ពលរដ្ឋខ្មែរ នៅអ៊ីស្រាអែល

សម្តេច ហ៊ុន ម៉ាណែត៖ និស្សិតខ្មែរនៅអ៊ីស្រាអែល ៣២៣នាក់ ត្រូវបានជម្លៀសទៅទីសុវត្ថិភាព


ប្រជាពលរដ្ឋ និងនិស្សិតខ្មែរចំនួន៣២៣នាក់ ក្នុងចំណោម៤៥៤នាក់ ត្រូវបានអាជ្ញាធរអ៊ីស្រាអែលជម្លៀសពីតំបន់មានហានិភ័យទៅកាន់កន្លែងមានសុវត្ថិភាព ខណៈ១៣១នាក់ផ្សេងទៀតបន្តស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកសុវត្ថិភាពរបស់និស្សិតខ្មែរនៅអ៊ីស្រាអែល គឺការងារអាទិភាពដ៏ធំ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង។
រាជរដ្ឋាភិបាល ចាត់ទុកការជួយសង្រ្គោះពលរដ្ឋខ្មែរ នៅអ៊ីស្រាអែល ជារឿងអាទិភាព

នាពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ និងនិស្សិតខ្មែរចំនួន៤៥៤នាក់កំពុងសិក្សា និងរស់នៅប្រទេសអ៊ីស្រាអែល ដែលកំពុងផ្ទុះសង្គ្រាមយ៉ាងក្តៅគគុកជាមួយក្រុម ហាម៉ាស ប៉ាឡេស្ទីន។ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរទាំងនេះ មានពលរដ្ឋចំនួន៣២៣នាក់ ត្រូវបានអាជ្ញាធរអ៊ីស្រាអែល ក្រោមការសហការជាមួយរាជរដ្ឋាភិបាលជម្លៀសចេញពីតំបន់មានហានិភ័យទៅកាន់តំបន់មានសុវត្ថិភាព ខណៈពលរដ្ឋចំនួន១៣១នាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់។ ​បើតាមការអះអាងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីជម្លៀស​ពលរដ្ឋទាំងនេះទៅកាន់តំបន់មានសុវត្ថិភាព។ ​

ទន្ទឹមនឹងផ្ញើសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់និស្សិត ចាន់ ឧត្តម ដែលបានបង់បាត់ជីវិតដោយសារសង្គ្រាមរវាងកងកម្លាំងរដ្ឋាភិបាល អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បញ្ហាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេស គឺជាការងារអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល ដែលកំពុងខិតខំយ៉ាងយប់ទាំងថ្ងៃក្នុងការសហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធានាថា ពលរដ្ឋ និងនិស្សិតខ្មែរនៅអ៊ីស្រាអែល មានសុវត្ថិភាព។ តែយ៉ាងណាមកទល់ពេលនេះរាជ រដ្ឋាភិបាលកម្ពុជា ពុំទាន់មានគម្រោងក្នុងការជម្លៀសពលរដ្ឋ និងនិស្សិតខ្មែរចេញពីអ៊ីស្រាអែលនៅឡើយទេ។

ពាក់ព័ន្ធបញ្ហាជម្លៀសពលរដ្ឋចេញពីប្រទេសអ៊ីស្រាអែលនេះដែរ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជាគំនិតដល់រាជរដ្ឋាភិបាលកម្ពុជាថា ពលរដ្ឋកម្ពុជាពុំគួរចាកចេញចោលប្រជាជន និងរដ្ឋាភិបាលអ៊ីស្រាអែលឡើយ ប្រសិនបើអាជ្ញាធរអ៊ីស្រាអែល មិនតម្រូវឲ្យពលរដ្ឋកម្ពុជាចេញ។ ព្រោះ សម្តេចតេជោ យល់ឃើញថា បើពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅអ៊ីស្រាអែលចាកចេញចោលប្រជាពលរដ្ឋ និងរដ្ឋាភិបាល ដែលកំពុងជួបការលំបាកដោយសារការប្រយុទ្ធបង្ហូរឈាមគ្នា នោះនិស្សិត និងពលរដ្ឋខ្មែរមិនបាច់សុំអាហារូបករណ៍ និងទៅធ្វើការនៅអ៊ីស្រាអែលទៀតនោះទេ។

បច្ចុប្បន្នទាំងរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំប្រទេសនៅតំបន់អាស៊ានផ្សេងទៀត ដែលមានពលរដ្ឋខ្លួនកំពុងរស់នៅ និងធ្វើការនៅអ៊ីស្រាអែល កំពុងតាមដានស្ថានការណ៍វិវត្តនៃសង្គ្រាមរវាងអាជ្ញាធររដ្ឋាភិបាលអ៊ីស្រាអែលជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន យ៉ាងយកចិត្តទុកដាក់បំផុត។ ​សង្គ្រាមបង្ហូរឈាមរវាងកងកម្លាំងអ៊ីស្រាអែលជាមួយក្រុមហាម៉ាស បាន​ធ្វើមនុស្សលើសពី១ពាន់៥រយនាក់ បានស្លាប់​ក្នុងនោះមាននិស្សិតខ្មែរមួយរូប និងរាប់ពាន់នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្វីជាទស្សនវិស័យនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការដាក់ចេញនូវយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២…

ក្រុមហ៊ុនមួយមានគោលដៅដំឡើងទូត្រជាក់ចល័តនៅតាមផ្សារនានាទូទាំងប្រទេស ដើម្បីសម្រួលដល់អាជីវករទុកដាក់បន្លែ ផ្លែឈើ និងសាច់

ព័ត៌មាន
ក្រោយពេលមើលឃើញពីតម្រូវការចាំបាច់របស់ក្រុមអាជីវរករលក់ដូរ និងចូលរួមចំណែកដល់ការការពារបរិស្ថានក្រុមហ៊ុន អ៊ីស៊ី រីហ្វ្រីជើរេសិន បានរៀបចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ