ឥណ្ឌូណេស៊ី - មីយ៉ាន់ម៉ា

ប្រធានាធិបតីឥណ្ឌូណេស៊ីថាពុំមានវឌ្ឍនភាពពិតប្រាកដក្នុងផែនការសន្តិភាពសម្រាប់មីយ៉ាន់ម៉ាទេ


ប្រធានប្តូរវេនឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រទេសអាស៊ានទាំង១០នឹងមិនបោះបង់ការព្យាយាមបញ្ចប់អំពើហិង្សាក្នុងប្រទេសសមាជិកមីយ៉ាន់ម៉ាទេ បើទោះបីជាយោធាដែលកំពុងកាន់អំណាចក្នុងពេលបច្ចុប្បន្នមិនបានអនុវត្តផែនការសន្តិភាព និងមិនបានបង្ហាញឆន្ទៈគោរពកិច្ចព្រមព្រៀងកាលពី ២ ឆ្នាំមុនក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌រ៉យទ័រ។
ប្រធានាធិបតីឥណ្ឌូណេស៊ីថាពុំមានវឌ្ឍនភាពពិតប្រាកដក្នុងផែនការសន្តិភាពសម្រាប់មីយ៉ាន់ម៉ាទេ
ដោយ

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បាននិយាយត្រង់ៗ ដោយបានរិះគន់ប្រាប់កិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុង ឡាប៊ូន បាចូ ប្រទេសឥណ្ឌូនេស៊ីថា ឧត្តមសេនីយរបស់មីយ៉ាន់ម៉ាមិនបានធ្វើឱ្យមានវឌ្ឍនភាពក្នុងផែនការសន្តិភាពដែលបានព្រមព្រៀងជាមួយអាស៊ាននោះទេ។ លោកក៏បាននិយាយថា ការរំលោភសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ាមិនអាចអត់ឱនបានឡើយ ហើយអំពើហិង្សានៅទីនោះគួរត្រូវបញ្ឈប់ ហើយប្រជាជនគួរតែទទួលការការពារ។

ឥណ្ឌូណេស៊ីគឺជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន លោកស្រី រេតណូ ម៉ាស៊ូឌី បានប្រាប់កិច្ចប្រជុំកំពូលថា គោលការណ៍លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋត្រូវបានបញ្ចូលក្នុងធម្មនុញ្ញអាស៊ាន។ លោកស្រីបាននិយាយនៅពេលបិទកិច្ចប្រជុំកំពូលថា៖ «កង្វះការរីកចម្រើនមិនមានន័យថាយើងគួរតែបោះបង់វាចោលនោះទេ»។

ក្នុងនាមជាប្រធានអាស៊ាន ប្រទេសឥណ្ឌូណេស៊ីបានពិភាក្សាជាមួយគ្រប់ភាគីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្នុងការប៉ុនប៉ងធ្វើឱ្យកិច្ចព្រមព្រៀងមានដំណើរការ ប៉ុន្តែការរិះគន់ពីប្រធានឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានគូសបញ្ជាក់ពីអវត្តមាននៃលទ្ធផលតែម្តង។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូវី បានធ្វើការសង្កត់ធ្ងន់ថា៖ «ខ្ញុំត្រូវតែនិយាយដោយស្មោះត្រង់នៅលើការអនុវត្តគោលការណ៍ឯកភាពទាំង៥ចំណុចរបស់អាស៊ាន ពោលគឺវាមិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់នោះទេសម្រាប់មីយ៉ាន់ម៉ា»។

អាស៊ានបានរារាំងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ខ្លួន ដោយសាររបបនេះខកខានក្នុងការអនុវត្តផែនការសន្តិភាពរបស់ខ្លួន។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេសសមាជិកអាស៊ានបានរួមរស់ជាមួយគ្នាក្រោមគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ ប៉ុន្តែនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា វាដល់ពេលហើយដើម្បីពិនិត្យមើលឡើងវិញនូវគោលការណ៍មិនជ្រៀតជ្រែករបស់អាស៊ាន ដើម្បីផ្តល់ឱ្យអាស៊ាននូវលទ្ធភាពដោះស្រាយបញ្ហាប្រឈមនានា ដូចជាវិបត្តិមីយ៉ាន់ម៉ាដែលមានផលប៉ះពាល់ក្នុងតំបន់ទាំងមូល។ លោកបានសរសេរនៅក្នុងគណនីទ្វីតធឺរបស់លោកថា អាស៊ានត្រូវការ«ចក្ខុវិស័យថ្មីមួយ ដែលអាចផ្តល់ឱ្យយើងនូវភាពបត់បែនមួយចំនួន ដើម្បីរុករកនិងនាំផ្លូវឆ្ពោះទៅមុខបាន»។

ទន្ទឹមនឹងនេះ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បាននិយាយនៅក្រៅកិច្ចប្រជុំកំពូលថា ផែនការនេះនឹងនៅតែជាមូលដ្ឋានគ្រឹះសម្រាប់ការទាក់ទងជាមួយរបបយោធា។ លោកបានមានប្រសាសន៍ថា «អ្វីដែលយើងគួរធ្វើគឺធានាថា អំពើហឹង្សាត្រូវបានលុបបំបាត់។ នោះជាចំណុចសំខាន់»។

នៅពេលដែលបញ្ហាប្រទេសមីយ៉ាន់ម៉ាបានគ្របដណ្តប់ស្ទើរទាំងស្រុងលើកិច្ចប្រជុំកំពូលនោះ ក្រុមប្រទេសអាស៊ានក៏បានពិភាក្សាអំពីភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសចិនបានទាមទារស្ទើរផ្តាច់មុខផងដែរ បើទោះបីជាមានការជំទាស់ពីសមាជិកអាស៊ានមួយចំនួនក៏ដោយ៕




អត្ថបទបន្ទាប់


ទីបំផុត គយចិនអនុញ្ញាតឲ្យម្រេចកម្ពុជានាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការហើយ!

នៅទីបំផុតម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិនហើយ ដោយរដ្ឋបាលគយនៃប្រទេសចិននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញឈ្…

ជិតផុតថ្ងៃហើយ! ឱកាសវិនិយោគចំណេញ ពីក្រុមហ៊ុន អ្នកឧកញ៉ាគួច ម៉េងលី ខណៈ១ភាគហ៊ុនលក់តម្លៃធូរបំផុត

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥​ ជាស្ថាប័នអប់រំឯកជនឈានមុខ​មួយក្នុងប្រទេសកម្ពុជា ដោយមានការយកចិត្តទុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ