
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានប្រកាសគួរឱ្យភ្ញាក់ផ្អើលថា ឥណ្ឌូនេស៊ីនឹងក្លាយជាប្រទេសផលិតរថយន្តដោយខ្លួនឯងនៅក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ។ លោកបានអះអាងថា កញ្ចប់ថវិកា ក៏ដូចជាទីតាំងសម្រាប់កសាងរោងចក្រ ព្រមទាំងបញ្ហាភស្តុភាកម្ម និងតម្រូវការផ្សេងៗ ក៏បានត្រៀមរួចរាល់ផងដែរ ដើម្បីឈានទៅសម្រេចមហិច្ឆតា ដែលបានគ្រោងនៅក្នុងឆ្នាំ២០២៨ ខាងមុខនេះ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ បច្ចុប្បន្នឥណ្ឌូនេស៊ីបានផលិតរថយន្តយុទ្ធសាស្ត្រមួយចំនួន ដែលកំពុងប្រើប្រាស់ដោយមន្រ្តីរដ្ឋាភិបាល និងយោធា។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូនេស៊ី Antara រថយន្តដែលមន្ត្រីរដ្ឋាភិបាល និងយោធាកំពុងប្រើប្រាស់ ហើយស័ក្តិសមជារថយន្តពាណិជ្ជកម្មនោះ គឺម៉ាក Maung ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុក PT Pindad ដែលជាក្រុមហ៊ុនគ្រប់គ្រងវិស័យឧស្សាហកម្មយោធានៅក្នុងប្រទេសឥណ្ឌូនេស៊ីផ្ទាល់។
មកដល់ពេលនេះឧស្សាហកម្មរថយន្តកំពុងក្លាយជាទីផ្សារវិនិយោគដ៏ពេញនិយមបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែមានប្រទេសក្នុងតំបន់តិចណាស់ ដែលអាចសម្រេច និងកំពុងជោគជ័យក្នុងការផលិតរថយន្តរបស់ខ្លួនដោយខ្លួនឯង។
ឧស្សាហកម្មរថយន្តធំៗហើយល្បីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មាននៅប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ហើយថ្មីៗនេះ ក៏មានកម្ពុជា និងប្រទេសផ្សេងៗផងដែរ។ ប៉ុន្តែភាគច្រើននៃផលិតកម្មរថយន្តទាំងនេះជាឧស្សាហកម្មរថយន្តផ្គុំ និងដំឡើង ខណៈផលិតក្នុងស្រុកទាំងស្រុកមានតិចតួចបំផុត៕
ដោយៈ សរ សុជាតិ