លោក សុខ ចាន់ នាយកទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជា យល់ឃើញថា ការបង្កើតក្រុមវាយតម្លៃផ្ទៃក្នុងរបស់គ្រឹះស្ថានធនាគារមួយចំនួនពុំមានអ្វីខុសនោះទេ ព្រោះការបង្កើតនេះធ្វើឡើងដើម្បីសម្រួលដល់នីតិវិធីក្នុងការសិក្សាលើការស្នើឥណទានរបស់អតិថិជន។ បើតាមអ្នកជំនាញរូបនេះ ការបង្កើតក្រុមវាយតម្លៃផ្ទៃក្នុងនេះត្រូវបានគ្រឹះស្ថានធនាគារមួយចំនួនធ្វើឡើងជាយូរមកហើយ ដោយក្នុងនោះបុគ្គលិកគ្រឹះស្ថានធនាគារទាំងនោះក៏មានការបណ្ដុះបណ្ដាលអំពីការវាយតម្លៃច្បាស់លាស់ផងដែរ។ ការណ៍នេះត្រូវបានអ្នកនាំពាក្យរូបនេះចាត់ទុកថា វានឹងមិនបង្កផលប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ និងវិស័យអចនវត្ថុនៅកម្ពុជានោះទេ ខណៈការវាយតម្លៃផ្ទៃក្នុងនេះត្រូវបានធ្វើឡើងក្នុងទំហំឥណទានខ្នាតតូចប៉ុណ្ណោះ។ បើតាមលោក សុខ ចាន់ ទោះបីជាមានក្រុមវាយតម្លៃផ្ទៃក៏ពិតមែន តែគ្រឹះស្ថានធនាគារនៅតែមានតម្រូវការលើសេវាវាយតម្លៃអចនវត្ថុពីក្រុមហ៊ុនឯករាជ្យដដែល ដើម្បីបញ្ជាក់ពីសុក្រឹតភាព។
ពាក់ព័ន្ធបញ្ហានេះ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL លើកឡើងថា មកដល់ពេលនេះនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន គឺពុំមានធនាគារណាមួយមានសេវាវាយតម្លៃផ្ទៃក្នុងដោយខ្លួនឯង ឬមានក្រុមហ៊ុនវាយតម្លៃជាបុត្រសម្ពន្ធនោះទេ ព្រោះការវាយតម្លៃផ្ទៃក្នុងដោយធនាគារខ្លួនឯងនឹងបង្កហានិភ័យ។ បើតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យចាស់វស្សារូបនេះ ប្រសិនបើមិនមានក្រុមហ៊ុនវាយតម្លៃគោរពតាមស្តង់ដា និងវិជ្ជាជីវៈទេ នោះនឹងធ្វើឱ្យការផ្ដល់កម្ចីមិនមានភាពត្រឹមត្រូវឡើយ។
ជាមួយគ្នានេះ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា ការបង្កើតក្រុមវាយតម្លៃអចលនវត្ថុផ្ទៃក្នុងផ្ទាល់ខ្លួនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួននឹងបង្កផលប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនបរទេស និងផ្នែកពាក់ព័ន្ធជាច្រើនទៀត។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គួរគោរពវិជ្ជាជីវៈរបស់អ្នកវាយតម្លៃអចលនវត្ថុឯករាជ្យ និងបង្កើតត្រឹមបុគ្គលិករដ្ឋបាល ដើម្បីសហការជាមួយក្រុមអ្នកវាយតម្លៃឯករាជ្យបានហើយ ដើម្បីការពារហានិភ័យផ្សេងៗ។
សូមបញ្ជាក់ថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានសម្រេចឈប់ឱ្យក្រុមហ៊ុន និងក្រុមអ្នកផ្តល់សេវាកម្មវាយតម្លៃអចលនវត្ថុផ្តល់ការវាយតម្លៃបឋមដល់អតិថិជនជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអតិថិជនទូទៅចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ក្រោយសង្កេតឃើញការផ្តល់តម្លៃបឋមនេះមិនបានឆ្លុះបញ្ចាំងពីតម្លៃជាក់ស្តែង។ ក្នុងករណីក្រុមហ៊ុន ឬក្រុមអ្នកផ្តល់សេវាវាយតម្លៃណានៅតែបន្តលួចផ្តល់តម្លៃបឋមជូនអតិថិជន ល្មើសនឹងយន្តការនេះអាចប្រឈមនឹងការព្រមាន ឬឈានដល់ការព្យួរ និងដកអាជ្ញាបណ្ណលែងឱ្យប្រកបអាជីវកម្មតែម្តង៕
អត្ថបទ៖ បូ ដូឡា