ការនាំចេញផលិតផលកសិកម្ម

១០ខែឆ្នាំនេះ កម្ពុជានាំចេញកសិផល ៦លានតោន ជាមួយចំណូលប្រមាណ ៤ពាន់លានដុល្លារ


ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញកសិផលប្រមាញ ៦លានតោន ទៅកាន់ទីផ្សារគោលដៅចំនួន ៦៨ប្រទេស និងទទួលបានចំណូលប្រមាណ ៤ពាន់លានដុល្លារ។ ក្នុងនោះ ចំណូលពីការនាំចេញអង្ករ មានជាង ៣៩២ លានដុល្លារ។ រីឯ ចំណូលពីការនាំចេញស្រូវ មានជាង ៤៦៥លានដុល្លារ។ ចំណែក ចំណូលពីការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានជាង ២ពាន់៨រយលានដុល្លារ។ អ្នកជំនាញមើលឃើញថា ការនាំចេញកសិផលរបស់កម្ពុជាកើនឡើងនេះ ដោយសារតែប្រទេសជិតខាង ពិសេសវៀតណាមមានតម្រូវការនាំចូលផលិតផលកសិកម្មកើនឡើងខ្លាំងនៅអំឡុងពេលកូវីដ១៩រាតត្បាតនេះ។
សកម្មភាពបុគ្គលិកកំពុងរៀបចំការវេចខ្ចប់ផ្លែស្វាយ
ដោយ

យោងតាមរបាយការណ៍ដែលបង្ហាញដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី២៩ ខែតុលា បានបង្ហាថា រយៈពេល ១០ខែ ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញកសិផលទៅកាន់ទិសដៅចំនួន ៦៨ប្រទេស ក្នុងបរិមាណជាង ៦លានតោន ដោយបានកើនឡើងរហូតជាង ៨៧ភាគរយ បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ផលិតផលកសិកម្មសំខាន់ៗ ដែលមានភាពលេចធ្លោរជាងគេរបស់កម្ពុជាសម្រាប់ការនាំចេញ រួមមានដូចជា ស្រូវ-អង្ករ,ផ្លែស្វាយស្រស់,ដំឡូងមី,គ្រាប់ស្វាយចន្ទី,ម្រេច និងផ្លែចេកស្រស់ជាដើម។ ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ-អង្ករ កម្ពុជា និងអ្នកជំនួញផ្នែកនាំចេញកសិផល បានយល់ឃើញថា នារយៈពេលចុងក្រោយនេះ សន្ទុះនៃការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅតែមានភាពផុសផុល ពិសេសការនាំចេញទៅប្រទេសជិតខាង។

ដោយឡែក ជុំវិញស្ថានភាពនៃការនាំចេញផ្លែស្វាយវិញ ត្រូវបានលោកឧកញ៉ា ហ៊ុន ឡាក់ គូសបញ្ជាក់ថា ឆ្នាំនេះ ដំណើរការនាំចេញផ្លែស្វាយរបស់កម្ពុជា ហាក់មានភាពយឺតយ៉ាវបន្តិច ដោយសារតែកសិករ និងម្ចាស់ចម្ការស្វាយ មួយចំនួនមិនបានធ្វើស្វាយខុសរដូវ ក្នុងឆ្នាំនេះ គួបផ្សំនឹងមានភ្លៀងធ្លាក់ទៀតផងនោះ បានធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផលស្វាយ និងធ្វើឱ្យគុណភាពស្វាយថយចុះ។ អ្នកជំនាញរូបនេះ បានបញ្ជាក់បន្ថែមថា បើទោះបីឆ្នាំនេះ ការប្រមូលផលស្វាយជួបបញ្ហាខ្លះៗ ក៏ដោយចុះ ប៉ុន្តែ តម្លៃនៃការនាំចេញស្វាយនៅឆ្នាំនេះ ហាក់ប្រសើរជាងឆ្នាំមុន។ 

សូមបញ្ជាក់ថា រយៈពេល ១០ខែ ឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញកសិផលសំខាន់ៗ ដូចជា អង្ករ ប្រមាណ៤១ម៉ឺនតោន,ស្រូវ ជាង២លានតោន,គ្រាប់ស្វាយចន្ទី ប្រមាណ៩១ម៉ឺនតោន,ផ្លែស្វាយស្រស់ ប្រមាណ២០ម៉ឺនតោន,ម្រេច ជិត៣ម៉ឺនតោន និងកសិផលដទៃច្រើនមុខទៀត ខណៈដែលប្រាក់ចំណូលដែលទទួលបានពីការនាំចេញផលិតផលកសិកម្មសរុបមានប្រមាណ៤ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញទៅចិនកើនជាង៥០% នៅ៩ខែឆ្នាំនេះ

ព័ត៌មាន
វិបត្តិកូវីដ-១៩ មិនបានបង្កការរំខានដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិននោះទេ។ ជាក់ស្តែង ការនាំចេញទំនិញទៅចិននៅ៩ខែក្នុងឆ្នាំ២០២១ នៅតែរក្ស…

ឯកឧត្តម ស៊ុយ សែម៖ កម្ពុជា នឹងលែងបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មទៀតហើយ!

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល ប្តេជ្ញាឈប់បង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីៗបន្ថែមហើយ ដើម្បីរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ផ្សេងៗមកលើប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ