ប្រទេសចិន-ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីបើកការស៊ើបអង្កេតលើការនាំចេញរ៉ែនីកែលខុសច្បាប់តម្លៃជិត១ពាន់លានដុល្លារទៅចិន


អាជ្ញាធរឥណ្ឌូនេស៊ីកំពុងបើកការស៊ើបអង្កេតលើការនាំចេញរ៉ែនីកែលដោយខុសច្បាប់ទៅកាន់ប្រទេសចិន ក្នុងបរិមាណ៥លាន៣សែនតោន ដែលមានតម្លៃរហូតដល់ទៅជាង១៤ទ្រីលានរូពៀ ឬជិត១ពាន់លានដុល្លារ ក្នុងរយៈពេល២ឆ្នាំកន្លះ ពោលគឺចាប់តាំងពីដើមឆ្នាំ២០២០មក។ រ៉ែនេះត្រូវបានគេដឹងថា ជាវត្ថុធាតុដើមសំខាន់សម្រាប់ឧស្សាហកម្មរថយន្តអគ្គីសនី ដែលកំពុងតែរីកចម្រើនខ្លាំងនៅ ក្នុងប្រទេសចិន។
ឥណ្ឌូនេស៊ីស៊ើបអង្កេតការនាំចេញរ៉ែនីកែលចំនួន៥,៣លានតោនទៅចិនដោយខុសច្បាប់

យោងតាមសារព័ត៌មានសិង្ហបុរី the Straits Times, ថ្មីៗនេះ គណៈកម្មាធិការលុបបំបាត់អំពើពុករលួយនៅឥណ្ឌូនេស៊ី បានបង្ហាញឱ្យឃើញថា រ៉ែនីកែលចំនួន៥លាន៣សែនតោន ដែលគេយកចេញពីអណ្ដូងរ៉ែនៅក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានបញ្ជូនដោយខុសច្បាប់ទៅកាន់ប្រទេសចិនចាប់ពីខែមករា ឆ្នាំ ២០២០ ដល់ខែមិថុនា ឆ្នាំ ២០២២។ តាមសេចក្តីរាយការណ៍នេះ គេសង្ស័យថា រដ្ឋបានបាត់បង់ចំណូលពីសួយសារអាករនិងពន្ធនាំចេញ ចំនួនជាង៣៨លានដុល្លារ។

លោក មូហាមេត វាហ៊ីត ( Muhammad Wafid) អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានរ៉ែនិងធ្យូងថ្មនៅក្រសួងថាមពលនិងធនធានរ៉ែឥណ្ឌូនេស៊ី បាននិយាយថា ការិយាល័យរបស់លោកគឺកំពុង សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ រួមទាំងស្ថានទូតឥណ្ឌូនេស៊ីនៅទីក្រុងប៉េកាំង។

សារព័ត៌មានបានដកស្រង់សម្ដីរបស់លោកមកផ្សាយថា "យើងកំពុងផ្ទៀងផ្ទាត់អ្វីៗទាំងអស់ ពីព្រោះរ៉ែនីកែលត្រូវបានហាមឃាត់មិនឱ្យនាំចេញទេ"។

ស្ថាប័នប្រឆាំងអំពើពុករលួយឥណ្ឌូនេស៊ីចាប់ផ្តើមសង្ស័យជាលើកដំបូង ក្រោយពីបានឃើញគម្លាតគួរឱ្យកត់សម្គាល់ក្នុងតម្លៃនាំចេញរ៉ែនីកែលរវាងស្ថិតិរបស់ឥណ្ឌូនេស៊ីនិងស្ថិតិរដ្ឋបាលគយទូទៅរបស់ប្រទេសចិន។

លោក ដៀន ប៉ាទ្រៀ (Dian Patria) មន្រ្តីត្រួតពិនិត្យនៃគណៈកម្មាធិការលុបបំបាត់អំពើពុករលួយឥណ្ឌូនេស៊ី បានថ្លែងថា ស្ថាប័នលោកមិនមានព័ត៌មានលម្អិតអំពីប្រភពដើមរ៉ែនីកែលនាំចេញទាំងនោះទេ ប៉ុន្តែវាអាចមកពីអណ្តូងរ៉ែនៅស៊ូឡាវេស៊ី ( Sulawesi) ឬនៅម៉ាលូគូខាងជើង ( North Maluku) ដែលជាកន្លែងទាញយករ៉ែនីកែលដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី។

លោក នីវាឡា ឌ្វី ហេយាន់តូ ( Nirwala Dwi Heryanto) អ្នកនាំពាក្យនៃការិយាល័យគយនិងរដ្ឋាករនៃក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី បាននិយាយថា ការិយាល័យបានបញ្ជាក់ពីការរកឃើញនេះជាមួយសមភាគីចិន ហើយទទួលបានបញ្ជីឈ្មោះអ្នកនាំចេញ ហើយយើងនឹងចែករំលែកលទ្ធផលជាមួយគណៈកម្មាធិការលុបបំបាត់អំពើពុករលួយ។

ទីភ្នាក់ងារស្រាវជ្រាវភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបានឱ្យដឹងថា ឥណ្ឌូនេស៊ីមានរ៉ែនីកែលបម្រុងសរុបប្រមាណជា ២១ លានតោន ពោលគឺមានប្រមាណជាជិតមួយភាគបួននៃរ៉ែនីកែលបំរុងនៅក្នុងពិភពលោក។

ថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានស្នើឱ្យឥណ្ឌូនេស៊ីដកបម្រាមលើការនាំចេញរ៉ែនីកែលមិនទាន់ច្នៃរបស់ខ្លួន ដោយនិយាយថា ការកើនឡើងនៃការវិនិយោគបរទេសមិនទាន់ផ្ដល់អត្ថប្រយោជន៍ច្រើនឱ្យសេដ្ឋកិច្ចនៅឡើយ។ IMF បាននិយាយទៀតថា ទន្ទឹមនឹងនោះ ការហាមប្រាមបានបណ្តាលឱ្យមានអំពើពុករលួយ និងការស្វែងរកប្រាក់ចំណេញ។

ទោះជាយ៉ាងណា មន្ត្រីឥណ្ឌូនេស៊ីបានការពារគោលនយោបាយហាមឃាត់ការនាំចេញរ៉ែនីកែលមិនទាន់ច្នៃ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឥណ្ឌូនេស៊ីបានទទួលការវិនិយោគបរទេសរាប់ពាន់លានដុល្លារពីក្រុមហ៊ុនដែលមានបំណងផលិតរថយន្តអគ្គិសនី និងអាគុយនៅក្នុងប្រទេស៕




អត្ថបទបន្ទាប់


តើអ្វីទៅជាមូលហេតុនៅពីក្រោយខ្នងនៃការពន្យារអាណត្តិរបស់ប្រមុខអង្គការណាតូ?

មេដឹកនាំកំពូលដែលផុតអាណត្តិ នៃអង្គការសម្ព័ន្ធយោធាណាតូនឹងបន្តកាន់តំណែងកំពូលនេះមួយឆ្នាំទៀត «នៅក្នុងពិភពលោកមួយកាន់តែគ្រោះថ្នាក់»។ អគ្គលេខ…

គណៈរដ្ឋមន្ត្រីចាំផ្ទះថៃទុកបំណុលជាង២ពាន់លានដុល្លារ ឱ្យគណរដ្ឋមន្រ្តីថ្មីដោះស្រាយ

កញ្ចប់បំណុលដែលមានតម្លៃជិត ៧៩ ពាន់លានបាត ឬជាង២ពាន់២រយលានដុល្លារ ដែលរដ្ឋបាលរាជធានីបាងកកជំពាក់ប្រតិបត្តិកររថភ្លើងលើអាកាសនៅក្នុងទីក្រុង ត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ