ក្នុងនោះ សាលារដ្ឋជាច្រើនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ខណៈដែលសាលារៀនឯកជនទាំងយីហោក្នុងស្រុក និងយីហោមកពីក្រៅប្រទេស ក៏មានការពង្រីកខ្លួនកាន់តែច្រើនឡើងៗ ដែលបានជ្រោងដល់វិស័យអប់រំរបស់កម្ពុជាកាន់តែដើរឆ្ពោះទៅមុខប្រកបដោយវិបុលភាព។
ជាមួយគ្នានេះ ការពាំនាំមកនូវស្ដង់ដារបង្រៀនបែបអន្តរជាតិពីសំណាក់សាលាឯកជននៅកម្ពុជា ក៏មានសន្ទុះខ្លាំងផងដែរ ខណៈដែលសាលាអន្តរជាតិគ្រប់កម្រិតត្រូវបានបង្កើតឡើងនៅកម្ពុជាជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយ អ្នកជំនាញវ័យក្មេងដែលមានបទពិសោធន៍ច្រើនឆ្នាំគួរសមក្នុងវិស័យអប់រំ លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិ Learning Jungle បានលើកឡើងថា ការបង្រៀនតាមបែបស្ដង់ដារអន្តរជាតិ គឺជារឿងល្អមួយសម្រាប់សិស្ស ប៉ុន្ដែ សាលាដែលមានឈ្មោះថា អន្តរជាតិទាំងនោះក៏គួរតែពង្រឹងគុណភាពរបស់ខ្លួនឲ្យសក្ដិសមនឹងឈ្មោះដែលបានដាក់ ដើម្បីជាផ្នែកមួយជួយអភិវឌ្ឍដល់វិស័យអប់រំកម្ពុជា។
លើសពីនេះទៀត សាលាអន្តរជាតិដែលមានបង្រៀនបែបស្ដង់ដារ ឬមានម៉ោងសិក្សាច្រើនភាសា ក៏គួរតែបន្ថែមម៉ោងកម្មវិធីសិក្សាភាសាខ្មែរសម្រាប់សិស្សរៀនសូត្រផងដែរ ដើម្បីឲ្យពួកគេបានជ្រួតជ្រាបពីអ្វីដែលជាអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីរបស់ខ្លួន។
ការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិ Learning Jungle រូបនេះ គឺស្របពេលបច្ចុប្បន្ន សាលាអន្តរជាតិឯកជនភាគច្រើនបាននិងកំពុងបង្រៀនសិស្ស ពិសេសក្មេងៗនៅថ្នាក់មត្តេយ្យ និងបឋមសិក្សា ជាភាសាបរទេសពីរ ឬបីភាសា ដែលធ្វើឲ្យម៉ោងមុខវិជ្ជាភាសាខ្មែរហាក់មានកម្រិតនៅឡើយ។
លោក លី វីរៈ បានលើកឡើងយ៉ាងដូច្នេះថា «ម៉ោងសិក្សារបស់សាលាអន្តរជាតិ Learning Jungle គឺចប់នៅម៉ោង៤កន្លះ ខណៈដែលសាលាអន្តរជាតិផ្សេងៗទៀត ចប់ម៉ោងសិក្សាត្រឹមម៉ោង២កន្លះ។ ហើយនៅចន្លោះម៉ោង ២កន្លះដល់ម៉ោង ៤កន្លះហ្នឹង គឺយើងនឹងបញ្ចូលម៉ោងភាសាខ្មែរសម្រាប់សិស្ស ដើម្បីឲ្យពួកគាត់អាចរៀនតាមស្ដង់ដារអន្តរជាតិផងនិងបានរៀនបន្ថែមពីមុខវិជ្ជាសិក្សាភាសាខ្មែរឲ្យបានច្រើនផង ដើម្បីបានស្វែងយល់ពីអ្វីដែលជាវប្បធម៌ និងអត្តសញ្ញាណរបស់ខ្មែរ។ អ៊ីចឹង ពេលសិស្សរៀនចប់ចេញពីសាលាទៅ ពួកគាត់នឹងមានសមត្ថភាពក្នុងការប្រកួតប្រជែងទាំងក្នុងស្រុក និងលក្ខណៈអន្តរជាតិ»។
បើតាមការលើកឡើងពីអ្នកជំនាញផ្នែកអប់រំដដែលនេះ បានឲ្យដឹងទៀតថា អាជីវកម្មផ្នែកអប់រំនៅកម្ពុជាបច្ចុប្បន្ននេះ ហាក់មានការប្រកួតប្រជែងខ្លាំងគួរឲ្យកត់សម្គាល់ ពោលគឺមិនត្រឹមតែមានសាលាឯកជនក្នុងស្រុករីកដុះដាលច្រើននោះទេ តែសាលាដែលមានយីហោពីក្រៅស្រុក ឬហៅថាម៉ាក Franchise ក៏មានការហូរចូលមកច្រើនផងដែរ។ ក្នុងនោះ សាលាអន្តរជាតិយីហោក្រៅស្រុកភាគច្រើន ត្រូវបាននាំចូលមកពីប្រទេសសិង្ហបុរី ក្រោមកម្រិតសិក្សាថ្នាក់សាលាមតេយ្យ។
ត្បិតថាការប្រកួតប្រជែងកាន់តែមានកម្ដៅ ប៉ុន្ដែ ក្នុងនាមជាអ្នកគ្រប់គ្រងសាលាអន្តរជាតិ Learning Jungle ម៉ាក Franchise មកពីកាណាដា ដែលបានមានវត្តមាននៅកម្ពុជាជិត៤ឆ្នាំ និងមាន២ទីតាំងនៅកម្ពុជា លោក លី វីរៈ មើលឃើញថា ការប្រកួតប្រជែងក្នុងវិស័យអប់រំ គឺជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជា ព្រោះវាមិនត្រឹមតែផ្ដល់នូវជម្រើសកាន់តែច្រើនសម្រាប់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្ដែ ការប្រកួតប្រជែងក៏ជំរុញឲ្យសាលាឯកជននីមួយៗកាន់តែខិតខំពង្រឹងនូវគុណភាពរបស់ខ្លួនកាន់តែខ្លាំងផងដែរ។
យ៉ាងណាក៏ដោយចុះ លោក លី វីរៈ បានគូសបញ្ជាក់ដែរថា កត្តាប្រឈមធំបំផុតមួយសម្រាប់ការបង្កើតសាលាឯកជននេះ គឺការស្វែងរកនូវធនធានមនុស្សដែលមានសមត្ថភាពក្នុងការគ្រប់គ្រងនិងបង្ហាត់បង្រៀនសិស្សប្រកបដោយជំនាញវិជ្ជាជីវៈ។
ប្រធានក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិ Learning Jungle រូបនេះ បានផ្ដល់នូវយោបល់សម្រាប់អ្នកដែលមានបំណងបើសាលាឯកជនថា ត្រូវគិតគូរពីគុណភាពជាចម្បងបំផុតមុននឹងឈានទៅគិតដល់ការរកប្រាក់ចំណេញ ព្រោះសាលា គឺជាថ្នាលបណ្ដុះបណ្ដាលដ៏សំខាន់បំផុតក្នុងការកសាងនូវសមត្ថភាពធនធានមនុស្សសម្រាប់ប្រទេសជាតិ ខុសពីអាជីវកម្មលក់ដូរទំនិញ ឬសេវាកម្មធម្មតា។
មិនតែប៉ុណ្ណោះ អ្នកប្រតិបត្តិអាជីវកម្មនេះ ត្រូវមានស្មារតីស្រឡាញ់ការអប់រំខ្លាំងបំផុត មានការអត់ធ្មត់ខ្ពស់ និងត្រូវមោះមុត ម៉ត់ចត់នឹងការងារ។ ពិសេសជាងនេះទៀតនោះ គឺត្រូវកសាងឲ្យបាននូវគុណភាពអប់រំ ក៏ដូចជាកេរ្តិ៍ឈ្មោះ ព្រោះសាលារៀនមិនត្រឹមតែលក់សេវាកម្មបង្រៀនសិស្សនោះទេ តែក៏ត្រូវលក់កេរ្តិ៍ឈ្មោះ ដែលជាទំនុកចិត្តសម្រាប់អាណាព្យាបាលសិស្សផងដែរ។
សូមបញ្ជាក់ថា សាលាអន្តរជាតិ Learning Jungle ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៤ និងកំពុងមានសាខា២កន្លែង ដោយមានបង្រៀនថ្នាក់មត្តេយ្យ និងបឋមសិក្សា ហើយបើតាមការអះអាងពីអ្នកគ្រប់គ្រង សាលាអន្តរជាតិមួយនេះ ក៏គ្រោងនឹងពង្រីកសមត្ថភាពបង្រៀនថ្នាក់វិទ្យាល័យ និងបន្តចាប់ដៃគូជាមួយសាលាសាកលវិទ្យាល័យនៅក្រៅប្រទេស ដើម្បីបញ្ជូនសិស្សទៅរៀននៅក្រៅប្រទេសផងដែរ៕