នុយក្លេអ៊ែរចិន

រូបថតពីផ្កាយរណបបង្ហាញថា ចិនកំពុងមានកន្លែងសាកល្បងនុយក្លេអ៊ែរថ្មីក្នុងតំបន់ស៊ីនជាំង


ប្រទេសចិនកំពុងពង្រីកកន្លែងសាកល្បងនុយក្លេអ៊ែររបស់ខ្លួននៅក្នុងតំបន់ស្វយ័ត ស៊ីនជាំង នេះបើតាមការវិភាគក្នុងរូបថតផ្កាយរណប ដែលប្រមូលដោយសារព័ត៌មានរបស់ជប៉ុន Nikkei។ អ្នកជំនាញកំពុង ចោទជាសំណួរថាតើ ការរត់ប្រណាំងអាវុធនុយក្លេអ៊ែររវាងចិនជាមួយអាមេរិកកំពុងកើតឡើងហើយមែនទេ នៅចំពេលដែលពិភពលោកកំពុងរង្គោះរង្គើកាន់តែខ្លាំងឡើង ក្រោយពីការផ្ទុះសង្គ្រាមឡើងនៅប្រទេសអ៊ុយក្រែននោះ?
រូបភាពពីផ្កាយរណប ថតយកទីតាំងបាញ់សាកល្បងនុយក្លេអ៊ែរចិន ក្នុងតំបន់ស៊ីនជាំង (រូបភាព៖ Nikkei Asia) )
ដោយ

ទីតាំងសាកល្បងនុយក្លេអ៊ែរ​ក្នុងតំបន់ស៊ីនជាំងរបស់ចិន បានផ្អាកការសាកល្បងអស់មួយរយៈធំមកហើយ។ ប៉ុន្តែថ្មីៗនេះ Nikkei បានទើបទទួលបាននូវ​រូបភាពថតដោយផ្កាយរណប ហើយត្រូវបានបញ្ជាក់ដោយអ្នកជំនាញមួយចំនួនថា ចិនកំពុងពង្រឹង​សមត្ថភាពសាកល្បងនុយក្លេអ៊ែររបស់ខ្លួនឡើងវិញហើយនាពេលនេះ។

បើតាមការពិនិត្យ​ដោយអ្នកជំនាញ ចិនកំពុងពង្រីកទីតាំងនុយក្លេអ៊ែរកាន់តែធំ​ស្របតាម​តំបន់ជួរភ្នំ ដ៏ក្តៅហើយស្ងួតហួតហែង។ រូបភាពដែលទំនង​ជាកំទេចកំទីថ្មនៅក្បែរនោះ ត្រូវបានគេសន្និដ្ឋានថា ជាការជីកកកាយដើម្បីធ្វើរូងក្រោមដីសម្រាប់កន្លែងបាញ់សាកល្បងទី៦ ពោលគឺបាញ់ចេញពីក្រោមដីតែម្តង​។

ក្រៅពីនោះ គេឃើញមាន​ខ្សែបញ្ជូនថាមពល និងគ្រឿងបរិក្ខារសម្រាប់ផ្ទុកជាតិផ្ទុះខ្លាំង​ត្រូវបានដំឡើងនាពេលថ្មីៗនេះផងដែរ។ បើគេមើលពីលើផ្កាយរណប តាមរយៈរូបភាពដែលថតបាននោះ គេឃើញមានផ្លូវដែលបញ្ចេញពណ៌ស តំណាងថាជាផ្លូវថ្មី ដែលមិនទាន់បានក្រាលកៅស៊ូនោះទេ។ ផ្លូវនេះភ្ជាប់នាំពីប៉ុស្តិ៍បញ្ជាការដ្ឋានធំ ក្នុងទិសដៅផ្សេងៗគ្នាទៅកាន់រូងនៃទីតាំងបាញ់បង្ហោះ។

ភស្តុតាងនៃការសាងសង់ថ្មី​ទាំងនេះ ត្រូវថត​បាន​ដោយផ្កាយ​រណបចម្ងាយ ៤៥០គីឡូម៉ែត្រពីនៃផ្ទៃ​ផែនដី នៅចំពីលើ​តំបន់​​​ភាគអាគ្នេយ៍​នៃ​​តំបន់​​ស្វយ័ត Xinjiang ភាគខាងលិចប្រទេសចិន។ អ្នកវិភាគជាច្រើនជឿថា តំបន់សាកល្បងនុយក្លេអ៊ែរ​សម្ងាត់នេះ ត្រូវបានរក្សាសុវត្ថិភាព និងរៀបចំដោយកងទ័ពរំដោះប្រជាជនចិន។

អ្នកជំនាញមួយរូបរបស់ All Source Analysis ដែលជាក្រុមហ៊ុនជំនាញភូមិសាស្ត្រ​ឯកជនមួយរបស់សហរដ្ឋអាមេរិកបានប្រាប់ Nikkei ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ចិនអាចសាកល្បងនុយក្លេអ៊ែរបាន​គ្រប់ពេលវេលា ជាពិសេសនៅក្រោយពេលគេ​ភ្ជាប់ខ្សែបណ្តាញអគ្គិសនី និងប្រព័ន្ធផ្លូវបាន១០០%។

ចិនមានបំណង​ចង់ក្លាយជាមហាអំណាចយោធា​ស្មើមុខស្មើមាត់​នឹង​អាមេរិកនៅពាក់កណ្តាលសតវត្សរ៍ទី២១នេះ។ ដើម្បីបំពេញមហិច្ឆតាដ៏មហិមានេះ និងក្រៅតែពីខំប្រឹងធ្វើទំនើបកម្មយោធាខ្លួនឯង ចិនក៏ផ្តល់ឱ្យរដ្ឋ​មួយចំនួន​ដែលមិនទាន់មាន​ការអភិវឌ្ឍយោធាខ្លាំង នូវសម្ភារៈយោធារបស់ចិនផងដែរ។

ចិនមានយោធាជាង២លាននាក់ ថ្វីបើចំនួននេះ​ជាចំនួនទ័ពច្រើនបំផុត​នៅលើពិភពលោកនិងច្រើនជាងសហរដ្ឋអាមេរិកដល់ទៅ ១,៥ ដងក៏ដោយ ប៉ុន្តែចិនកំពុងពិបាកជ្រើសរើសទាហានក្មេងៗថ្មីៗ​ឱ្យបានគ្រប់គ្រាន់តាមគម្រោង។ នេះក៏ដោយសារតែគោលនយោបាយឱ្យមានកូនតែមួយ ធ្វើឱ្យខ្វះខាតកំលាំងពលកម្មថ្មី ទាំងក្នុងវិស័យឯកជនផងដែរ។

ប្រធានាធិបតីស៊ី ជីនពីង ធ្លាប់បាននិយាយថា បក្សកុម្មុយនិស្តចិនគ្រប់គ្រង​យ៉ាងល្អលើកងទ័ពនៅទូទាំងប្រទេស ប៉ុន្តែមែនទែន​ទៅប្រព័ន្ធ​យោធារបស់ចិន​នៅតែមានអំ​ពើពុករលួយ និងបក្ខពួកនិយម។ រដ្ឋបាលក្រុងប៉េកាំងក្រោមកណ្តាប់ដៃរបស់បុរសខ្លាំង ស៊ី ជីនពីង សច្ចាធ្វើទំនើបកម្មយោធា ហើយក៏សញ្ជឹងគិតអំពីការបង្រួបបង្រួមចិនតែមួយផងដែរ ក្នុងនោះគឺពាក់ព័ន្ធនឹងការយកកោះតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យបាន​ជាដា់ខាត។ ប៉ុន្តែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបាននិងកំពុងផ្តល់​ជាគំរូឱ្យចិន​ពិចារណា ទាំងលើហានិភ័យយោធា នយោបាយ និងសេដ្ឋកិច្ចដែលខ្លួនត្រូវប្រឈមមុខ ប្រសិនបើសម្រេចយកតៃវ៉ាន់ដោយកម្លាំងមែននោះ។ គួរជម្រាបដែរថា រុស្ស៊ី​ផ្គត់ផ្គង់វត្ថុធាតុដើមយោធាផ្នែករឹងដល់ចិន​ជាង ៦៦% នៃការនាំចូលសរុប។

បញ្ហាមួយទៀតគឺនៅត្រង់ថា តើអាវុធនុយក្លេអ៊ែរអាចត្រូវបានគេយកមកប្រើប្រាស់ទេ ក្នុងគ្រាដែលចិន និងអាមេរិកសុទ្ធតែមានសមត្ថភាពពេញដៃបែបនេះ។ សូមរំឭកថា ចិនបានសាកល្បងនុយក្លេអ៊ែរនៅក្រោមដីចំនួនប្រាំដងក្នុងប្រវត្តិរ​បស់ខ្លួន ដែលលើកចុងក្រោយធ្វើឡើងក្នុងឆ្នាំ ១៩៩៦។ ចំណែកចិន ក៏ខានបានធ្វើសង្គ្រាមលើសមរភូមិផ្ទាល់ជាយូរយារដែរមកហើយ ពោលគឺបទពិសោធន៍ប្រយុទ្ធពិតប្រាកដចុងក្រោយរបស់ចិន គឺសង្គ្រាមរវាងចិន-វៀតណាមក្នុងឆ្នាំ ១៩៧៩៕




អត្ថបទបន្ទាប់


អតិថិជន និងភ្នាក់ងារ ពីររូបឈ្នះរង្វាន់ម៉ូតូពីរគ្រឿងដំបូងពី លី ហួរ វេរលុយ

ព័ត៌មាន
អតិថិជន និងភ្នាក់ងារ របស់ លី ហួរ វេរលុយ ចំនួនពីររូប បានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរី ឆ្នាំ ២០២២ ចំនួន ពីរគ្រឿង សម្រាប់ខែទី១ ន…

រោងចក្រនៅអាស៊ីចំណាយថ្លៃដើមខ្ពស់ ប៉ុន្ដែការបញ្ជាទិញចុះខ្សោយ កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំងដល់សេដ្ឋកិច្ចសកល

ព័ត៌មាន
រោងចក្រនៅអាស៊ីនៅពេញនៅពេញមួយខែកក្កដា បានជួបនឹងការលំបាកទាំងខ្សែចង្វាក់ផ្គត់ផ្គង់នឹងការបញ្ជាទិញ ដែលបង្កឡើងដោយសារការរឹតបន្តឹង សុវត្ថិភាពកូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ