
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប, ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង, ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់, ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន, ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម, ឯកឧត្តមតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សាបច្ចេកទេស តំណាងក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ១៦០០នាក់។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់នៃខេត្តកំពង់ធំ។



ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានសម្ដែងនូវសេចក្ដីសោមនស្សនិងពេញចិត្តក្រៃលែង ចំពោះគម្រោងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩គីឡូម៉ែត្រ ចំនួន១២ខ្សែ ក្នុងខេត្តកំពង់ធំ ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីមូលនិធិសហភាពអឺរ៉ុប (EU/AIF) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និង ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដែលជាចំណងដៃដ៏ថ្មីស្រឡាងមួយសម្រាប់ខេត្តកំពង់ធំ ក៏ដូចជាសម្រាប់ខេត្តគោលដៅចំនួន៦ផ្សេងទៀត ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។


គម្រោងនេះកើតចេញពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងភាពជាដៃគូ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យនិងយុទ្ធសាស្រ្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍខេត្តកំពង់ធំ ឱ្យមានការប្រែប្រួលមុខមាត់ តាមរយៈការដោះស្រាយជីវភាពរបស់ប្រជាជន និងរួមចំណែកឆ្លើយតបទៅនឹងភាពមានកម្រិត និងសេចក្តីត្រូវការដ៏ច្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ព្រមទាំងអាចឱ្យប្រជាជនដែលរស់នៅក្នុងតំបន់នៃខេត្តគោលដៅ អាចធ្វើដំណើរបានគ្រប់រដូវកាល និងប្រើប្រាស់សម្រាប់ការងារពហុបំណង។ លើសពីនេះ បន្ទាប់ពីគម្រោងសាងសង់នេះបញ្ចប់ជាស្ថាពរខេត្តកំពង់ធំនឹងកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុកនិងបរទេស ក្នុងការដាក់ទុនវិនិយោគលើវិស័យដែលមានសក្តានុពល ជាពិសេសវិស័យកសិ-ឧស្សាហកម្ម កម្មន្តសាល និងវិស័យទេសចរណ៍ ដូចទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលតែងបានលើកឡើងនាពេលកន្លងមក «មានផ្លូវ គឺមានក្ដីសង្ឃឹម» និង «មានផ្លូវ គឺមានការអភិវឌ្ឍ»។



ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ដែលបានដឹកនាំនិងសម្របសម្រួលការអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ទីប្រឹក្សាបច្ចេកទេសពាក់ព័ន្ធ និងដៃគូទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តសហការគ្នាឱ្យបានល្អ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបុរេសកម្ម ក្នុងការអនុវត្តគម្រោង ការគ្រប់គ្រង និងការអភិវឌ្ឍ ដោយធានានូវប្រក្រតីភាពនៃជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងស្នើដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការយោគយល់ បង្កលក្ខណៈងាយស្រួល និងចូលរួមថែទាំនូវបណ្ដាញហេដ្ឋារចនាសម្ព័ន្ធឱ្យបានយូរអង្វែង។



ក្នុងឱកាសនេះដែរ ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូដ៏រឹងមាំនិងកិច្ចសហការជិតស្និទ្ធរវាងសហភាពអឺរ៉ុបជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិត ផ្ដួចផ្ដើមរបស់សហគមន៍អឺរ៉ុប និងរដ្ឋជាសមាជិកអឺរ៉ុប ជាពិសេសប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជំរុញការលើកកម្ពស់សេដ្ឋកិច្ចនៅតាមទីជនបទដោះស្រាយបញ្ហាប្រឈមនៅតាមសហគមន៍ កាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើកកម្ពស់សុខភាព និងគាំទ្រដល់ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង បានបន្ថែមថា គម្រោងនេះមិនមែនគ្រាន់តែជាគម្រោងសាងសង់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគដ៏សំខាន់ទៅលើមនុស្ស ដោយកាត់បន្ថយភាពដាច់ឆ្ងាយនៃសហគមន៍នីមួយៗ កាត់បន្ថយពេលវេលានិងចំណាយធ្វើដំណើរ ព្រមទាំងបង្កើនលទ្ធភាពទទួលបានសេវាថែទាំសុខភាព ការអប់រំ និងឱកាសសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់សម្រាប់ជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានគូសរំលេចនូវសមិទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបតិ្តការកម្ពុជា-អាល្លឺម៉ង ដោយកន្លងមកប្រទេសអាល្លឺម៉ង់បានវិនិយោគសរុបប្រមាណ ៧៥,៥១៦លាន អឺរ៉ូ និង ៣១លាន Deutsche Mark (DM) ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតទាំងបីរូប បានបង្ហាញនូវឆន្ទៈមោះមុតក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍ និងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។



ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ឯកឧត្តម វង្សី វិស្សុត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះកាយវិការសប្បុរស និងថ្លៃថ្លារបស់សហភាពអឺរ៉ុប តាមរយៈមូលនិធិសហភាពអឺរ៉ុប (EU/AIF) រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងជាពិសេសជូនចំពោះប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ បារាំង និងសហភាពអឺរ៉ុប ដែលជាមិត្តល្អ ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជាក្នុងរយៈពេលជាង៣ទសវត្សរ៍កន្លងមក និងជឿជាក់ថា នឹងបន្តគាំទ្រ កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា ជំហានទី២ (RID4CAM Phase II) និងកិច្ចសហប្រតិបត្តការកាន់តែស៊ីជម្រៅយូរអង្វែងជាបន្តទៀត។
ក្នុងឱកាសនោះ ឯកឧត្តម វង្សី វិស្សុត បានផ្ដល់កិត្តិយសអញ្ជើញបញ្ជាគ្រឿងចក្រ ដើម្បីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩គីឡូម៉ែត្រ នៅខេត្តកំពង់ធំនេះផងដែរ។









































