ថ្លែងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីគោលបំណងក្នុងការដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨»នេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ មានគោលបំណងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែល្អប្រសើរ។
លើសពីនោះ ការដាក់ចេញយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ មានទស្សនវិស័យសំខាន់ៗ ចំនួន៣ រួមមាន ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច-សង្គម និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សម្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត មិនថា ប្រជាពលរដ្ឋដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សុទ្ធតែសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី សម្ដេចធិបតី នៅតែបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលប្រកបរបរក្រៅប្រព័ន្ធសេដ្ឋកិច្ចទាំងអស់ចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ហើយការចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធពីសំណាក់អ្នកប្រកបរបរក្រៅប្រព័ន្ធ មិនមានការបង្ខិតបង្ខំពីរាជរដ្ឋាភិបាលនោះឡើយ ពោលគឺអនុវត្តទៅតាមគោលការណ៍ស្ម័គ្រចិត្ត។
ជាមួយគ្នានោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញគោលការណ៍អនុគ្រោះ ៩ចំណុច ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្ម ផងដែរ។ បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្ម គឺមិនទទួលបានការបង្ខិតបង្ខំនោះទេ តែគឺទទួលបានការលើកទឹកចិត្តខ្ពស់ ហើយរាល់ពេលការចូលរួមដោយស្ម័គ្រចិត្តនោះ នឹងទទួលបានការលើកលែងពន្ធ និងការអនុគ្រោះនូវការផាកពិន័យផ្សេងៗ ដែលពាក់ព័ន្ធនឹងការធ្វើអនុលោមភាពកន្លងមក និងការលើកទឹកចិត្តផ្នែកពន្ធផ្សេងៗទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្ថែមថា ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្ម ក្រៅពីការលើកលែងការផាកពិន័យបំណុល និងការលើកទឹកចិត្តខាងពន្ធដារ ក៏នឹងទទួលបានលទ្ធភាពក្នុងការបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍ ការគ្រប់គ្រងសហគ្រាស ការបណ្តុះបណ្តាលដល់បុគ្គលិក និងកម្មករ នៅក្នុងសហគ្រាស ដើម្បីលើកកម្ពស់សមត្ថភាពផលិតផល និងសហគ្រាសកាន់តែរឹងមាំ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលចង់ផ្តល់ឱ្យ។
សូមបញ្ជាក់ថា ថ្មីៗនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានជំរុញឲ្យមានការរៀបចំ ការចុះបញ្ជី អ្នកប្រកបការងារ និងមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីផ្ដល់ការគាំពារសង្គមឲ្យបានគ្រប់ជ្រុងជ្រោយ និងផ្ដល់អត្ថប្រយោជន៍ជូនកម្មករនិយោជិតដែលប្រកបការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជា បន្តគិតគូរដល់អ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជា បុគ្គលស្វ័យនិយោជន៍ ផងដែរ។ ខណៈរាជរដ្ឋាភិបាលយល់ឃើញថា វិស័យនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ បើតាមរបាយការណ៍ដែលបង្ហាញដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានគ្របដណ្តប់ប្រមាណ២០% នៃផលិតផលក្នុងស្រុកសរុប និងប្រមាណ១៦% នៃការងារសរុបក្នុងប្រទេសអភិវឌ្ឍ៕