
បើតាមការចុះផ្សាយសារព័ត៌មាន the Edge Malaysia បច្ចុប្បន្នអង្គការពលកម្មអន្តរជាតិ ឬអង្គការ ILO កំពុងវាយតម្លៃពីផលប៉ះពាល់ ដែលបង្កឡើងដោយការកាត់កញ្ចប់មូលនិធិរហូតដល់១០៧លានដុល្លារពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ។ បុគ្គលិកអង្គការ ILO ដែលកំពុងធ្វើការ ដើម្បីលើកកម្ពស់សិទ្ធិការងារជាអន្តរជាតិ បានប្រាប់អ្នកសារព័ត៌មានថា ពួកគេកំពុងមានការព្រួយបារម្ភពីការបាត់បង់ការងារ ដោយសារកញ្ចប់ថវិការរបស់អាម៉េរិក មានទំហំប្រមាណ២២% នៃថវិកាប្រតិបត្តិការទូទៅរបស់ ILO។
ពាក់ព័ន្ធនឹងការស្នើកាត់បន្ថយកញ្ចប់មូលនិធិរបស់អាម៉េរិកនេះ សេតវិមានបាននិយាយកាលពីថ្ងៃសុក្រ ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចលុបចោលជំនួយបរទេស ដែលមានទឹកប្រាក់រហូតដល់៤,៩ពាន់លានដុល្លារ ដែលត្រូវបានអនុញ្ញាតដោយសភាសម្រាប់កម្មវិធីអន្តរជាតិ មួយចំនួន រួមទាំងការកាត់បន្ថយកញ្ចប់ថវិកាទំហំ១០៧លានដុល្លារដល់អង្គការ ILO ផងដែរ។
នៅក្នុងកំណត់ត្រាផ្ទៃក្នុងដែលបានផ្ញើទៅបុគ្គលិក អគ្គនាយកអង្គការ ILO លោក ជៀលបឺត ហោងបូ (Gilbert F. Houngbo) បានលើកឡើងថា លោកមិនទាន់អាចវាយតម្លៃពីផលប៉ះពាល់ ដែលបង្កឡើងដោយការកាត់បន្ថយមូលនិធិរបស់អាម៉េរិក នៅឡើយទេ ខណៈបច្ចុប្បន្ន អង្គការ ILO កំពុងទាក់ទងជាមួយរដ្ឋបាលសហរដ្ឋអាម៉េរិក ដើម្បីស្វែងរកព័ត៌មានលម្អិតបន្ថែម។ លោកបានអះអាងថា សហរដ្ឋអាម៉េរិក ដែលជាម្ចាស់ជំនួយធំបំផុតរបស់អង្គការ ILO មិនទាន់បានបង់ថ្លៃសេវាសម្រាប់ឆ្នាំ២០២៤/២០២៥ នៅឡើយទេ ខណៈកញ្ចប់ការងារឆ្នាំ២០២៦/២០២៧ មានទំហំប្រមាណ៩៣០លានដុល្លារ៕
ដោយៈ សរ សុជាតិ