ផលិតកម្មរ៉ែនីកែល

ផលិតកម្មរ៉ែនីកែលដែលចាំបាច់សម្រាប់ធ្វើអាគុយរថយន្តអគ្គិសនីកំពុងកើនឡើងខ្លាំងនៅឆ្នាំ២០២៣


ការផ្គត់ផ្គង់សារធាតុរ៉ែនីកែលសកលកំពុងឆ្ពោះទៅរកការកើនលើសតម្រូវការកាន់តែខ្លាំងឡើងនៅឆ្នាំ២០២៣នេះ ដោយសាររោងចក្រចម្រាញ់លោហធាតុរបស់ឥណ្ឌូណេស៊ីកំពុងដំណើរការកាន់តែច្រើនឡើង ដើម្បីផ្គត់ផ្គង់ថាមពលឱ្យរថយន្តអគ្គិសនី និងឧស្សាហកម្មដែកអ៊ីណុក។ ទិន្នផលថ្មនីកែលដែលកើនលើសតម្រូវការ បានធ្វើឱ្យតម្លៃដែលធ្លាប់មានជាង២ម៉ឺន៥ពាន់៦រយដុល្លារក្នុង១តោន កាលពីឆ្នាំ២០២២ ធ្លាក់ចុះដល់កម្រិតទាបជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ពេលឥណ្ឌូនេស៊ីបង្កើនទិន្នផល បរិមាណរ៉ែនីកែល កើនឡើងលើសពីតម្រូវការ

តម្លៃថ្មនីកែលបានកើនឡើងដល់កម្រិតខ្ពស់ជាថ្មីកាលពីឆ្នាំ ២០២២ បន្ទាប់ពីប្រទេសរុស្ស៊ីដែលជាអ្នកផលិតថ្មនីកែលដ៏សំខាន់មួយដែរ បានបើកការលុកលុយលើប្រទេសអ៊ុយក្រែន និងដោយសារតែការកើនឡើងនៃតម្រូវការថ្មនីកែលកម្រិតលេខ១ដែលប្រើក្នុងអាគុយរថយន្តអគ្គិសនី។ ថ្មនីកែលថ្នាក់លេខ១មានភាពបរិសុទ្ធខ្ពស់ជាងថ្មនីកែលលេខ២ដែលត្រូវបានគេប្រើជាទូទៅនៅក្នុងការផលិតដែកអ៊ីណុក។

ទោះយ៉ាងណា ការផលិតថ្មនីកែលក៏បានចាប់ផ្តើមកើនលើសតម្រូវការម្តងទៀតក្នុងឆ្នាំ២០២២ ដោយសាររោងចក្ររំលាយលោហធាតុរបស់ចិននៅក្នុងប្រទេសឥណ្ឌូនេស៊ីបានបង្កើនយ៉ាងលឿននូវទិន្នផលដែកនីកែលដែលត្រូវបានប្រើជាធាតុដ៏សំខាន់ក្នុងការផលិតដែកអ៊ីណុក ខណៈដែលការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកបានរារាំងតម្រូវការដែកអ៊ីណុក។ នេះបើតាមអ្នកវិភាគមួយចំនួន។

អ្នកស្រី អេលី វ៉ាង (Ellie Wang) អ្នកវិភាគរបស់ក្រុមហ៊ុនប្រឹក្សា CRU Group មានមូលដ្ឋាននៅទីក្រុងសៀងហៃ បានប្រាប់សន្និសីទអ្នកធ្វើអាជីវកម្មរ៉ែនៅឥណ្ឌូនេស៊ី (Indonesia Miner) កាលពីសប្តាហ៍មុនថា ទីផ្សារថ្មនីកែលកំពុងឆ្ពោះទៅរកអតិរេកកាន់តែច្រើនឡើងនៅឆ្នាំ២០២៣ ហើយវា«នឹងមិនឃើញឱនភាពនៅមុនឆ្នាំ២០២៨»ទេ។

អ្នកស្រី វ៉ាង បានកត់សម្គាល់ថា ការផលិតដែកអ៊ីណុកសកលបានធ្លាក់ចុះចាប់ពីខែមករាដល់ខែមីនាដែលជាការធ្លាក់ចុះរយៈពេល៦ត្រីមាសជាប់ៗគ្នា ពេលសេដ្ឋកិច្ចចិនងើបយឺត។ ការលក់រថយន្តអគ្គិសនីក៏កំពុងធ្លាក់ចុះផងដែរតាំងពីដើមឆ្នាំមកដល់ពេលនេះ បន្ទាប់ពីរដ្ឋាភិ បាលចិនបានបញ្ចប់គោលនយោបាយឧបត្ថម្ភធនចំពោះរថយន្តអគ្គិសនីរបស់ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ។ ចិនជាប្រទេសផលិតនិងប្រើដែកអ៊ីណុក រថយន្តអគ្គិសនី និងអាគុយច្រើនជាងគេក្នុងពិភពលោក។

ប៉ុន្តែអ្នកស្រី វ៉ាង បានបន្ថែមថាដោយហេតុតែការលក់រថយន្តអគ្គិសនីរបស់ចិនត្រូវគេរំពឹងថានឹងងើបឡើងវិញនៅឆមាសទី២នៃឆ្នាំ២០២៣ ដូច្នេះហើយតម្រូវការថ្មនីកែលនឹងកើនឡើង និងឈានដល់ ៤,៣ លានតោននៅឆ្នាំ២០២៧ ដោយកើនឡើងពីចំនួនជិត ៣ លានតោនកាលពីឆ្នាំមុន។

លោកស្រី វ៉ាង បានបន្ថែមថា ក្រុមហ៊ុន CRU បានព្យាករពីការធ្លាក់ចុះតម្លៃថ្មនីកែលរយៈពេល ៣ ខែនៅលើផ្សារហ៊ុន London Metal Exchange ពីប្រហែល ២៥ ៦០០ ដុល្លារក្នុងមួយតោននៅឆ្នាំ២០២២មកនៅជាមធ្យមត្រឹមប្រហែល ២៣ ៧០០ ដុល្លារក្នុងមួយតោននៅឆ្នាំ២០២៣នេះ ហើយវានឹងបន្តធ្លាក់ចុះជាលំដាប់មកនៅខាងក្រោម ២ ម៉ឺនដុល្លារក្នុងមួយតោននៅឆ្នាំ២០២៦។

រោងចក្រចម្រាញ់ថ្មនីកែលបានរីកដុះដាលនៅក្នុងប្រទេសឥណ្ឌូនេស៊ីចាប់តាំងពីរដ្ឋាភិបាលបានដាក់បម្រាមអចិន្ត្រៃយ៍លើការនាំចេញរ៉ែនីកែលក្នុងខែមករា ឆ្នាំ២០២០ ដើម្បីកសាងឧស្សាហកម្មកែច្នៃក្នុងស្រុក និងផ្លាស់ប្តូរខ្សែសង្វាក់តម្លៃ។ ឥណ្ឌូណេស៊ី និងអូស្ត្រាលី មានទំនាក់ទំនងគ្នាក្នុងនាមជាប្រទេសដែលមានបរិមាណរ៉ែនីកែលក្រោមដីច្រើនជាងគេបំផុត ដោយប្រទេសនីមួយៗមាន១ភាគ៥នៃរ៉ែនីកែលនៅលើពិភពលោក៕




អត្ថបទបន្ទាប់


តើមីយ៉ាន់ម៉ាមានសារសំខាន់យ៉ាងណាចំពោះប្រទេសចិន បានជាធ្វើឱ្យប្រទេសទាំងពីរខិតចូលគ្នាខ្លាំងនៅពេលនេះ?

ព័ត៌មាន
ជាងពីរឆ្នាំក្រោយរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា ប្រទេសចិនត្រូវបានគេមើលឃើញកាន់តែច្បាស់ថាជាខ្នងបង្អែកដ៏រឹងមាំនៃរបបយោធា។ តែស្របពេលដែលការគាំទ្រ…

ជប៉ុននឹងពង្រីកប្រព័ន្ធផ្ដល់ទិដ្ឋាការឱ្យពលករជំនាញបរទេស ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងស្រុក

ព័ត៌មាន
គណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនកាលពីថ្ងៃសុក្រ ទី០៩ ខែមិថុនា បានអនុម័តផែនការពង្រីកវិសាលភាពឧស្សាហកម្មដែលគ្របដណ្ដប់ដោយគោលនយោបាយផ្ដល់ទិដ្ឋាការឱ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ