ធនាគារកណ្តាលឥណ្ឌូណេស៊ី បានបញ្ជាក់ថា ទុនបម្រុងអន្តរជាតិរបស់ឥណ្ឌូនេស៊ី បានធ្លាក់មកនៅត្រឹម១៤៤ពាន់លានដុល្លារ គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺធ្លាក់ចុះពីជាង ១៤៥ពាន់លានដុល្លារដែលសម្រេចបានកាលពីខែមករា។ លោក អេវិន ហាយូណូ (Erwin Haryono ) ប្រធាននាយកដ្ឋានទំនាក់ទំនងនៅធនាគារនេះ បាននិយាយថា ការធ្លាក់ចុះទុនបម្រុងអន្តរជាតិនេះ គឺមួយផ្នែកដោយសារការសងបំណុលបរទេសរបស់រដ្ឋាភិបាល។ លោកបានបន្តថា កម្រិតទុនបម្រុងនេះ គឺមានតម្លៃស្មើនឹងការផ្តល់ហិរញ្ញប្បទានរយៈពេល៦ខែកន្លះ នៃការនាំចូល។
ទីភ្នាក់ងារស្ថិតិរបស់ប្រទេសនេះ បានអះអាងថា អតិរេកសមតុល្យពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីក្នុងខែមករា ឆ្នាំ២០២៤ គឺធ្លាក់ចុះមកនៅជាង២ពាន់លានដុល្លារ ពោលគឺស្រុតចុះគួរសមបើធៀបនឹងអតិរេកនៅក្នុងខែធ្នូ ឆ្នាំ២០២៣ ដែលមានទំហំជាង៣ពាន់៣រយលានដុល្លារ។ ស្ថានភាពទំហំអតិរេកសមតុល្យពាណិជ្ជកម្មនៅខែមករា ឆ្នាំ២០២៤ ស្រុតចុះនេះ ភាគច្រើនបណ្តាលមកមកពីអតិរេកពាណិជ្ជកម្មផលិតផលមិនមែនប្រេង និងឧស្ម័ន។
មកដល់ពេលនេះឥណ្ឌូនេស៊ី ត្រូវបានគេដឹងថា គឺជាប្រទេសដែលមានទីផ្សារធំជាងគេបំផុត នៅក្នុងតំបន់អាស៊ាន ទោះបីជាប្រទេសនេះជាប្រទេសដែនកោះដែលមានចំនួនសរុបរហូតដល់ទៅ១ម៉ឺន៧ពាន់កោះក៏ដោយ។ ឥណ្ឌូនេស៊ីក្រោមការដឹកនាំរបស់លោក ចូកូ វីដូដូ ពីរអាណត្តិកន្លងទៅ គឺបានស្ថិតនៅក្នុងស្ថានភាពវិជ្ជមាន ទោះបីជានៅក្នុងអាណត្តិនៃការដឹកនាំត្រូវរងនូវបញ្ហានៃការរីករាលដាលកូវីដ-១៩ ភាពមន្ទិលនៃសេដ្ឋកិច្ចពិភពលោក សង្រ្គាមនៅអ៊ុយក្រែន និងនៅហ្គាហ្សា ព្រមទាំងការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយក៏ដោយ៕
ដោយៈ សរ សុជាតិ