ផ្អែកតាមការស្រាវជ្រាវលើឯកសារប្រវត្តិសាស្ត្រជាច្រើន លោក Barnett បានអះអាងថា នៅឆ្នាំ ២០២៥ ការចោទប្រកាន់របស់ថៃថា ទាហានកម្ពុជា បាញ់ឆ្លងព្រំដែន គឺគ្រាន់តែជាលេសប្រើប្រាស់ដើម្បីឈ្លានពាន ប្រទេសកម្ពុជា តែប៉ុណ្ណោះ។ ការអះអាងស្រដៀងគ្នានេះ ក៏ធ្លាប់ជាមូលដ្ឋាននៃការឈ្លានពានកម្ពុជា ពីសំណាក់ប្រទេសថៃ នៅឆ្នាំ ១៩៤១ ដែរ។ នៅពេលនោះដូចជាឥឡូវនេះដែរ សកម្មភាពយោធារបស់ថៃ មានគោលបំណងបញ្ចូលទឹកដីកម្ពុជា ឲ្យទៅជាផ្នែកមួយរបស់ខ្លួន។
លោក Barnett បានគូសបញ្ជាក់ទៀតថា ទោះបីជាថៃ ដឹងច្បាស់អំពីអំពើប្រល័យពូជសាសន៍របស់ជប៉ុន នៅប្រទេសចិន រួមទាំងសម្លាប់រង្គាលនៅណានជីងឆ្នាំ ១៩៣៧ ដែលបានសម្លាប់ប្រហែល ២០ម៉ឺននាក់ (ពលរដ្ឋស៊ីវិល និងអ្នកទោសសង្គ្រាម) ក៏ដោយ ក៏ថៃ នៅតែចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយជប៉ុន នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ១៩៤០។ កិច្ចព្រមព្រៀងនេះបានបង្កើតមូលដ្ឋានឲ្យជប៉ុន បន្តកាន់កាប់ឥណ្ឌូចិន បារាំង និងម៉ាឡេស៊ី អង់គ្លេស។ បន្ទាប់ពីអនុម័តសន្ធិសញ្ញានេះ ថៃ បានឈ្លានពានកម្ពុជា និងឡាវ នៅខែមករា ឆ្នាំ ១៩៤១ ដោយអះអាងថា កងកម្លាំងអាណានិគមបារាំង នៅកម្ពុជា បានបាញ់ឆ្លងព្រំដែនចូលក្រុងអារ៉ាញប្រថេត (Aranyaprathet) នៃប្រទេសថៃ។ តាមពិតទៅ អំឡុងពេលនោះ ថៃ បានត្រៀមរៀបចំសម្រាប់ការឈ្លានពាន អស់រយៈពេលជាច្រើនខែមកហើយ។ ហើយក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ ថៃ បានបង្ខំឱ្យកម្ពុជា កាត់ខេត្តភាគជើងឱ្យខ្លួន និងបានលេបយកទឹកដីភាគលិចរបស់ឡាវ ផងដែរ។
នៅខែធ្នូ ឆ្នាំ ១៩៤១ ថៃ និងជប៉ុន បានចុះកិច្ចព្រមព្រៀងបន្ថែមមួយទៀត សម្រាប់ការគាំទ្រយោធារួមគ្នា ដោយជប៉ុន បានគាំទ្រយ៉ាងច្បាស់លាស់ ចំពោះការអះអាងទឹកដីរបស់ថៃ រួមទាំងតំបន់ដែលបានបញ្ចូលពីកម្ពុជា ឡាវ ម៉ាឡេស៊ី និងភូមា (Burma)។ កិច្ចព្រមព្រៀងនេះ បានធានាតួនាទីរបស់ថៃ ជាមជ្ឈមណ្ឌលផ្គត់ផ្គង់ និងជាទីតាំងសម្រាប់ការរៀបចំកម្លាំង (staging ground) សម្រាប់ការឈ្នះគ្រប់គ្រងរបស់ជប៉ុន លើម៉ាឡាយ៉ា អង់គ្លេស និងភូមា ក្នុងឆ្នាំ ១៩៤១ ដល់ ១៩៤២។
លោក Barnett បានបញ្ជាក់ទៀតថា នៅខែកក្កដា ឆ្នាំ ១៩៤៣ ជប៉ុន បានផ្តល់រង្វាន់ដល់ថៃសម្រាប់ការសហការដោយផ្ទេរខេត្តចំនួនប្រាំ៦ ពី ម៉ាឡាយ៉ា អង់គ្លេស និង ភូមា ឲ្យទៅថៃ។ ក្នុងអំឡុងពេលនេះ ថៃ បានសម្របសម្រួល និងទទួលផលប្រយោជន៍យ៉ាងច្បាស់ពីការប្រើប្រាស់ពលកម្មបង្ខំរបស់ជប៉ុន ដើម្បីសាងសង់ផ្លូវដែកភូមា (Burma Railway) ដែលភ្ជាប់ពីបាងកកទៅយ៉ាងហ្គូន (Yangon)។ ក្នុងចំណោមពលកម្មដែលត្រូវបានបង្ខំមានអ្នកទោសសង្គ្រាមអង់គ្លេស ជាង៣ម៉ឺននាក់ និងអាម៉េរិកជិត៧០០ នាក់។ ក្នុងចំណោមពួកគេ អង់គ្លេសជិត ៧ពាន់នាក់ និងអាមេរិកជាង ១៣០ នាក់ បានស្លាប់ ដោយសារលក្ខខណ្ឌការងារដ៏សាហាវឃោរឃៅ។
ទោះយ៉ាងណា បន្ទាប់ពីជ័យជម្នះរបស់សម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ ថៃត្រូវបានបង្ខំឲ្យលះបង់ទឹកដីទាំងអស់ ដែលខ្លួនបានកាត់លេបយកពីកម្ពុជា ឡាវ ម៉ាឡេស៊ី និងភូមា ត្រូវប្រគល់ទៅឱ្យទៅប្រទេសទាំងអស់នោះវិញ។ ចក្រភពអង់គ្លេសដំបូងបានស្វែងរកវិធានការផ្តន្ទាទោស រួមទាំងការកាន់កាប់ថៃយូរអង្វែង។ ទោះយ៉ាងណា សហរដ្ឋអាមេរិកបានប្រឆាំងនឹងការដាក់ទណ្ឌកម្មក្រោយសង្គ្រាមយ៉ាងតឹងរ៉ឹង ដោយអះអាងថា ការទាមទារដ៏ខ្លាំងក្លានឹងធ្វើឲ្យថៃ និងតំបន់មិនស្ថិរភាព។ ដោយហេតុនេះ ថៃបានប្រឈមនឹងការទទួលខុសត្រូវតិចតួចប៉ុណ្ណោះ ចំពោះអំពើឈ្លានពានទឹកដីក្នុងសម័យសង្គ្រាម។
ឥឡូវនេះ នៅឆ្នាំ ២០២៥ ថៃ កំពុងឈ្លានពានប្រទេសកម្ពុជា ម្ដងទៀត ដោយប្រើលេសដដែល ក្នុងគោលបំណងចង់ដណ្ដើមយកទឹកដីកម្ពុជា ទៅគ្រប់គ្រង ដើម្បីបំពេញហិច្ឆតាដ៏អាក្រក់ និងគ្មានអៀនខ្មាស់របស់ខ្លួន៕
អត្ថបទ ចាន់ ភារម្យ