៊ុយ​ក្រែ​ន​។

ជុំវិញ​ទៅ​នឹង​ការ​លើក​ឡើង​នានា នៅ​ក្នុង​កិច្ចប្រជុំ​របស់​សម្ព័ន្ធមិត្ត​អង្គការ NATO ដែល​បាន​ដាក់បន្ទុក​លើ​ប្រទេស​ចិន​ថា ជា​មេ​បញ្ហា និង ជា​ការ​គម្រាមកំហែង​នេះ ត្រូវ​បាន​ស្ថាន​បេស​សកម្ម​ចិន​ប្រចាំ​នៅ​សហភាព​អឺរ៉ុប បាន​ធ្វើការ​ឆ្លើយ​តប​មក​វិញ​ភ្លាម​ៗ យ៉ាង​ចាស់ដៃ​ដែរ​ថា​៖ ការ​លើក​ឡើង​របស់​សម្ព័ន្ធមិត្ត NATO ខាងលើ​នេះ គឺជា​ការ​បង្កាច់​បង្ខូចឈ្មោះ និង​ធ្វើ​ឲ្យ​អាប់ឱន​ដល់​កិត្យានុភាព និង ការ​អភិវឌ្ឍ​ប្រកបដោយ​សន្តិភាព​របស់​ចិន​។

ស្ថាន​បេស​សកម្ម​ចិន​ប្រចាំ​នៅ​សហភាព​អឺរ៉ុប បញ្ជាក់​ពី​ជំហរ​យ៉ាង​រឹង​មាំ​ថា ចិន​តែងតែ​ប្រកាន់ខ្ជាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​សន្តិភាព និង មិន​ដែល​ចង់​ក្លាយជា​ការ​គម្រាមកំហែង​សម្រាប់​នរណា​ម្នាក់​នោះ​ទេ​។

ផ្ទុយ​ទៅ​វិញ ប្រសិនបើ​មាន​ភាគី​ណាមួយ​ចង់​ក្លាយជា​បញ្ហា​ប្រឈម ឬ ការ​គម្រាមកំហែង​ដល់​ចិន នោះ​ចិន​ក៏​មិន​នៅ​ស្ងៀម​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនផ្អាកការនាំចូលផលិតផលអាហារកកពីប្រទេសចំនួន ១១ រួមទាំងកម្ពុជា

ព័ត៌មាន
កំពង់ផែអន្តរជាតិនៅក្នុងខេត្តគ័ងទុងប្រទេសចិន បានសម្រេចផ្អាកការនាំចូលផលិតផលចំណីអាហារកកពីប្រទេសក្នុងតំបន់អាស៊ីចំនួន១១ ដែលក្នុងនោះ ក៏មានក…

ជប៉ុនបញ្ជូនវ៉ាក់សាំង១លានដូសទៅឲ្យវៀតណាម និងគ្រោងបញ្ជូនទៅឲ្យប្រទេសអាស៊ានផ្សេងទៀត

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់របស់ជប៉ុនបានបញ្ជាក់អះអាងថា ប្រទេសជប៉ុននឹងបញ្ជូនវ៉ាក់សាំង១លានដូសទៅឲ្យវៀតណាម នៅថ្ងៃទី ១៦ខែមិថុនា គឺនៅថ្ងៃនេះតែម្ដង ហើយក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ