Advertisement
Advertisement
Advertisement
ទីផ្សារការងារ​ជា​ពិធីការនី

DJ NaNa៖ ទីផ្សារ​​ពិធីការនី​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស​នៅ​កម្ពុជា កំពុង​ត្រូវ​ប៉ាន់​ខ្លាំង!


កញ្ញា នាង សុវ៉ាតនា ដែល​គេ​ស្គាល់​ថា DJ NaNa កំពុង​សាងភាព​ល្បីល្បាញ​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក តាមរយៈ​កម្មវិធី​ដោះស្រាយ​វិបត្តិ​ស្នេហា​ក្នុង​ទំព័រ​ហ្វេសប៊ុក DJ NaNa TV។ ក្រៅពី​ជាអ្នក​ដោះស្រាយ​វិបត្តិ​ស្នេហា​លើ​បណ្តាញ​សង្គម កញ្ញា នាង សុវ៉ាតនា ក៏​កំពុង​មានឈ្មោះបោះ​សំឡេង​ខ្លាំង​ក្នុង​ពិភព​ការងារ​ជា​ពិធីការនី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។
DJ NANA ឬ​កញ្ញា នាង សុវ៉ាតនា គឺជា​ពិធីការនី​មួយ​រូប​ដែល​កំពុង​លេចធ្លោ​នៅ​ក្នុង​កម្មវិធី​ធំៗ​នានា។ រូបភាព៖ ហ្វេសប៊ុក DJ NANA
ដោយ
Advertisement

ប៉ុន្មានឆ្នាំចុងក្រោយនេះ DJ NaNa បានក្លាយជាពិធីការនីដ៏លេចធ្លោម្នាក់ សម្រាប់កម្មវិធីលំដាប់ថ្នាក់អន្តរជាតិ ដែលតម្រូវឲ្យចេះនិយាយពីរភាសា គឺភាសាខ្មែរ និងអង់គ្លេស។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស DJ NaNa បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ទីផ្សារ​ពិធីការនី​អត់​មាន​ការ​ប្រកួត​ប្រជែង កុំ​ឲ្យ​គិត​ថា យើង​ត្រូវ​ដណ្តើម​គ្នា​ល្បី តាម​ពិត នៅក្នុង​ទីផ្សារ​ស្រុក​ខ្មែរ ខ្វះ​មែន​ទែន។ ខ្ញុំ​អាច​បញ្ជាក់​បាន​ថា នៅ​ក្នុង​ស្រុក​ខ្មែរ សម្រាប់​ពិធីករ​ចេះ​ភាសា​ខ្មែរ និង​អង់គ្លេស ខ្វះ​ច្រើន​ណាស់ មួយ​ថ្ងៃៗ គេ​ដណ្តើម​ពិធីករ​គ្នា។ ដូច ថ្ងៃ​១០​ធ្នូ​ខាង​មុខ​នេះ ខ្ញុំ​មាន​កម្មវិធី​ច្រើន​ណាស់ ប៉ុន្តែ អត់ដឹង​ទៅ​មួយ​ណា»។

កញ្ញា នាង សុវ៉ាតនា បាន​អះអាង​ថា ពិធីករ​ពិធីការនី​នៅ​កម្ពុជា​មាន​ច្រើន​សម្រាប់​តែ​កម្មវិធី​សិល្បៈ និង​កម្សាន្ត ប៉ុន្តែ សម្រាប់​កម្មវិធី​ផ្លូវការ​លំដាប់​ថ្នាក់​អន្តរជាតិ ដែល​មាន​ភ្ញៀវ​ខ្មែរ និង​បរទេស​ចូលរួម គេ​ត្រូវការ​ពិធីការនី​អាជីព​ដែល​ចេះ​ពីរ​ភាសា គឺ​នៅ​ខ្វះ​ខាត​ខ្លាំង។ 

កញ្ញា នាង សុវ៉ាតនា ហៅ DJ NANA (រូបភាពពី​ហ្វេសប៊ុក DJ NANA)

«ទីផ្សារ​ការងារ​ហ្នឹង​ខ្វះ​ណាស់ ហើយ​អាហ្នឹង​អត់ ដណ្តើម​គ្នា​ទេ ព្រោះ​មួយ​ថ្ងៃៗ គឺ​មាន​ការ​រុញ​ការងារ​ឲ្យ​គ្នា ខ្ញុំ​សួរ​រហូត បង​ថ្ងៃ​នេះ​ទំនេរ​អត់? បង​មក​ជំនួស​ខ្ញុំ​មួយ​ថ្ងៃ​បាន​អត់…?»។ នេះ​ជា​ការ​រៀបរាប់​របស់ DJ NaNa ដោយ​បន្ត​បង្ហើប​ថា មួយ​កម្មវិធី​សម្រាប់នៅភ្នំពេញ មានតម្លៃជាមធ្យម​ពី ៤០០ ទៅ ៦០០​ដុល្លារ​សហរដ្ឋ​អាមេរិក ខណៈ​សម្រាប់​នៅ​តាម​បណ្តា​ខេត្ត គឺ​កញ្ញា​យក​ក្នុង​តម្លៃ​ពី ៨០០ ទៅ ៩០០​ដុល្លារ។

DJ NaNa បង្ហើប​គន្លឹះ​៥​ចំណុច ដើម្បី​ក្លាយ​ជា​ពិធីការនី​ល្អ​ម្នាក់  

  1. ចេះ​ភាសា​ខ្មែរ និង​អង់គ្លេស​ឲ្យ​បាន​ច្បាស់​លាស់។ គេ​ថា អ្នក​ចេះ​អង់គ្លេស តែង​និយាយ​ខ្មែរ​អត់​ច្បាស់ តែង​និយាយ​ប៉ៃ​ឡាំៗ ប៉ុន្តែ សម្រាប់​ខ្ញុំ អង់គ្លេស និង​ភាសា​ខ្មែរ ខ្ញុំ​និយាយ​បាន​ច្បាស់​លាស់ ព្រោះ​ភាសា​ទាំង​ពីរ​នេះ ខ្ញុំ​និយាយ​តាំង​ពី​តូច​មក។ 

  2. ចេះ​ពីរ​ភាសា​នេះ ក៏​មិន​ប្រាកដ​អាច​ធ្វើ​ជា​ពិធីការនី​កើត​ដែរ គឺ​ត្រូវ​ដឹង​របៀប​របប​របស់​បរទេស​ធ្វើការ ដោយ​រាប់​តាំង​ពី​ការ​គិត ការ​ស្លៀក​ពាក់ ដេក ដើរ ឈរ អង្គុយ។ ខ្ញុំ​ឧទាហរណ៍​មួយ ខ្ញុំ​ទើប​ចូលរួម​សន្និសីទ​កាសែត​​នៅ​សណ្ឋាគារ​លំដាប់​ថ្នាក់​ពិភពលោក​មួយ ខ្ញុំ​អង្គុយ​គង​ទាក់​ខ្លា​ជាមួយ​គណៈអធិបតី​បរទេស ប៉ុន្តែ យើង​អត់​អាច​ធ្វើ​បែប​ហ្នឹង​ជាមួយ​គណៈអធិបតី​ខ្មែរ​បាន​ទេ។

  3. ពិធីការនី​ម្នាក់ មិនមែន​គ្រាន់​តែ​និយាយ​តាម​ក្រដាស​នោះ​ទេ គឺ​ជា​អ្នក​សម្រប​សម្រួល​កម្មវិធី​ទាំង​មូល។ បើ​សិន​យើង​មើល​តែ​ក្រដាស កម្មវិធី​គេដូរ យើង​នឹង​មិន​អាច​បត់បែន​បាន​ទេ។

  4. ចូលរួម​សកម្មភាព​ឲ្យ​បាន​ច្រើន។ ខ្ញុំ​បាន​ចូលរួម​សន្និសីទ សិក្ខាសាលា និង​កម្មវិធី​យ៉ាង​ច្រើន ដើម្បី​ដឹង​ពី​របៀប​ធ្វើការ​របស់​គេ។ គ្មាន​អ្វី​ប្រសើរ​ជាង យើង​ទៅ​ចូលរួម​កម្មវិធី និង​សង្កេត​ពី​ការ​ធ្វើការ​របស់​គេ​នោះ​ទេ។ 

  5. គោរព​ពេល​វេលា និង​សម្រប​ខ្លួន​ធ្វើ​ការងារ​ជាមួយ​អ្នក​ដទៃ ដោយ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា គេ​ធ្វើ​ការងារ​ជាមួយ​យើង គឺ​យើង​បង្កើត​ភាព​ស្រួល​ដល់​ពួកគេ។ 

Advertisement

DJ NaNa ដែល​មាន​បទពិសោធន៍​ជា​ពិធីការនី​ទាំង​វិទ្យុ ទូរទស្សន៍ និង​ក្នុង​កម្មវិធី​ធំៗ ជិត​១០​ឆ្នាំ បាន​ផ្តាំ​យុវជន​ជំនាន់​ក្រោយ​ដែល​ចង់​ក្លាយ​ខ្លួន​ជា​ពិធីករ ពិធីការនី​អាជីព និង​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ គួរ​ខិតខំ​ប្រឹងប្រែង​រៀន​ភាសា និង​សន្សំ​បទ​ពិសោធន៍ ដើម្បី​ចាប់​យក​ឱកាស​នៅ​ពេល​វា​មក​ដល់។

DJ NaNa បញ្ជាក់​បែប​នេះ​ថា៖ «គួរ​ឧស្សាហ៍​ចែក​រំលែក និង​ត្រូវ​រៀន​បន្ថែម កុំ​ឲ្យ​គិត​ថា គេ​ល្បី​ហើយ​អ៊ីចឹង ព្រោះ ខ្ញុំ​​ល្បី​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត​ទេ ព្រោះ​ខ្ញុំ​អាយុ​៣០​ហើយ។ តិច​ទៀត​ទៅ តែ​មាន​អ្នក​ថ្មី​មក​ទៀត​ហើយ។ ដូច្នេះ ប្អូនៗ​ជំនាន់​ក្រោយ គួរតែ​ប្រឹង​ឲ្យ​បាន​ច្រើន​ជាង​ហ្នឹង ខ្ញុំ​និយាយ​តាម​ត្រង់ ខ្ញុំ​ឃើញ​ក្មេងៗ​សម័យ​ឥឡូវ អត់​សូវ​ប្រឹង​សោះ ខ្ញុំ​ខឹង​ណាស់ ព្រោះ ទីផ្សារ​ខ្វះ​ច្រើន​ណាស់»៕

© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យសំណង់​នៅតែ​មាន​កំណើន​រឹងមាំ​នៅចុង​ឆ្នាំនេះ ទោះបី​ការ​បោះឆ្នោតជាតិ​កាន់តែ​ខិតចូល​មកដល់

ព័ត៌មាន
កំណើន​ទុនវិនិយោគ​ក្នុងវិស័យ​សំណង់​នៅកម្ពុជា នារយៈ​ចុងឆ្នាំ​២០១៧នេះ នៅតែរក្សា​បាននូវ​កំណើនខ្ពស់​រឹងមាំ​គួរឲ្យ​កត់សម្គាល់ ទោះបីជា​ក...

រថភ្លើងចម្ងាយខ្លីពីស្ថានីយរថភ្លើងទៅព្រលានយន្តហោះ នឹងដឹកអ្នកដំណើរចាប់ពីខែមេសា២០១៨

ព័ត៌មាន
រថភ្លើងដឹកអ្នកដំណើរចម្ងាយខ្លីពីព្រលានយន្តហោះភ្នំពេញអន្តរជាតិ ឆ្ពោះទៅស្ថានីយ៍រថភ្លើងភ្នំពេញ នឹងបើកដំណើរដឹកអ្នកដំណើរនៅក្នុងខែមេសា ឆ្នាំ២០១៨...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ