អតិផរណានៅកម្ពុជា

ធនាគារជាតិព្យាករថា អត្រាអតិផរណានៅកម្ពុជាអាចនឹងថយចុះទាបជាង ៥% នៅឆមាសទី២ ឆ្នាំ២០២២


ធនាគារជាតិនៃកម្ពុជា បានព្យាករពីអត្រាអតិផរណារបស់កម្ពុជា ថានឹងអាចថយចុះទាបជាង៥% នៅឆមាសទី២ ក្នុងឆ្នាំ២០២២ ដោយផ្អែកទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។ ការព្យាករនេះបានធ្វើឡើងនាឱកាសឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ទទួលជួបជាមួយប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានយល់ឃើញថា កម្រិតអត្រាអតិផរណាក្នុងរង្វង់៥% នៅតែមានកម្រិតខ្ពស់សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍។
អត្រាអតិផរណានៅកម្ពុជាអាចនឹងថយចុះទាបជាង ៥% នៅឆមាសទី២

ថ្លែងនៅចំពោះមុខលោក Alasdair Scott ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជម្រាបជូនពីវឌ្ឍនភាពសេដ្ឋកិច្ច​កម្ពុជា នៅឆ្នាំ២០២២ ក្រោយ​សេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញ​ពីវិបត្តិកូវីដ១៩។ បើតាមថ្នាក់ដឹកនាំជាន់ខ្ពស់ធានាគារជាតិនៃកម្ពុជា សេដ្ឋកិច្ចកម្ពុជា រំពឹងថាមានកំណើនក្នុងរង្វង់ ៥% ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបាន ទោះបីជា នៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២២ បានកើនឡើងក៏ដោយ។ ក្នុងនោះ អតិផរណានៅឆមាសទី២ ឆ្នាំ២០២២នេះ ត្រូវបានរំពឹងថានឹងថយចុះទាបជាង៥% ដោយផ្អែកលើការងើបឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ចកម្ពុជា ស្ទើគ្រប់វិស័យ ខណៈនៅឆមាសទី១ កម្ពុជាមានកម្រិតអតិផរណា​៦,៥%។

បើទោះបីជា​ មានធនាគារជាតិរំពឹងថា អតិផរណាថយចុះក្ដី ប៉ុន្ដែសម្រាប់​ក្រុមអ្នកជំនាញសេដ្ឋកិច្ច នៅតែយល់ឃើញថា សម្រាប់កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ កម្រិតអតិផរណា ក្នុងរង្វង់៥% នៅតែមានកម្រិតខ្ពស់នៅឡើយ។

បណ្ឌិត ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានសង្កេតឃើញថា បើទោះបី នៅឆមាសទី២ ឆ្នាំ២០២២ កម្ពុជាមានកម្រិតអតិផរណាក្នុងរង្វង់៥% ក៏ដោយចុះ ក៏ចំនួននេះ ហាក់នៅមានកម្រិតខ្ពស់នៅឡើយ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី លោកបណ្ឌិត ហុង វណ្ណៈ បានកត់សម្គាល់ឃើញថា កម្រិតអតិផរណានៅឆមាសទី២ ឆ្នាំ២០២២ ហាក់ថយចុះបន្តិច បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ បើតាមបណ្ឌិត ហុង វណ្ណៈ ការថយចុះនៃអតិផរណា គឺដោយសារការងើបឡើងវិញនៃ​សកម្មភាពសង្គមនិងសេដ្ឋកិច្ច ពិសេសការថយចុះនៃតម្លៃ ប្រេងឥន្ធនៈ និងហ្គាស នាពេលរយៈពេលចុងក្រោយនេះ ដែលជាហេតុធ្វើឲ្យតម្លៃទំនិញនានា លើទីផ្សារថយចុះដែរ។ អ្នកជំនាញរូបនេះក៏បានបន្តថា កាលណាអតិផរណាកាន់តែទាប វានឹងបង្ហាញពីសញ្ញាណវិជ្ជមានផ្នែកសេដ្ឋកិច្ច របស់ប្រទេសនោះ តែសម្រាប់អត្រាអតិផរណាក្រោម១% គឹជាការប្រសើរសម្រាប់សេដ្ឋកិច្ច ពិសេសប្រទេសដែលកំពុងអភិវឌ្ឍន៍ តែម្ដង។

បណ្ឌិត គី សិរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានយល់ឃើញថា កម្រិតអតិផរណាបានថយចុះជាបន្តបន្ទាប់ ដោយរាជរដ្ឋាភិបាលកម្ពុជា បានធ្វើគោលនយោបាយបន្ទាបថ្លៃសាំង ដើម្បីកាត់បន្ថយនូវអតិផរណា។ តាមរយៈសកម្មភាពទាំងនេះ បណ្ឌិត គី សិរីវឌ្ឍន៍ យល់ឃើញថា អតិផរណានៅឆមាសទី២ ឆ្នាំ២០២២ អាចស្ថិតក្នុងរង្វង់ ៣,៥-៤% ប៉ុណ្ណោះ ខណៈសកម្មភាពសេដ្ឋកិច្ច ក៏បានងើបឡើងវិញផងដែរ។ ជារួមក្រុមអ្នកជំនាញបានអះអាងថា ស្ថានភាពអតិផរណានៅឆមាសទី២កើន ឬចុះ វាអាស្រ័យលើថា តើការនាំចូលនិងនាំចេញទំនិញរបស់កម្ពុជា មានគម្លាតខុសគ្នាកម្រិតណា បើសិនការនាំចូលច្រើនជាងការនាំចេញ នោះកម្រិតអតិផរណាក៏កើនទៅតាមហ្នឹងដែរ។

យ៉ាងណាក៏ដោយ ធនាគារជាតិនៃកម្ពុជា ធ្លាប់បានព្យាករណ៍ថា កម្រិតអតិផរណារបស់កម្ពុជានៅឆមាសទី២នឹងមានការថយចុះមកវិញនៅក្នុងកម្រិតជាមធ្យមប្រមាណ៣,២% ប្រសិនបើសម្ពាធនៃការឡើងថ្លៃតម្លៃប្រេងឥន្ធនៈអាចគ្រប់គ្រងបាន ឬត្រូវបានកាត់បន្ថយ។ ជារួមស្ថានភាពអតិផរណានៅឆមាសទី២កើន ឬចុះ វាអាស្រ័យលើវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងខ្សែច្រវាក់ផ្តគ់ផ្គង់សកលមានធូរស្បើយ ឬក៏នៅបន្តតានតឹង។ ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជាព្យាករណ៍ស្ថានភាពអតិផរណាពេញមួយឆ្នាំ២០២២ របស់កម្ពុជានឹងមានក្នុងកម្រិតជាមធ្យមប្រមាណ៤,៨%។

ការព្យាករណ៍នេះត្រូវបានធ្វើឡើងក្រោមការសន្មតថា ថ្លៃក្រុមទំនិញ និងសេវាកម្មពាក់ព័ន្ធនឹងប្រេងឥន្ធនៈមានការថមថយពី១៨,២% មកនៅត្រឹម៩,៣% ក្រោយរំពឹងថាតម្លៃប្រេងឆៅសកលនឹងថមថយចាប់ពីខែកក្កដា ដល់ចុងឆ្នាំ២០២២ ហើយតម្លៃម្ហូបអាហារថយចុះពី៥,៥% មកនៅត្រឹម២,៥% ក្រោយរំពឹងខ្សែច្រវាក់ផ្គត់ផ្គង់មានភាពល្អប្រសើរនៅពេលចិនមានការបន្ធូរបន្ថយលើការរឹតត្បិតកូវីដ-១៩ គួបផ្សំទិន្នផលកសិកម្មរដូវវស្សាមានភាពប្រសើរ និងការថយចុះតម្លៃប្រេងឥន្ធនៈ និងអតិផរណាស្នូលថមថយពី៤,៩% មកនៅត្រឹម២,៦% ក្រោយតម្រូវការក្នុងស្រុកធ្លាក់ចុះ។

របាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិ នៃកម្ពុជា បានបង្ហាញឲ្យឃើញថា អតិផរណារួមជាមធ្យមរបស់កម្ពុជាបានកើនឡើងដល់កម្រិត៦,៥% នៅឆមាសទី១ឆ្នាំ២០២២ កើនឡើង២,៥% បើធៀបនឹងឆមាសទី១ឆ្នាំ២០២១ និងកើន៣,៤% បើធៀបនឹងឆមាសទី២ ។ ការកើនឡើងអតិផរណានេះ ត្រូវបានធានគារជាតិនៃកម្ពុជាវាយតម្លៃថា គឺបណ្តាលមកពីការកើនឡើងតម្លៃប្រេងឥន្ធនៈ និងការរអាក់រអួលខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលបង្កឡើងដោយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ការកើនឡើងតម្រូវការក្នុងស្រុកក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ ក៏កត្តារួមចំណែកមួយផងដែរ៕




អត្ថបទបន្ទាប់


កូរ៉េខាងជើងបង្កើតច្បាប់ថ្មីស្ដីពី ការប្រើប្រាស់អាវុនុយក្លេអ៊ែរ និងប្រកាសថា មិនបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍កាលពីថ្ងៃសុក្រ ទី ៩ ខែ កញ្ញា ថា ប្រទេសកូរ៉េខាងជើងបានសម្រេចអនុម័តច្បាប់នុយក្លេអ៊ែរថ្មី…

គម្រោងអាជីវកម្មរ៉ែមាសធំមួយទៀតនៅខេត្តកំពង់ធំ មានលទ្ធភាពចម្រាញ់មាសបានប្រហែល១៨០គីឡូក្រាមក្នុងមួយឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការ ថ្មីៗនេះ បានសម្រេចអនុម័តលើគម្រោងនិយោគអាជីវកម្មរ៉ែមាសដ៏ធំមួយទៀត ដែលម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ