ចិន-រុស្ស៊ី

ចិនជំរុញឱ្យមានសាមគ្គីភាពក្នុងអង្គការសហប្រតិបត្តិការសៀងហៃ ឯរុស្ស៊ីអរគុណសម្ព័ន្ធមិត្តចំពោះការគាំទ្រខ្លួនក្នុងរឿងទាហានបះបោរ


ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារ ទី ៤ ខែកក្កដា បានជំរុញឱ្យមេដឹកនាំនៃប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងរដ្ឋសមាជិកផ្សេងៗទៀតក្នុងអង្គការសហប្រតិបត្តិការសៀងហៃ បង្កើនទំនាក់ទំនងគ្នា និងទប់ទល់នឹងការដាក់ទណ្ឌកម្ម។ អំឡុងកិច្ចប្រជុំអនឡាញនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអំណរគុណសម្ព័ន្ធភាពនេះ ចំពោះការគាំទ្ររុស្ស៊ីអំឡុងពេលមានការបះបោរមិនបានស្រេចរបស់ក្រុមទាហានស៊ីឈ្នួលវ៉ែកនើរកាលពីខែមុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង AFP។
តើមេដឹកនាំបានផ្តោតលើរឿងអ្វីខ្លះក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ?
ដោយ

អង្គការសហប្រតិបត្តិការសៀងហៃ (SCO) កាលពីថ្ងៃអង្គារ បើកទ្វារទទួលស្វាគមន៍ប្រទេសអ៊ីរ៉ង់ ជាសមាជិកទី៩ ហើយបានពិភាក្សាអំពីប្រធានបទសំខាន់ៗលើពិភពលោក ដោយមានការចូលរួមពីប្រទេសធំៗដូចជាចិន និងរុស្ស៊ីផង ខណៈដែលប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ។ អ្នកសង្កេតការណ៍ និងដៃគូសន្ទនាផ្សេងទៀតក៏បានចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការអាស៊ីអឺរ៉ុបនេះផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ស៊ីនហួរ បានស្រង់សំដីលោក ស៊ី ជីនពីង ដែលអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងថែមទៀត ដើម្បីការពារសន្តិភាពក្នុងតំបន់ និងធានាសន្តិសុខរួម ក៏ដូចជាពង្រឹងសាមគ្គីភាពរវាងគ្នានិងគ្នា។
ក្នុងឱកាសនោះ លោក ពូទីន បានថ្លែងអំណរគុណអង្គការសហប្រតិបត្តិការសៀងហៃដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ចំពោះការគាំទ្ររុស្ស៊ី។ លោកបានបន្តថា រុស្ស៊ីកំពុងទប់ទល់នឹងសម្ពាធពីខាងក្រៅ, ការដាក់ទណ្ឌកម្ម និងការបង្កហេតុ ដោយមានទំនុកចិត្ត។
ក្រៅពីនោះ អ្វីដែលគេកត់ស្គាល់ខ្លាំងនោះគឺការចូលជាសមាជិកថ្មីរបស់អ៊ឺរ៉ង់ ដែលស្ថិតនៅមជ្ឈឹមបូព៌ា។ លោក អ៊ីប្រាហ៊ីម រ៉េស្ស៊ី (Ebrahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះកាលពីថ្ងៃអង្គារ បានថ្លែងថា «សមាជិកភាពរបស់ទីក្រុងតេរ៉ង់នឹងគាំទ្រដល់សន្តិសុខសមូហភាព ពង្រីកចំណងការទូតនិងទំនាក់ទំនង និងពង្រឹងការរួបរួមសាមគ្គីគ្នា»។

ទាន់ទិននឹងចំណុចនេះ លោក ហាស៍ វ៉ី ផេនថ៍ (Harsh V Pant) សាស្ត្រាចារ្យនៅមហាវិទ្យាល័យ (King's College London) បានលើកឡើងថា សមាជិកភាពរបស់អ៊ីរ៉ង់នឹងបង្កការព្រួយបារម្ភថែមមួយកម្រិតទៀត ចំពោះប្រទេសលោកខាងលិច ពីព្រោះបស្ចិមលោកយល់ថា បណ្តាប្រទេសដូចជារុស្ស៊ី ចិន ប៉ាគីស្ថាន និងអ៊ីរ៉ង់នេះ សុទ្ធសឹងជាប្រទេសដែលមានទំនោរប្រឆាំងនឹងលោកខាងលិច។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល មេដឹកនាំនៃប្រទេសដែលជាគូប្រជែងនឹងគ្នា គឺឥណ្ឌា និងប៉ាគីស្ថានបាននិយាយថា ប្រទេសអាហ្វហ្គានីស្ថាននៅតែជាកង្វល់សំខាន់របស់ពួកគេ និងរបស់អង្គការសហប្រតិបត្តិការសៀងហៃ។ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានព្រមានឱ្យដឹងអំពីហានិភ័យដែលអាហ្វហ្គានីស្ថានអាចក្លាយជាមូលដ្ឋានមួយសម្រាប់ការសាបព្រោះអស្ថិរភាព ខណៈដែលសមភាគីប៉ាគីស្ថាន លោក ស្សេប៉ាហ្ស សារីហ្វ (Shehbaz Sharif) បានអំពាវនាវឱ្យកំណត់ឡើងវិញជាបន្ទាន់អំពីការទាក់ទងកម្រិតអន្តរជាតិជាមួយរដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថាន។
នៅក្នុងកិច្ចប្រជុំនៅថ្ងៃអង្គារនោះដែរ លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ដោយព្រមានប្រឆាំងដាច់ខាតចំពោះ«បដិវត្តន៍ពណ៌ និងសង្គ្រាមត្រជាក់ថ្មី»។ ក្នុងសម្ដីផ្ទាល់ លោក ស៊ី បានថ្លែងថា៖ «យើងត្រូវតែប្រុងប្រយ័ត្នខ្ពស់ចំពោះកម្លាំងខាងក្រៅដែលបង្កើត«សង្រ្គាមត្រជាក់ថ្មី» និងបង្កើតការប្រឈមមុខដាក់គ្នានៅក្នុងតំបន់ ព្រមទាំងប្រឆាំងដាច់ខាតចំពោះប្រទេសណាមួយដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសមួយទៀត និងរៀបចំធ្វើ«បដិវត្តន៍ពណ៌»ក្រោមហេតុផលណាមួយ៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសសិង្ហបុរីថ្លែងថា សិង្ហបុរីនៅតែរកស៊ីជាមួយមីយ៉ាន់ម៉ា ប៉ុន្តែរារាំងការលក់ទំនិញគ្រោះថ្នាក់ខ្លះទៅទីនោះ

ព័ត៌មាន
សិង្ហបុរីត្រូវបានគេដឹងថាជារដ្ឋសមាជិកមួយនៅអាស៊ាន ដែលប្រឆាំងនឹងរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមកដល់ពេលនេះសិង្ហបុរីនៅតែជាដៃគូពាណ…

កំពូលអ្នកការទូតចិន ថា កូរ៉េខាងត្បូង និងជប៉ុន មិនអាចក្លាយជាបស្ចិមប្រទេសទេ និងស្នើឱ្យប្រទេសទាំងពីររួមដៃជាមួយចិន ផ្តល់កម្លាំងឱ្យអាស៊ីវិញ

ព័ត៌មាន
ប្រមុខការទូតចិនដ៏មានឥទ្ធិពល គឺលោក វ៉ាង យី កាលពីថ្ងៃចន្ទនេះ បាននិយាយបញ្ចុះបញ្ចូលឱ្យកូរ៉េខាងត្បូង និងជប៉ុន ចាប់ដៃគ្នាជាមួយប្រទេសចិន បង្កើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ