
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) បានប្រកាសការរុះរើគណៈរដ្ឋមន្ត្រីដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបានធ្វើឱ្យរដ្ឋមន្ត្រីចំនួន៥រូប បានរបូតចេញពីតំណែង ក្រោយប្រទេសនេះរងការធ្វើបាតុកម្មរយៈពេល៥ថ្ងៃ ដែលបណ្តាលឱ្យមនុស្ស១០រូបបានស្លាប់។ ក្នុងចំណោមរដ្ឋមន្ត្រីទាំងនោះ ក៏មានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អតីតនាយកគ្រប់គ្រងធនាគារពិភពលោក និងរដ្ឋមន្ត្រីសម្របសម្រួលផ្នែកនយោបាយ និងសន្តិសុខផងដែរ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី ស្រ៊ី មុលយ៉ានី ដែលកាន់តំណែងក្នុងអាណត្តិប្រធានាធិបតី៣រូប ត្រូវបានជំនួសដោយសេដ្ឋវិទូ ពួរបាយ៉ា យុឌី សាដេវ៉ា (Purbaya Yudhi Sadewa) ដែលជាអតីតប្រធានសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើឥណ្ឌូនេស៊ី។ មកទល់ពេលនេះព័ត៌មានពីការរុះរើគណរដ្ឋមន្រ្តីឥណ្ឌូនេស៊ីនៅមិនទាន់ត្រូវបានរាយការណ៍លម្អិតនៅឡើយទេ ដោយគ្រាន់តែដឹងថា ក្រសួងដែលត្រូវរុះរើចំនួន៣ទៀតរួមមានក្រសួងការពារពលករចំណាកស្រុកឥណ្ឌូនេស៊ី, ក្រសួងសហករណ៍ និងសហគ្រាសធុនតូច និងមធ្យម និងក្រសួងយុវជន និងកីឡា។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អេភី បាតុកម្មដោយហិង្សាក្នុងរយៈពេល៥ថ្ងៃ ដែលបានផ្ទុះនៅចុងខែសីហា ហើយបានអូសបន្លាយដល់ដើមខែកញ្ញា បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១០ រូបបានស្លាប់ ក្រោយយុវជនវ័យ២១ឆ្នាំជាអ្នកដឹកជញ្ជូនអាហារបានស្លាប់ពេលប៉ះទង្គិចនឹងរថយន្តសមត្ថកិច្ចក្នុងអំឡុងពេលបាតុកម្ម។ ដំបូងឡើយបាតុកម្មនេះគ្រាន់តែជាការដង្ហែរក្បួនប្រឆាំងនឹងការបន្ថែមប្រាក់ឧបត្ថម្ភប្រចាំខែ ដែលមានចំនួនសរុបជាង៣ពាន់ដុល្លារដល់សមាជិសភាចំនួន៥៨០រូបប៉ុណ្ណោះ ប៉ុន្តែវាបានប្រែក្លាយទៅជាបាតុកម្មហិង្សា ក្រោយមានករណីស្លាប់យុវជនបានកើតឡើង៕
ដោយៈ សរ សុជាតិ