ដំណាំស្វាយចន្ទី

កសិករដាំស្វាយចន្ទីមួយចំនួន ត្អូញត្អែរពីការធ្លាក់ចុះទិន្នផល និងតម្លៃស្វាយចន្ទីនៅឆ្នាំនេះ


បញ្ហាអាកាសធាតុ ដែលបង្កឡើងដោយបាតុភូតអែលនីណូម បានទាញទម្លាក់ទិន្នផលគ្រាប់ស្វាយចន្ទីឱ្យធ្លាក់ចុះនៅឆ្នាំនេះ ខណៈតម្លៃក៏មានការធ្លាក់ចុះជាងឆ្នាំមុនផងដែរ។ បញ្ហានេះត្រូវបានកសិករដាំស្វាយចន្ទីមួយចំនួនអះអាងថា ពួកគេប្រឈមនឹងការខាតបង់ថវិកា ដ្បិតវាបានធ្វើឱ្យប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះ ស្របពេលការចំណាយលើការដាំដុះ និងថែទាំមានការកើនឡើង។
ដំណាំស្វាយចន្ទី
ដោយ

លោក តុប វ៉ាន់ឌី កសិករដាំស្វាយចន្ទីមួយរូបនៅស្រុកចំការលើ ខេត្តកំពង់ចាម បានប្រាប់ខេមបូណូមីសថា ដំណាំស្វាយចន្ទីរបស់លោកនៅឆ្នាំនេះទទួលបានទិន្នផលតិចជាងបណ្ដាឆ្នាំមុនៗដោយសារបញ្ហាអាកាសធាតុក្ដៅបានធ្វើឱ្យផ្កាស្វាយចន្ទីក្រៀម និងពុំសូវកាន់ផ្លែ។ ទន្ទឹមនឹងទិន្នផលធ្លាក់ចុះ តម្លៃគ្រាប់ស្វាយចន្ទីនៅឆ្នាំក៏មានការធ្លាក់ចុះដូចគ្នាដែរ ពោលគឺបច្ចុប្បន្នឈ្មួញហ៊ានឱ្យតម្លៃតែ៤ពាន់៦០០រៀលតែប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ បើតាមការអះអាងរបស់កសិកររូបនេះ តម្លៃក្នុងកម្រិតប៉ុណ្ណេះមិនត្រឹមតែមិនបានផ្តល់ប្រាក់ចំណេញនោះទេ ថែមទាំងអាចធ្វើឱ្យលោកប្រឈមនឹងការខាតបង់ទៀតផង ដ្បិតការចំណាយលើការដាំដុះ និងថែទាំមានការកើនឡើង តែទិន្នផលទទួលបានតិចតួច។ កសិករូបនេះជឿជាក់ថា ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយទេនោះ អាចនឹងធ្វើឱ្យកសិករមួយចំនួនធំនឹងងាកពីការដាំស្វាយចន្ទីទៅដាំដំឡូងមីជំនួសវិញជាក់ជាមិនខាន។

​ស្រដៀងគ្នានេះលោក ណុក ប៊ុនថន ម្ចាស់ចម្ការស្វាយចន្ទីម្នាក់នៅខេត្តកំពង់ធំ បានអះអាងថា អាកាសធាតុក្ដៅខ្លាំងបានធ្វើឱ្យចម្ការស្វាយចន្ទីរបស់លោកនៅឆ្នាំនេះពុំសូវផ្លែនោះទេ ហើយតម្លៃ ក៏ពុំសូវបានខ្ពស់នោះដែរ។ កសិកររូបនេះព្យាករថា ចម្ការស្វាយចន្ទីរបស់លោកនៅឆ្នាំនេះអាចបាត់ទិន្នផលប្រហែល៣០% ហើយក៏មិនអាចទទួលផលចំណេញដូចឆ្នាំមុនដែរ ដោយសារហាងឆេងគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះ ស្របពេលម្ចាស់ចម្ការមួយចំនួនបានចំណាយថវិកាអស់ច្រើនលើការថែទាំ។

​មិនខុសគ្នាពីកសិករទាំងពីររូបខាងលើនោះទេ លោក ទៀង ប៉េងអាន ម្ចាស់ចម្ការស្វាយចន្ទីប្រមាណ២០ហិកតា នៅស្រុកសន្ទុក ខេត្តកំពង់ធំ បានឱ្យដឹងដែរថា នៅឆ្នាំនេះកសិករភាគច្រើនពិតជាប្រឈមនឹងបញ្ហាអាកាសធាតុ និងការធ្លាក់ថ្លៃគ្រាប់ស្វាយចន្ទីពិតប្រាកដមែន។ ប៉ុន្តែសម្រាប់រូបលោកវិញមិនសូវជាប្រឈមខ្លាំងនោះឡើយ ដោយសារតែឆ្នាំនេះ ចម្ការរបស់លោកទទួលបានទិន្នផល និងលក់បានតម្លៃសមរម្យក្នុងពេលប្រមូលផលនៅដើមដៃ។ កត្តាដែលធ្វើឱ្យចម្ការស្វាយចន្ទីរបស់លោកមិនសូវជួបបញ្ហាប្រឈមដូចគ្នា គឺដោយសារលោកតែងចូលរួមសិក្សាស្វែងយល់ពីដំណាំស្វាយចន្ទីជាមួយអ្នកជំនាញ និងចូលរួមទទួលការបណ្ដុះបណ្ដាលជាមួយសហគមន៍ជាបន្តបន្ទាប់។

​សមាគមស្វាយចន្ទីកម្ពុជាបានព្យាករថា ទិន្នផលស្វាយចន្ទីនាឆ្នាំ២០២៤នេះ នឹងថយចុះចន្លោះពី១០% ទៅ៣០% បើធៀបនឹងឆ្នាំ២០២៣។ ការថយចុះនេះ គឺដោយសារតែបាតុភូតអែលនីណូបានបង្កផលប៉ះពាល់លើផលិតកម្មស្វាយចន្ទីក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងផលប៉ះពាល់ ដែលនឹងធ្វើឱ្យទិន្នផលស្វាយចន្ទីមានការថយចុះ សមាគមស្វាយចន្ទីកម្ពុជា ក៏បានណែនាំដល់កសិករ ដែលមានធនធានសមរម្យគួរហាលគ្រាប់ស្វាយចន្ទីទុកលក់នាពេលខាងមុខផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា-អូស្រ្តាលីចុះកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាសរួមគ្នា ដើម្បីជំរុញវិស័យទេសចរណ៍

ព័ត៌មាន
ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ បានក្លាយជាប្រធានបទធំមួយនៃកិច្ចពិភាក្សាទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនា…

ប្រេនធំៗរបស់លោកខាងលិចរួមមាន McDonald's និង Starbucks ដាំក្បាលចុះខ្លាំង ដោយសារការធ្វើពហិការពីអតិថិជននៅម៉ាឡេស៊ី និងឥណ្ឌូនេស៊ី

ព័ត៌មាន
ម៉ាកយីហោ ឬប្រេនល្បីៗរបស់លោកខាងលិច រាប់ចាប់ពី Unilever, McDonald's, Starbucks រហូតដល់ Danone កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ