ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដា្ឋនផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងបានគូសបញ្ជាក់ថា ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនេះ គឺជាគម្រោងវិនិយោគដ៏ធំមួយរបស់រាជរដ្ឋាភិបាលដើម្បីកំណត់ទិសដៅអភិវឌ្ឍខេត្តព្រះសីហនុសម្រាប់រយៈពេល១៥ឆ្នាំទៅមុខ ដោយមានការសិក្សាវិភាគ និងបែងចែកតំបន់អភិវឌ្ឍសេដ្ឋកិច្ចទៅតាមតំបន់សក្តានុពលនីមួយៗរបស់ខេត្ត។
បើតាមថ្នាក់ដឹកនាំរូបនេះ សកម្មភាពអាទិភាពក្នុងរយៈពេល៣ ទៅ៥ឆ្នាំខាងមុខ ក្នុងការអនុវត្តផែនការមេនេះ គឺការសាងសង់ និងអភិវឌ្ឍតំបន់គំរូសាកល្បងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូន និងឡូជីស្ទីក និងឧស្សាហកម្ម ដែលមានលក្ខណៈប្រមូលផ្ដុំ ដើម្បីកាត់បន្ថយថ្លៃដើម និងទទួលបានប្រសិទ្ធភាពថវិកាខ្ពស់ និងការពង្រឹងសមត្ថភាពស្ថាប័នអនុត្ត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខេត្ត ដែលនឹងដើរតួនាទីសំខាន់ៗ ក្នុងការផ្តល់សេវាវិនិយោគ ការផ្តល់ពិគ្រោះយោបល់ ការចុះបញ្ជី និងការសម្រួលអនុលោមភាព ដោយប្រើប្រាស់មន្ត្រីដែលមានជំនាញ។
ឯកឧត្តម ជា កុកហុង បានវាយតម្លៃថា ក្នុងចំណោមវិស័យសក្តានុពលជាច្រើននៅក្នុងខេត្តព្រះសីហនុ វិស័យឧស្សាហកម្ម កម្មន្តសាល ឡូជីស្ទីក និងទេសចរណ៍ គឺជាវិស័យអាទិភាពដែលវិនិយោគិនគួរបោះទុនវិនិយោគនៅក្នុងខេត្តនេះ ដ្បិតថាខេត្តព្រះសីហនុ ជាទីតាំងយុទ្ធសាស្រ្តក្នុងការជំរុញការធ្វើពាណិជ្ជកម្មនៃតំបន់អាស៊ាន និង RCEP។
យ៉ាងណាមិញ ស្របពេលដែលភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន-អាមេរិកកាន់តែកើនកម្តៅ ពិសេសលើកការដំឡើងពន្ធរបស់អាម៉េរិក វានឹងជំរុញឱ្យមានការរង្គោះរង្គើលើការផ្ទេរឧស្សាហកម្មនៅបណ្តាប្រទេសមួយចំនួន ដែលជាឱកាសល្អសម្រាប់ខេត្តព្រះសីហនុក្នុងការស្រូបទាញឧស្សាហកម្មទាំងនោះ ហើយវាក៏ស្របគ្នាជាមួយនឹងយន្តការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគ និងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងផងដែរ។
ជាមួយគ្នានេះលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជ្យបណ្ឌិត្យសភាកម្ពុជាបានចាត់ទុកផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង គឺជាការចាប់ផ្តើមមួយរបស់កម្ពុជាក្នុងការរៀបចំ និងជំរុញការវិនិយោគឱ្យមានលក្ខណៈប្រមូលផ្តុំទៅតាមវិស័យនីមួយៗ ដ្បិតថាខេត្តនេះមានទីតាំងភូមិសាស្រ្តល្អ និងមានសក្តានុពលខ្ពស់លើគ្រប់វិស័យ ទាំងវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ការដឹកជញ្ជូន និងឡូជីស្ទីក ហិរញ្ញវត្ថុ និងអចលនទ្រព្យជាដើម ដែលមានសល់ទីតាំងច្រើនសម្រាប់ទទួលការវិនិយោគ ពិសេសគឺអាគារជាប់គាំងរាប់រយអគារតែម្តង។
បើតាមការបញ្ជាក់របស់ ឯកឧត្តម ជា កុកហុង ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង គ្រោងដាក់ឱ្យអនុវត្តន៍នៅឆ្នាំ២០២៥ ខាងមុខនេះ ក្រោយផែនការមេដ៏មានសារៈសំខាន់នេះ ត្រូវបានឆ្លងកាត់ការស្រាវជ្រាវវិភាគ ដោយអ្នកជំនាញជាតិ និងអន្តរជាតិជាង៧០នាក់ និងមានលក្ខណៈប្រាកដនិយមគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា៕