របាយការណ៍ADB

របាយការណ៍ADB៖ ប្រទេសនៅទ្វីបអាស៊ីកំពុងមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងប្រទេសចិនជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ


ចិនជាយក្សសេដ្ឋកិច្ចលេខពីររបស់ពិភពលោក និងជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៅអាស៊ីផងដែរ ប៉ុន្តែដោយសារតែកំណើនយឺតខ្លាំងនៅក្នុងឆ្នាំនេះ ដែលបង្កឡើងដោយការរាតត្បាតកូវីដ១៩ បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីដូចគ្នា មានកំណើនលឿនជាងចិនជាលើកដំបូងមិនធ្លាប់មានក្នុងរយៈ៣០ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
អាស៊ីកំពុងរីកចម្រើនលឿនជាងចិនជាលើកដំបូងក្នុងពេល៣០ឆ្នាំចុងក្រោយ!

នៅក្នុងរបាយការណ៍ថ្មីអំពីទស្សនវិស័យសេដ្ឋកិច្ចអាស៊ី ដែលបានចេញផ្សាយនៅថ្ងៃពុធទី២១កញ្ញា ស្ថាប័ននេះបានបន្ទាបការព្យាករ​កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនឆ្នាំ២០២២ មកត្រឹម ៣,៣% ខណៈការព្យាករ​កាលពីខែមេសាធ្លាប់មានដល់៥%។ ADB ក៏បានកាត់បន្ថយការព្យាករណ៍សេដ្ឋកិច្ចចិននៅឆ្នាំ២០២៣ ពី ៤,៨% មកត្រឹម ៤,៥% ផងដែរ។

ស្ថិតក្រោមការគ្រប់គ្រង ដោយយុទ្ធសាស្ត្រគ្មានកូវីដ១៩ ប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់តំបន់អាស៊ីមួយនេះ ជាញឹកញយបានសម្រេចយកការបិទខ្ទប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃកូវីដ១៩ នៅគ្រាដែលប្រទេសផ្សេងទៀតបានបោះបង់ចោលស្ទើរអស់ទៅហើយចំពោះវិធានការទាំងនេះ។ ប្រទេសនានា បានបន្ធូរបន្ថយការរឹតបន្តឹងដើម្បីអនុញ្ញាតឱ្យ​សេដ្ឋកិច្ចរបស់ពួកគេងើបឡើងវិញចេញពីវិបត្តិ។

ក្នុងរបាយការណ៍ដដែល ADB បន្តថា ការបិទខ្ទប់របស់ចិនមិនត្រឹមតែប៉ះពាល់ដល់ចិនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលដល់ខ្សែចង្វាក់ផលិតកម្ម ផ្គត់ផ្គង់ និងដឹកជញ្ជូនផងដែរ។ ទាំងនេះបានបន្ថែមបន្ទុក ទៅលើបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដល់ប្រទេសផ្សេងទៀតក្នុងតំបន់ ដែលប្រឈមមុខរួចទៅហើយនូវហានិភ័យ​បង្កឡើង​ពីការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ បញ្ហានេះ បានជំរុញឱ្យមានអតិផរណា ស្បៀងអាហារនិងថាមពលឡើងថ្លៃជាសាកល ហើយបានធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដំឡើងអត្រាការប្រាក់គោលជាបន្តបន្ទាប់។

ស្របពេលដែលចិនកំពុងមានកំណើនយឺត ហើយត្រូវស្ថាប័ននានាកាត់បន្ថយការព្យាករថែមទៀតនោះ ប្រទេសកំពុងអភិវឌ្ឍទាំងអស់នៅអាស៊ីឯណោះវិញ បើធ្វើការរួមបញ្ចូល​គ្នាទៅ ត្រូវបាន ADB ព្យាករថា នឹងមានកំណើន ៤,៣% ក្នុងឆ្នាំ២០២២។

ទោះយ៉ាងណា អត្រានេះក៏ត្រូវបាន ADB កាត់បន្ថយផងដែរពី ៥,២%ដែលធ្លាប់ប៉ាន់ស្មានកាលពីខែមេសា។ ប៉ុន្តែបើសិនជាគេដកកំណើនរបស់ប្រទេសចិនចេញ មិនបូកបញ្ចូលសម្រាប់កំណើនក្នុងតំបន់ នោះតំបន់អាស៊ីនឹងមានកំណើនសេដ្ឋកិច្ចដល់ ៥,៣% ឯណោះ។ នេះសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់តំបន់បានកើនឡើងលើសពីកំណើនសេដ្ឋកិច្ចររបស់ចិន ដែលជាប្រទេសមានសេដ្ឋកិច្ច​ធំបំផុតក្នុងតំបន់ គិតក្នុងពេល៣ទសវត្សចុងក្រោយនេះ។

ទោះយ៉ាងណា សម្រាប់ឆ្នាំក្រោយឆ្នាំ២០២៣ ADB រំពឹងថាកំណើនសេដ្ឋកិច្ច​តំបន់អាស៊ី នឹងមានត្រឹម ៤,៩%ប៉ុណ្ណោះ ធ្លាក់ចុះពីការប៉ាន់ស្មាន ៥,៣%កាលពីលើកមុន។

គួរជម្រាបថា ក្រៅតែពីប្រទេសចិន ប្រទេសនៅអាស៊ីខាងត្បូងក៏បានសម្គាល់ឃើញពីការធ្លាក់ចុះសេដ្ឋកិច្ចមួយចំនួនដែរ។ ក្នុងនោះ ឥណ្ឌា ដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីខាងត្បូង ត្រូវបាន ADB បន្ថយការព្យាករពី ៧,៥% មកនៅត្រឹម៧% ក្នុងឆ្នាំនេះ។ ប្រទេសធ្លាក់ក្នុងវិបត្តិ គឺស្រីលង្កា ត្រូវ ADB ព្យាករថានឹងមានសេដ្ឋកិច្ចធ្លាក់ចុះ -៨,៨% ខណៈប៉ាគីស្ថានត្រូវបានព្យាករ​ធ្លាក់ចុះពីកំណើន ៦%ក្នុងត្រីមាសទី២​ មកនៅត្រឹម ៣,៣%។

សូមបញ្ជាក់ថា មានតែតំបន់អាស៊ីអាគ្នេយ៍របស់យើងប៉ុណ្ណោះ ដែល ADB បានបង្កើន​ព្យាករថា ឆ្នាំ២០២២ សេដ្ឋកិច្ចតំបន់ទាំងមូលនឹងមានកំណើន៥,១% ខណៈការព្យាករ​លើកមុនមានត្រឹម ៤,៩%។ ADB កត់សម្គាល់ទៀតថា ការ​ព្យាករ​​ប្រសើរជាង​មុន​នៅ​ឆ្នាំ​នេះ ក្នុងតំបន់អាស៊ាន​កើត​ឡើង​ចំ​ពេល​ដែល​ តម្រូវ​ការ​ក្នុង​ស្រុក​មានកាន់​តែ​ខ្លាំងនៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ជា​សេដ្ឋកិច្ច​ធំ​ជាង​គេ​នៅក្នុងតំបន់៕




អត្ថបទបន្ទាប់


មីយ៉ាន់ម៉ាគ្រោងបង្កើនការប្រើប្រាស់រូបិយបណ្ណរបស់ចិន និងរុស្ស៊ី ជំនួសការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិក

ព័ត៌មាន
ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងស្ថានភាពនយោបាយវឹកវរ និងរងទណ្ឌកម្មពីសំណាក់លោកខាងលិចផងនោះ កំពុងតែសម្លឹងរកមធ្យោបាយប្រើប្រាស់ប្រាក់យន់រប…

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ៥ចំណុច ដើម្បីចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនដើម្បីចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ