អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោក សួហាស៊ីល ណាហ្សារ៉ា (Suahasil Nazara) បានអះអាងថា ការសាងសង់រដ្ឋធានីថ្មី នូសានតារ៉ា នៅតែបន្តដំណើរការទៅមុខ ដោយមកដល់ពេលនេះគម្រោងដ៏មហិមានេះ ត្រូវបានរដ្ឋាភិបាលចំណាយថវិកាអស់ប្រមាណ៤,៧ពាន់លានដុល្លារហើយ។ ក្នុងនោះនៅឆ្នាំ២០២២ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចំណាយអស់ជាង៣៤០លានដុល្លារ លើការកសាងទីក្រុងនេះ បន្ទាប់មកនៅឆ្នាំ២០២៣ បានចំណាយអស់ជិត១,៧ពាន់លានដុល្លារ និងឆ្នាំ២០២៤ ចំណាយអស់ជាង២,៦ពាន់លានដុល្លារ។
បើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ថវិកាទាំងអស់នោះត្រូវបានចំណាយលើការសាងសង់គម្រោងយុទ្ធសាស្ត្រមួយចំនួនរួមទាំងការសាងសង់អគារនៅក្នុងតំបន់គ្រប់គ្រងដោយរដ្ឋ អគារសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរពេទ្យ អាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
តាមផែនការគម្រោងសាងសង់រដ្ឋធានី នូសានតារ៉ា នេះ គ្រោងចំណាយរហូតដល់ទៅ៣២ពាន់លានដុល្លារ ។ ទន្ទឹមនឹងជះលុយលើការកសាងអគាររដ្ឋបាល និងហេដ្ឋរចនាសម្ព័ន្ធចាំបាច់មូលដ្ឋាននានា រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏កំពុងលើកទឹកចិត្តឲ្យស្ថាប័នឯកជន និងវិនិយោគិនបរទេសចូលរួមវិនិយោគក្នុងគម្រោងនេះផងដែរ។
តាមផែនការដែលបានគ្រោងទុកកាលពីខែកញ្ញា ឆ្នាំ២០២៤ រដ្ឋាភិបាលឥណ្ឌូនេស៊ី មានផែនការបញ្ជូនមន្រ្តីស៊ីវិលចំនួន១ម៉ឺន២ពាន់នាក់ ទៅបម្រើការនៅរដ្ឋធានីថ្មីនេះ ប៉ុន្តែបានពន្យាពេលដោយសារគម្រោងនេះនៅប្រឈមមុខនឹងកង្វះការចូលរួមពីវិស័យឯកជន។ រដ្ឋធានីថ្មីនេះមានទីតាំងស្ថិតនៅតំបន់ខ្ពង់រាប កាលីម៉ាន់តាន់ (Kalimantan) នៅលើប្រជុំកោះ បណេអូ (Borneo)៕
ដោយៈ សរ សុជាតិ