ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ នៅតែមានតម្រូវការខ្ពស់លើកម្លាំងពលកម្ម ទាំងក្នុងវិស័យឧស្សាហកម្មកាត់ដេរ វិស័យសំណង់ និងសេវាកម្មនានា។ អភិបាលខេត្តរូបនេះកត់សម្គាល់ឃើញថា នៅឆ្នាំ២០២៣ ខេត្តកំពង់ស្ពឺ ហាក់ទទួលបានឱកាសច្រើនក្នុងការទាក់ទាញគម្រោងវិនិយោគលើវិស័យជាច្រើន ពិសេសវិស័យឧស្សាហកម្មកាត់ដេរតែម្ដង ដែលធ្វើឲ្យកំពង់ស្ពឺស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដែលមានការវិនិយោគច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ។
សម្រាប់ថ្នាក់ដឹកនាំរូបនេះ កត្តាដែលធ្វើឲ្យអ្នកវិនិយោគភាគច្រើនសម្លឹងឃើញពីឱកាសវិនិយោគនៅខេត្តកំពង់ស្ពឺ គឺដោយសារខេត្តនេះស្ថិតក្នុងទីតាំងភូមិសាស្រ្តអំណោយផល មានហេដ្ឋារចនាសម្ព័ន្ធល្អ គួបផ្សំមានច្រកចេញ-ចូលល្អប្រសើរ។ បើទោះបីនៅមួយរយៈចុងក្រោយនេះ សេដ្ឋកិច្ចសាកលបានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក្តី ប៉ុន្តែសម្រាប់ខេត្តកំពង់ស្ពឺ ហាក់មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ពោលគឺក្រៅពីវិស័យកាត់ដេរ សេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ក៏មានការពឹងផ្អែកទៅលើវិស័យដទៃមួយចំនួនទៀត ពិសេសវិស័យកសិកម្ម។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគថ្មីៗ ដែល CDC បានអនុម័តទាំង៥គម្រោងនោះ ភាគច្រើន គឺជារោងចក្រកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើង និងវាយនភ័ណ្ឌដែលមានទុនវិនិយោគសរុបជាង២៧លានដុល្លារអាមេរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋរហូតជិត៧ពាន់កន្លែង។ ក៏ប៉ុន្តែស្របពេលដែលខេត្តមួយនេះទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ កង្វះកម្លាំងពលកម្មនៅមួយរយៈចុងក្រោយកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់ខេត្តមួយនេះ។ យ៉ាងណាក៏ដោយឯកឧត្តម វ៉ី សំណាង កំពុងខិតខំស្វែងរកកម្លាំងពលកម្មបន្ថែម ដើម្បីបំពេញតម្រូវការដែលកំពុងមានការខ្វះខាតនាពេលបច្ចុប្បន្ន។ បើតាមឯកឧត្តម វ៉ី សំណាង បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសសរុបជាង៣៨០រោងចក្រ និងមានកម្មករនិយោជិតសរុបជិត១៦ម៉ឺននាក់។
សូមបញ្ជាក់ថា កម្មករនិយោជិតជិត១៦ម៉ឺននាក់នៅខេត្តកំពង់ស្ពឺបានផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ៥០០លានដុល្លារក្នុងមួយឆ្នាំៗ។ ក្នុងនោះវិស័យកាត់ដេរមានជាង១៩០រោងចក្រ និងប្រើកម្លាំងកម្មករនិយោជិតសរុបជិត១៤ម៉ឺននាក់ ដោយផ្តល់ប្រាក់ឈ្នួលសរុបជាង៤៣០លានដុល្លារក្នុងមួយឆ្នាំ។ ការកើនឡើងនៃចំនួនរោងចក្រ-សហគ្រាស នៅក្នុងខេត្តកំពង់ស្ពឺនេះបានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជំរុញឲ្យសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ស្ពឺ ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕