អាមេរិកលក់ខែលការពារដែនអាកាសឲ្យតៃវ៉ាន់

សហរដ្ឋអាមេរិកយល់ព្រមលក់ប្រព័ន្ធខែលការពារដែនអាកាសតម្លៃ១០០លានដុល្លារបន្ថែមទៀតទៅឲ្យកោះតៃវ៉ាន់


សហរដ្ឋអាមេរិកបានអនុម័តការលក់ប្រព័ន្ធការពារដែនអាកាសថ្មី បូករួមនឹងសេវាកម្មផ្សេងទៀតដូចជា ការថែទាំ និងហ្វឹកហាត់ប្រើប្រាស់ គិតជាតម្លៃសរុបមានជាង ១០០លានដុល្លារអាមេរិក ទៅឱ្យកោះតៃវ៉ាន់ ក្រោមយន្ដការដែលភាគីទាំងពីរឲ្យឈ្មោះថា «ទ្រទ្រង់ ថែរក្សា និងកែលម្អ»។ ការសម្រេចលក់ប្រព័ន្ធការពារដែនអាកាសបន្ថែមនេះ ធ្វើឡើងស្របពេលដែលតៃវ៉ាន់ជារឿយៗបានរិះគន់ពីការហោះចូលតំបន់ការពារដែនអាកាសរបស់ខ្លួនពីសំណាកយន្តហោះចម្បាំងចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អាមេរិកលក់ខែលការពារដែនអាកាសឲ្យតៃវ៉ាន់
ដោយ

សេចក្តីថ្លែងការណ៍​ពី​មន្ទីរ​បញ្ជ​កោណ​មេ​រិ​កបាន​បញ្ជាក់​ថា អា​មេ​រិ​កបាន​ទទួល​ការ​យល់ព្រម​ពី​ព្រឹទ្ធសភា​ដើម្បី​លក់​ប្រព័ន្ធ​ការពារ​ដែនអាកាស​តម្លៃ​១០០​លាន​ដុល្លារ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់ តប​តាម​ការ​ស្នើ​សុំ​របស់​ការិយាល័យ​តំណាង​កោះ​តៃវ៉ាន់​ប្រចាំ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន តាម​រយៈ​ក្រសួងការបរទេស​អា​មេ​រិ​ក​។ សេចក្តីថ្លែងការណ៍​ដដែល​បន្ថែម​ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​ថ្មី​នេះ នឹង​ជួយ​ពង្រឹង​សន្តិសុខ​របស់​កោះ​តៃវ៉ាន់ និង​ជួយ​ក្នុង​ការ​រក្សា​ស្ថិរភាព​នយោបាយ តុល្យភាព​យោធា សេដ្ឋកិច្ច និង​វឌ្ឍនភាព​ក្នុង​តំបន់​។

សម្រាប់​សហរដ្ឋអាមេរិក ការ​បន្ត​លក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់ គឺជា​ការ​បម្រើ​ផលប្រយោជន៍​ដល់​ដែន​កោះ​មួយ​នេះ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ ព្រមទាំង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​តៃវ៉ាន់​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន និង​ដើម្បី​រក្សា​បាន​នូវ​សមត្ថភាព​ការពារ​ដែល​អាច​ជឿ​ទុកចិត្ត​បាន​មួយ​។

ប្រមុខ​ការទូត​តៃវ៉ាន់ សម្តែង​ការ​ស្វាគមន៍​ចំពោះ​ការ​យល់ព្រម​លក់​អាវុធ​របស់​អា​មេ​រិ​កមក​ឲ្យ​ខ្លួន​លើក​នេះ​។ កោះ​តៃវ៉ាន់ ចាត់​ទុក​ការ​លក់​អាវុធ​របស់​អា​មេ​រិ​កមក​ឲ្យ​ខ្លួន​នេះ គឺ​វា​ជា​រឿង​ដែល​គេ​គួរ​ធ្វើ​។ គួរ​ធ្វើ​ក៏​ដោយសារ​តែ​ចិន ចេះ​តែ​បន្ត​ការ​គំរាមកំហែង ពិសេស​សកម្មភាព​ដែនអាកាស​ដោយ​យន្តហោះ​ចម្បាំង មក​លើ​តៃវ៉ាន់់​។

មន្ត្រីជាន់ខ្ពស់​ក្រុង​តៃប៉ិ​និយាយ​ថា នៅ​ចំពោះ​មុខការ​បន្ត​ពង្រីក​ឥទ្ធិពល​យោធា និង​សកម្មភាព​បង្កហេតុ​មិនល្អ​របស់​ប្រទេស​ចិន តៃវ៉ាន់​ប្តេជ្ញា​រក្សា​សន្តិសុខ​ជាតិ​របស់​ខ្លួន ជាមួយនឹង​ការ​ការពារ​ដ៏​រឹង​មាំ ហើយ​បន្ត​ធ្វើការ​ស៊ីជម្រៅ នូវ​ភាព​ជា​ដៃគូ​សន្តិសុខ​ដ៏​ជិត​ស្និទ្ធ​រវាង​តៃវ៉ាន់ និង​សហរដ្ឋអាមេរិក​។

យ៉ាងណាមិញ សម្រាប់​ទីក្រុង​ប៉េ​កាំ​ង ការ​បន្ត​លក់​អាវុធ និង​កិច្ចសហការ​ផ្នែក​យោធា​ពី​សហរដ្ឋអាមេរិក គឺជា​ការ​កកូរកកាយ​ស្ថិរភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់​។ ចិន​តែង​អះអាង​ថា កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន ហើយ​ប្តេជ្ញា​ថា នៅ​ថ្ងៃ​ណាមួយ​ខ្លួន​នឹង​បង្រួបបង្រួម​ជាមួយ​កោះ​តៃវ៉ាន់​ឲ្យ​ខាង​តែ​បាន​។ តៃវ៉ាន់​ថា ខ្លួន​ចង់បាន​តែ​សន្តិភាព និង​មិន​ចង់​បង្ក​សង្គ្រាម​ជាមួយ​អ្នក​ណា​ឡើយ ប៉ុន្តែ​ក៏​នឹង​មិន​នៅ​ស្ងៀម​ឲ្យ​គេ​គំរាមកំហែង​និង​ជិះជាន់​នោះ​ដែរ​។

សូម​ជម្រាប​ថា កិច្ចព្រមព្រៀង​ទិញ​យក​ប្រព័ន្ធ​ការពារ​ដែនអាកាស​ពី​អា​មេ​រិ​ក​លើក​នេះ នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​មួយ​ខែ​ទៀត ខណៈ​ដែល​គេ​អាច​ទទួល​បាន​ប្រព័ន្ធ​ការពារ​ទាំងនេះ នៅ​ក្រោយ​ការ​ចូល​ជា​ធរមាន​តែ​ម្តង​។

គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​កោះ​តៃវ៉ាន់ បាន​ត្អូញត្អែរ​ម្តង​ហើយ​ម្តងទៀត ពី​សកម្មភាព​យន្តហោះ​ចម្បាំង​ចិន​ដែល​បាន​ហោះ​ចូល ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​ខ្លួន​រាប់​មិន​អស់​។ នេះ​ជា​ផ្នែក​មួយ ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តោន មើលឃើញ​ថា ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ទីក្រុង​ប៉េ​កាំ​ង​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ទីក្រុង​តៃប៉ិ ឱ្យ​ទទួលយក​ការ​រួបរួម​ជាមួយ​ចិន​។

គួរ​ជម្រាប​ថា សហរដ្ឋអាមេរិក​ក៏​ដូច​ជា​ប្រទេស​ភាគច្រើន​ទៀត​ដែរ មិន​មាន​ទំនាក់​ទំ​នង់​ការទូត​ផ្លូវការ​ណាមួយ ជាមួយ​កោះ​តៃវ៉ាន់​នោះ​ទេ ប៉ុន្តែ​ទីក្រុង​វ៉ា​ស៊ី​ន​តោន គឺជា​ខ្នងបង្អែក​ដ៏​ធំ​បំផុត​របស់​តៃវ៉ាន់ ពិសេស​នៅ​ក្នុង​ការ​លក់​អាវុធ​ទំនើប​ៗ​តែ​ម្តង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកសម្រេចលុបចោលពន្ធ២៥% លើការនាំចូលដែកថែបពីជប៉ុនវិញហើយ

ព័ត៌មាន
នៅទីបំផុត អាមេរិក ហើយនិងជប៉ុនបានឈានដល់កិច្ចព្រមព្រៀងរួមគ្នាលើពាណិជ្ជកម្មដែកថែប ដោយអាមេរិកបានសម្រេចនឹងលុបចោលវិញនូវពន្ធគយ ២៥% លើមុខទំន…

ចក្រភពអង់គ្លេសចេញមុខគាំទ្រលីទុយអានីជាមួយអាមេរិក អឺរ៉ុប និងអូស្ត្រាលីក្នុងជម្លោះពាណិជ្ជកម្មជាមួយចិន

ព័ត៌មាន
អង់គ្លេសចេញមុខដោយពេញទំហឹងគាំទ្រប្រទេសលីទុយអានី ជាមួយសម្ព័ន្ធមិត្ត ដែលមានសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុបក្នុងសំណុំរឿងជម្លោះពាណិជ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ