គម្រោងជីកព្រែកភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់

គម្រោងជីកព្រែកភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់សម្រាប់នាវាចរណ៍ និងប្រព័ន្ធភស្ដុរភារកម្ម ត្រូវបានរាជរដ្ឋាភិបាលអនុម័ត


របាយការណ៍ស្ដីពី«កិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់»ទទួលបានការអនុម័តទាំងស្រុងពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យគណៈកម្មការអន្តរក្រសួងធ្វើកិច្ចការលើគម្រោងនេះ បន្តសិក្សាពីផលប៉ះពាល់លើបរិស្ថាន ដែលបណ្តាលមកពីទឹកសមុទ្រ និងពិភាក្សាជាមួយគណៈកម្មាធិការចម្រុះ នៃគណៈកម្មការទន្លេមេគង្គបន្ថែមទៀត។
គម្រោងជីកព្រែកភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់សម្រាប់នាវាចរណ៍ និងប្រព័ន្ធភស្ដុរភារកម្ម ត្រូវបានរាជរដ្ឋាភិបាលអនុម័ត

បើយោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង ដែលត្រូវបានដាក់ឲ្យពិភាក្សាក្នុងអង្គប្រជុំ ក្រោយសិក្សាផ្នែកច្បាប់ បរិស្ថាន និងជលសាស្ត្រជាដើមឃើញថា​ គម្រោងនេះអាចបង្កផលប៉ះពាល់តិចតួច ប៉ុន្ដែ​អាចការពារ និងដោះស្រាយបាន។ យ៉ាងណាមិញប្រសិនបើគម្រោងនេះលេចចេញជារូបរាង វាអាចផ្តល់ផលចំណេញយ៉ាងច្រើនដល់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា តាមរយៈការជួយកាត់បន្ថយការចំណាយ និងពេលវេលាលើការដឹកជញ្ជូន។

ក្រោយពិភាក្សាគ្នាយ៉ាងល្អិតល្អន់អស់រយៈពេលយ៉ាងយូរនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា អង្គប្រជុំដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអនុម័តលើរបាយការណ៍ស្ដីពី«កិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិងអនុវត្តគម្រោងផ្លូវនាវាចរណ៍និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់» ដែលជាគម្រោងផ្លូវជញ្ជូនទំនិញតាមផ្លូវទឹកតភ្ជាប់ពីទន្លេបាសាក់ទៅកាន់កំពង់ផែខេត្តកំពត។ គោលបំណងនៃការរៀបចំប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនេះ គឺដើម្បីពង្រីកនូវវិសាលភាពនៃការប្រើប្រាស់សក្ដានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើនឈានទៅមួយកម្រិតថែមទៀត និងផ្ដល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម និងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលមានការតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ ឯកឧត្តមបន្តថា តម្រាយផ្លូវទឹកដែលតភ្ជាប់ពីទន្លេទៅសមុទ្រស្រដៀងគ្នានេះ ក៏ធ្លាប់បានជីកតាំងពីអាណាចក្រហ្វូណនមកម្លេះ ហើយផ្លូវទឹកនេះ គឺនឹងត្រូវកសាងលើតម្រាយខ្សែផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់។

ជុំវិញការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ច និងការវិនិយោគ របាយការណ៍ដដែលបានវាយតម្លៃ និងត្រូវបានបង្ហាញដោយក្រសួងសាធារណការ គម្រោងផ្លូវទឹកថ្មីនេះ ត្រូវចំណាយទុនវិនិយោគប្រមាណ១,៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងផ្លូវនាវាចរណ៍និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។ ជាពិសេសវាជួយកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនបាន១៦% បើធៀបនឹងតម្លៃដឹកជញ្ជូនបច្ចុប្បន្ន។

ទន្ទឹមនឹងអនុម័តលើគម្រោងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអង្គប្រជុំបានជំរុញឲ្យគណៈកម្មការអន្តរក្រសួងទទួលបន្ទុកលើការសិក្សា និងអនុវត្តគម្រោងនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ បន្តសិក្សាបន្ថែមទៀតលើផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីទឹកសមុទ្រ និងបន្តពិភាក្សាជាមួយគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គ។ ការជំរុញបែបនេះរបស់សម្តេចតេជោ ធ្វើឡើងដើម្បីធានាថា ការអភិវឌ្ឍន៍គម្រោងនេះ មិនបានបង្កផលប៉ះពាល់ដល់បរិស្ថាន និងស្របតាមទិដ្ឋភាពច្បាប់​ និងកិច្ចព្រមព្រៀងទន្លេមេគង់ឆ្នាំ១៩៩៥៕




អត្ថបទបន្ទាប់


ប្រទេសវៀតណាមមានផែនការធំទាក់ទងនឹងឧស្ម័នធម្មជាតិរាវនិងប្រភពរបស់វានៅសមុទ្រចិនខាងត្បូង

ព័ត៌មាន
ប្រទេសវៀតណាមមានផែនការបង្កើនសមត្ថភាពផលិតឧស្ម័នឱ្យកើនឡើងបួនដងនៅត្រឹមឆ្នាំ ២០៣០ ដើម្បីប្រែក្លាយប្រទេសនេះឱ្យទៅជាប្រភពថាមពលលើកដំបូងរបស់ខ្លួន។ ន…

រាជរដ្ឋាភិបាល សម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ»

ព័ត៌មាន
«សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ» ត្រូវបានសម្រេចអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្ដេចតេជោ ហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ