![មេដឹកនាំឥណ្ឌូណេស៊ី](https://cdn.cambonomist.com/media/images/aoythvkrt4thngknngmysbdhrbsasdadas.2e16d0ba.fill-960x540.jpg)
ទោះជាយ៉ាងណា គោលនយោបាយនេះបានបង្កឱ្យផ្ទុះប្រតិកម្មចម្រុះ និងការជជែកវែកញែកយ៉ាងក្ដៅគគុកជាមួយនឹងការយល់ឃើញផ្ទុយគ្នានៅទូទាំងប្រទេសប្រជុំកោះមួយនេះ ដោយអ្នកខ្លះបានសរសើរចំណាត់ការបែបនេះ ប៉ុន្តែអ្នកផ្សេងទៀតព្រមានពីហានិភ័យប៉ះពាល់ដល់ផលិតភាព ការប្រកួតប្រជែង និងប្រាក់ចំណេញរបស់អាជីវកម្មនានា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ក្រសួងសហគ្រាសរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី បានដាក់ចេញនូវគោលនយោបាយថ្មីតម្រូវឱ្យមន្ត្រីក្រសួងរបស់ខ្លួនធ្វើការតែ៤ថ្ងៃក្នុងមួយសប្ដាហ៍ កាលពីខែមករា ដើមឆ្នាំ២០២៥ នេះ ដើម្បីកាត់បន្ថយអារម្មណ៍ស្ត្រេស ឬភាពតានតឹង និងធ្វើឱ្យប្រសើរឡើងនូវតុល្យភាពរវាងការងារ និងជីវិតឯកជនរបស់ពួកគេ បន្ទាប់ពីការធ្វើតេស្តសាកល្បងទទួលបានជោគជ័យកាលពីខែមិថុនា ឆ្នាំ២០២៤។
គោលនយោបាយ ឬកម្មវិធីបណ្ដោះអាសន្នដែលមានឈ្មោះថា កាលវិភាគធ្វើការតិចជាងមុននេះ អនុញ្ញាតឱ្យមន្ត្រីក្រសួងសហគ្រាសរដ្ឋធ្វើការត្រឹមតែ៤ថ្ងៃក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ឱ្យតែពួកគេអាចបំពេញបាននូវលក្ខខណ្ឌតម្រូវធ្វើការឱ្យគ្រប់៤០ម៉ោងក្នុងមួយសប្ដាហ៍។
ទោះជាយ៉ាងណា គោលនយោបាយនេះបង្កឱ្យផ្ទុះប្រតិកម្មចម្រុះ ដោយក្រុមហ៊ុនមួយចំនួនដែលបានសាកល្បងកម្មវិធីនេះបានរាយការណ៍ថា ទទួលបានជោគជ័យតែគ្រាដំបូង ប៉ុន្តែក្រោយមកបានប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាបញ្ហានៃការសម្របសម្រួល បន្ទុកការងារមិនស្មើគ្នា និងភាពតានតឹងរបស់បុគ្គលិកជាដើម។
ជាការពិតណាស់ឧស្សាហកម្មនានា ដូចជា ក្នុងវិស័យបច្ចេកវិទ្យា និងវិស័យច្នៃប្រឌិតជាដើមអាចនឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ ប៉ុន្តែវិស័យលក់រាយ វិស័យផលិតកម្ម និងវិស័យថែទាំសុខភាពបានជួបបញ្ហាប្រឈម។ បណ្ដាថ្នាក់ដឹកនាំក្នុងវិស័យឯកជនព្រមានថា ការកាត់បន្ថយថ្ងៃធ្វើការនេះអាចធ្វើឱ្យអាជីវកម្មនានាបាត់បង់អត្ថប្រយោជន៍ចាញ់ប្រៀបគេ ប្រសិនបើបណ្ដាដៃគូប្រកួតប្រជែងរក្សាកាលវិភាគធ្វើការវែងជាងនេះ៕
ដោយ: តែម សុខុម