នាកិច្ចសម្ភាសពិសេសជាមួយខេមបូណូមីស លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់របស់គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងនាវាចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលនឹងក្លាយជាសរសៃឈាមដ៏សំខាន់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំងវិស័យអចលនទ្រព្យផងដែរ។
បើតាមអ្នកជំនាញរូបនេះ គម្រោងព្រែកជីកហ្វូណនតេជោនេះ វានឹងជួយជំរុញឱ្យទីផ្សារ និងតម្លៃអចលនទ្រព្យនៅតំបន់ក្បែរខាងព្រែកជីកនេះកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដ្បិតថា ព្រែកជីកនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកកាន់តែមានភាពងាយស្រួល ដែលជំរុញឱ្យមានការអភិវឌ្ឍអចលនទ្រព្យបែបឧស្សាហកម្មនៅតាមតំបន់នោះនឹងមានការកើនឡើង។
ម្យ៉ាងទៀតព្រែកជីកនេះ ក៏នឹងក្លាយជាផ្លូវទឹកក៏សំខាន់មួយសម្រាប់បម្រើដល់វិស័យទេសចរណ៍ផងដែរ ហើយវាជំរុញឱ្យអចលនទ្រព្យបែបទេសចរណ៍នៅតំបន់នោះ លេចរូបរាងឡើងផងដែរ ដូចជាតំបន់កម្សាន្ត ភោជនីយដ្ឋាន និងទីប្រជុំជនផ្សេងៗទៀតជាដើម។
សម្រាប់លោក សន សៀប ការវិនិយោគលើវិស័យអចលនទ្រព្យនៅតំបន់ក្បែរខាងព្រែកជីកនេះសុទ្ធសឹងតែជាតំបន់ដែលមានសក្កានុពល តែយ៉ាងណាលោកយល់ឃើញថា មុននឹងវិនិយោគនៅតំបន់នោះ អ្នកវិនិយោគលើវិស័យអចលនទ្រព្យ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្ន និងសិក្សាឱ្យបានល្អិតល្អន់ជាមុនផងដែរ ដើម្បីបញ្ចៀសផលប៉ះពាល់នានា។
តួយ៉ាង អ្នកវិនិយោគមិនគួរទិញអចលនទ្រព្យដែលជាប្លង់របស់គម្រោងកំពុងអភិវឌ្ឍន៍នោះទេ ដ្បិតថា អចលនទ្រព្យនោះទិញហើយមិនអាចលក់ចេញវិញបាន ឬលក់បានក្នុងតម្លៃទាបជាដើម ហើយវាថែមទាំងបានផ្តល់ផលរំខាន់ដល់ការអភិវឌ្ឍរបស់គម្រោងនាវាចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជានេះផងដែរ។
គួរបញ្ជាក់ថា គម្រោងព្រែកហ្វូណនតេជោ ដែលកម្ពុជា កាន់កាប់ភាគហ៊ុន៥១%នេះ មានប្រវែង១៨០គីឡូម៉ែត្រ ក្នុងនោះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម៨០ម៉ែត្រ ដោយតភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤រួមមានខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងព្រែកជីកដែលមានតម្លៃប្រមាណ១ពាន់៧រយលានដុល្លារនេះ បើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអមជាមួយការបាញ់កាំជ្រួច និងទូងស្គរទូទាំងប្រទេស ដើម្បីជាការគាំទ្រដល់គម្រោងជាប្រវត្តិសាស្រ្តមួយនេះ៕